Liam Payne ត្រៀម​ខ្លួន​សម្ដែង​ក្នុង​ភាពយន្ត​បែប​តន្ត្រី​មួយ​ពី​កំពូល​អ្នក​ដឹក​នាំ​រឿង Steven Speilberg

  • 2018-09-25 03:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​អតីត​សមាជិក​ក្រុម​ចម្រៀង​ One Direction, Harry Styles បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​ "Dunkirk” របស់​អ្នក​ដឹក​នាំ​រឿង Christopher Nolan ពេល​នេះ​សមាជិក​មួយ​រូប​ទៀត​ Liam Payne នឹង​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដែរ​ហើយ។

កំពូល​អ្នក​ដឹក​នាំ​រឿង Steven Speilberg ល្បី​ឈ្មោះ​តាម​រយៈ​ការ​ដឹក​នាំ​ភាពយន្ត​ជា​ច្រើន​ដូច​ជា Jurassic Park និង Indiana Jones ជា​ដើម​ បាន​គ្រោង​ទាក់​ទង​តារា​ចម្រៀង​ Liam Payne ដើម្បី​​ថត​ភាពយន្ត​បែប​តន្ត្រី "West Side Story” ដែល​នឹង​ជា​ភាពយន្ត​ផលិត​ឡើង​វិញ​​ពី​ភាពយន្ត​ដើម​បញ្ចេញ​ឆ្នាំ ១៩៦១។ មុន​នឹង​មាន​សិទ្ធិ​ផលិត​ភាពយន្ត​នេះ Steven បាន​ចំណាយ​ពេល​វេលា​ដល់​ទៅ ១៥​ឆ្នាំ​ដើម្បី​ទទួល​បាន​សិទ្ធិ​ផលិត​។ គម្រោង​នេះ​នឹង​អាច​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​ក្រោយ​។

បើ​តាម​ប្រភព​មួយ​ប្រាប់​សារព័ត៌មាន​ The Sun បាន​ឲ្យ​ដឹង​ថា Liam ពិត​ជា​សប្បាយ​រីក​រាយ​ដែល​បាន​ជាប់​ឈ្មោះ​ក្នុង​ការ​ជ្រើស​រើស​តួ​ ដោយ​ខ្លួន​ស្ថិត​នៅ​ក្នុង​គោល​ដៅ​ដែល​ចង់​បាន​គឺ តារា​ចម្រៀង​ប្រុស​វ័យ៧​១៥​ទៅ​២៥​ឆ្នាំ អាច​ច្រៀង​រាំ​និង​សម្ដែង​បាន​ល្អ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ Harry Styles ក៏​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការ​សម្ដែង​ក្នុង​ភាពយន្ត​ថ្មី​នេះ​ដូច​គ្នា។

ឈុត​មួយ​ពី​ក្នុង​រឿង "West Side Story" បញ្ចេញ​ឆ្នាំ ១៩៦១

ភាពយន្ត "West Side Story” ទទួល​បាន​ពាន​អូស្ការ​ដល់​ទៅ​១០ ពេល​ភាពយន្ត​នេះ​ទើប​តែ​បញ្ចេញ​នៅ​ឆ្នាំ ១៩៦១​។ ដូច្នេះ​នេះ​អាច​ជា​គម្រោង​ដ៏​ល្អ​មួយ​សម្រាប់ Liam ប្រសិន​ជា​ជោគជ័យ​ក្នុង​ដំណាក់​កាល​ជ្រើស​រើស​តួ​សម្ដែង។ គូស​បញ្ជាក់​ដែរ​ថា​អ្នក​ដឹក​នាំ​រឿង Steven Speilberg នឹង​ក្លាយ​ជា​ផលិតករ​សម្រាប់​ភាពយន្ត​ដ៏​ធំ​មួយ​នៅ​ឆ្នាំ​ក្រោយ​ ដែល​មាន​ចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ​ដូច​ជា Ian McKellen, Taylor Swift និង Jennifer Hudson ជា​ដើម៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី