ស្វែងយល់ពីបទពិសោធន៍ នៃ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី និង​ឧបសគ្គ

  • 2018-09-22 04:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជោគជ័យ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ ៤ រូប ធ្លាប់​ឆ្លង​កាត់​នូវ​ឧបសគ្គ​ជាច្រើន ទាំង​ក្នុង​គ្រួសារ កន្លែង​ការងារ និង​មុខ​ជំនួញ បាន​ចែក​រំលែក​បទពិសោធន៍​ដែល​ពួកគាត់​បាន​ឆ្លង​កាត់​កន្លង​មក ទៅ​កាន់​ស្ត្រី ជា​សហគ្រិន និង​និស្សិត​ផ្សេង​ទៀត​ប្រមាណ​ជាង ២០០នាក់ ក្នុង​សន្និបាត​ក្រុមហ៊ុន​សហគ្រិន​ស្ត្រី​ប្រចាំ​ឆ្នាំ ស្ដីពី ស្ត្រី​ក្នុង​វិស័យ​វិនិយោគ កាល​ពី​ព្រឹក​ថ្ងៃទី ១៣ កញ្ញា កន្លងទៅ។

នៅ​លើ​វេទិកា​ជជែក​គ្នា អំពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ជុំវិញ​តើ​ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​ភាព​ចម្រុះ​រវាង​បុរស និង​ស្ត្រី​នៅ​គ្រប់​វិស័យ លោកស្រី ប៉ិច សុម៉ាលី នាយិកា​ក្រុមហ៊ុន​ផាយ​ផេយ៍ (Pi Pay) លើក​ឡើង​ថា “ស្ត្រី​នៅតែ​ប្រឈម​នឹង​ការ​ធ្វើ​ការងារ​ច្រើន រហូត​ដល់​ទៅ ៣ដង​នៃ​បុរស ក្នុង​នោះ​មាន​ទាំង​ការងារ​នៅ​ការិយាល័យ​ផង និង​ការងារ​ផ្ទះ​ផង។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ការងារ និង​ការ​សម្រេច​ចិត្ត​ផ្សេង​នៅ​ក្នុង​វិស័យ​ជំនួញ។

លោកស្រី ប៉ិច សុម៉ាលី នាយិកា​ក្រុមហ៊ុន​ផាយ​ផេយ៍

ចំណែក​លោក​ស្រី តែ មុយនី ប្រធាន​ផ្នែក​ទំនាក់​ទំនង​ពាណិជ្ជកម្ម នៃ​ធនាគារ ព្រីនស៍ បាន​បញ្ជាក់​នូវ​ចំណុច​ពីរ ដែល​ស្ត្រី​កំពុង​ប្រឈម​គឺ ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​ខ្វះ​ការ​លើក​ទឹកចិត្ត។

លោក​ស្រី តែ មុយនី ប្រធាន​ផ្នែក​ទំនាក់​ទំនង​ពាណិជ្ជកម្ម នៃ​ធនាគារ ព្រីនស៍

ស្រដៀងគ្នា​នេះ​ដែរ អ្នក​នាង​ថន ថាវរី សហគ្រិន​ស្ត្រី​វ័យ​ក្មេង​មួយ​រូប​លើក​ឡើង​ថា ស្ត្រី​ភាគច្រើន​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​វាយ​តម្លៃ​ខ្លួន​ឯង​ក្នុង​វិស័យ​ការងារ និង​មុខ​ជំនួញ ដោយ​អ្នកនាង​លើក​នូវ​របាយ​ការណ៍​របស់ Global Women ថា មាន​ស្ត្រី​តែ ៧​%​ប៉ុណ្ណោះ ដែល​ហ៊ាន​ចរចារ​ប្រាក់ខែ​ពេល​ចូល​ធ្វើ​ការ ខណៈ​បុរស​មាន​ដល់​ទៅ ៥០%។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​កំពុង​ឈម​ លោកស្រី ប៉ិច សុម៉ាលី បាន​បង្ហាញ​ផ្លូវ​ទៅ​កាន់​ស្ត្រី​ផ្សេង​ទៀត​ថា “ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តុល្យភាព​ការងារ​រវាង​បុរស និង​ស្ត្រី ទាំង​កិច្ចការ​ក្នុង​ការិយាល័យ ការងារ​ជំនួញ និង​ការងារ​ក្នុង​ផ្ទះ តាម​រយៈ​ការ​ជជែក​វែកញែក​គ្នា​ជាមួយ​ស្វាមី ឬ​អ្នក​ពាក់ព័ន្ធ”។

អ្នកនាង សុខនី អន នាយិកា​ក្រុមហ៊ុន​អ៊ីប៉ិអាត (Epic Art) ប្រាប់​ថា “ស្ត្រី​គ្រប់​រូប ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​បាន ត្រូវ​ផ្ដើម​ចេញ​ពី​ភាព​ក្លាហាន​ហ៊ាន​សម្រេច​ចិត្ត ប្រកប​ដោយ​ទំនុក​ចិត្ត និង​គ្រប់គ្រង​ខ្លួន​ឯង​ឲ្យ​បាន​ល្អ”។

អ្នកនាង សុខនី អន នាយិកា​ក្រុមហ៊ុន​អ៊ីប៉ិអាត

ជា​រួម​បើ​ទោះ​បី​តាម​បណ្ដា​ស្ថាប័ន​នានា​កំពុង​លើក​កម្ពស់​ស្ត្រី​ឲ្យ​មាន​ការ​ចូលរួម​យ៉ាងណា ក៏​សមភាព​ស្ត្រី និង​បុរស​នៅ​ក្នុង​វិស័យ​ការ និង​មុខ​ជំនួញ​នៅតែ​មិនទាន់​ទទួល​យក​បាន ដោយសារ​កត្តា​ស្ត្រី​ខ្លួន​ឯង​ផ្ទាល់​ដែល​គ្មាន​ទំនុក​ចិត្ត ខ្វះ​ការ​លើក​ទឹក​ចិត្ត និង​បរិយាកាស​សង្គម និង​វប្បធម៌​ចេះតែ​ច្រាន​ស្ត្រី​ទៅ​ខ្ទប់​នឹង​ការងារ​ចង្ក្រាន​ជើង​ឆ្នាំង។

ដូច្នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ស្ត្រី​ឆ្នើម​ខាង​លើ ដើម្បី​ជំរុញ​ឲ្យ​ស្ត្រី​កាន់តែ​មាន​ភាព​ស្មើគ្នា នឹង​បុរស​គឺ​មាន​កត្តា​បី ទី​មួយ​ការ​លើក​ទឹកចិត្ត​ពី​ក្រុម​គ្រួសារ ការ​ផ្ដល់​ឱកាស​ពី​កន្លែង​ការងារ និង​ដៃ​គូរ​ពាណិជ្ជកម្ម និង​មជ្ឈដ្ឋាន​សង្គម​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​លើ​ស្ត្រី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ។

សូមទស្សនាវីដេអូ

អត្ថបទ៖ ឈិន ធារ៉ាត់

អត្ថបទពេញនិយម