អ្នកនិពន្ធ សុខ ចាន់ផល ប្រកាសឈប់តែងទំនុកបទចម្រៀងថ្មីទៀតហើយ

  • 2018-09-13 10:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនិពន្ធ សុខ ចាន់ផល បាន​តែង​បទ​ចម្រៀង សម្រាប់​ផលិតកម្ម ហង្ស​មាស រាប់​រាយ​បទ​មក​ហើយ បើ​គិត​តាំង​ពី​ចាប់​ផ្ដើម រហូត​មក​ដល់​បច្ចុប្បន្ន ដែល​បទ​ចម្រៀង​ចុងក្រោយ​របស់​លោក​និពន្ធ សម្រាប់​ភាពយន្ត រឿង «សង្សារ ១៤ ថ្ងៃ» ចំណង​ជើង​ថា​ «ខ្ញុំពីមុន» ច្រៀងដោយ កញ្ញា ឈិត សុវណ្ណបញ្ញា។

បទ «ខ្ញុំពីមុន» ច្រៀងដោយ កញ្ញា ឈិត សុវណ្ណបញ្ញា

ស្រាប់តែ លោក សុខ ចាន់ផល ប្រកាស​ក្នុង​បណ្តាញ​សង្គម Facebook ផ្លូវការ​របស់​ខ្លួន​ថា​រូបលោក​ឈប់​តែង​ទំនុក​ចម្រៀង​ថ្មី​ទៀត​ឡើយ បណ្តាល​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​ ពិសេស​សោក​ស្ដាយ​ស្នាដៃ​តែង​និពន្ធ​របស់​លោក។ ភ្លាមៗ ​Sabay ក៏​បាន​ទទួល​ការ​ស្រាយ​បំភ្លឺ​ថា កាល​ដែល​រូប​លោក​ប្រកាស​ឈប់​តែង​ទំនុក​បទ​ចម្រៀង​ថ្មី​ជា​ការ​ពិត តែ​លោក​មិន​ឈប់​ទាំង​ស្រុង​នោះ​ទេ រូប​លោក ក៏​នៅតែ​បន្ត​ការ​តែង​ទំនុក​ថ្មី តែ​សម្រាប់​តែ​បទ​ចម្រៀង​ក្រប​ភាពយន្ត​ ឬ​សម្រាប់​ប្រលោមលោក​ប៉ុណ្ណោះ។

លោក សុខចាន់ផល និងតួរឿង «សង្សារ ១៤ថ្ងៃ»

ចំណែក​ឯក​ចំនួន​បទ​ចម្រៀង ដែល​រូប​លោក​ទទួល​តែង​និពន្ធ គឺ​អាច​ត្រឹម​តែ ១ បទ ឬ ២ បទ ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ។ ការ​តាំង​ចិត្ត​បែប​នេះ អ្នកនិពន្ធ សុខ ចាន់ផល ពន្យល់​ថា​ដើម្បី​សម្រិតសម្រាំង​យក​គុណភាព​នៃ​បទ​ចម្រៀង​ថ្មី​។ រូបលោក ក៏​មាន​គោល​បំណង​ ថា​ ចម្រៀង​មួយ​បទ ដែល​រូប​លោក​នឹង​តែង​និពន្ធ​ទំនុក សម្រាប់​ផ្សារភ្ជាប់ ឬ​ជា​គ្រឹះ​នៃ​ភាពយន្ត​ថ្មី​តែ​ម្ដង​ គឺថា រូប​លោក​ចង់​ចាប់​ផ្ដើម​ការ​ផលិត​បទ​ចម្រៀង ជា​មួយ​ភាព​យន្ត​តែ​ម្ដង ដូច​កាល​សម័យ​សង្គម ដែល​សិល្បករ​ល្បី​ៗ ដូច​លោក​ ស៊ីន ស៊ីសាមុត ជាដើម​តែង​អនុវត្ត គឺ​ចម្រៀង​មួយ​បទ​រឿង​មួយ​ដែរ​៕

រូបសៀវភៅ «សង្សារ ១៤ថ្ងៃ»

អត្ថបទ៖ Sunny

អត្ថបទពេញនិយម