Apple មិនខ្ចីពឹងលើ Facebook ដូចក្រុមហ៊ុនដទៃ ដឹង​ហេតុអ្វី​ទេ?

  • 2018-10-03 07:23:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​​បណ្ដាញ​សង្គម​ធំៗ​ឃើញ​​មាន​ទំព័រ​ Apple ដែល​មាន​អ្នក​គាំទ្រ​ច្រើន​លើសលប់។ យ៉ាងណាក្ដី​នៅ​លើ​ទំព័រ​តាម​បណ្ដាញ​នីមួយៗ​​ដូច​ជា​ Facebook ឬ Twitter កម្រ​ឃើញ​មាន​ Apple បង្ហោះ​សារ​ផ្សាយ​ពី​ផលិត​របស់​ខ្លួន ដូច​ជា​ក្រុមហ៊ុន​ដទៃ​ណាស់។

ចំណែក​នៅ​លើ​បណ្ដាញ​ YouTube វិញ​ Apple រាង​សកម្ម​បន្តិច​​ដោយ​ឧស្សាហ៍​បង្ហោះ​វីដេអូ​ជា​ញឹកញាប់ ប៉ុន្តែ​គ្រប់​វីដេអូ​ទាំង​អស់​មិន​មាន​បើក​ដៃ​ឲ្យ​ទស្សនិកជន​បញ្ចេញ​មតិ​នោះ​ឡើយ។ លើ​ Instagram ក៏​​ឃើញ​ Apple មាន​សកម្មភាព​ណាស់​ដែរ ​ប៉ុន្តែ​ Apple បាន​ចាត់​ទុក​វា​ត្រឹម​ជា​សាល​បង្ហោះ​រូបភាព​មួយ មិន​មែន​ដើម្បី​បង្កើត​ទំនាក់ទំនង​ជា​មួយ​អតិថិជន​នោះ​ទេ។

​​ដោយ​ឡែក​​ផលិតផល​ឌីជីថល​មួយ​ចំនួន​ដូច​ជា​ Apple Music ឬ App Store មាន​គណនី​ Twitter ដែល​មាន​ភាព​សកម្ម​ឆ្លើយឆ្លង​ជា​មួយ​អតិថិជន។ បុគ្គល​ល្បីៗ​មួយ​ចំនួន​នៅ​​ក្រុមហ៊ុន​នេះ​​ក៏​មាន​គណនី​ Twitter ដែល​សកម្ម​ផង​ដែរ ដូច​ជា​លោក​ Tim Cook ជា​ដើម។ ប៉ុន្តែ​កម្រ​ឃើញ​បង្ហោះ​សារ​និយាយ​ទាក់ទង​នឹង​ផលិតផល​របស់​ខ្លួន ផ្ទុយ​ស្រឡះ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ​ទៀត។

​ជា​ការ​ពិត​បណ្ដាញ​សង្គម​អាច​ផ្ដល់​ផល​ប្រយោជន៍​​ធំៗ​ចំនួន​បី​ ​ដែល​ល្អ​ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត រួម​មាន​​ការ​ Feedback (បញ្ចេញ​មតិ​ប្រតិកម្ម), បង្កើន​ចំនួន​លក់ និង​ការ​ឃោសនា។ នេះ​អាច​ជា​ផល​ប្រយោជន៍​សម្រាប់​ម៉ាក​សញ្ញា​ដទៃ​ ប៉ុន្តែ​មិន​ចំពោះ​ Apple នោះ​ទេ។

​​១.​ការ​បញ្ចេញ​មតិ​ប្រតិកម្ម

Apple មិន​ពឹង​ផ្អែក​លើ​ការ​​បញ្ចេញ​មតិ​របស់​អ្នក​ប្រើ​ប្រាស់​ដើម្បី​កែច្នៃ​ផលិតផល​របស់​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ដូច​ក្រុមហ៊ុន​ដទៃ​នោះ​ទេ។ ​គំនិត​ច្នៃ​​ប្រឌិត​ភាគ​ច្រើន​​របស់​ Apple គឺ​កើត​មាន​ជា​លក្ខណៈ​ផ្ទៃ​ក្នុង​ ហេតុ​ដូច​នេះ​ Apple មិន​ត្រូវ​ការ​មតិ​របស់​អ្នក​ប្រើ​ប្រាស់​នោះ​ទេ។ បន្ថែម​ពី​នេះ​ Apple អាច​រក​ក្រុម​មនុស្ស​​មួយ​ក្រុម​ដើម្បី​ទទួល​បាន​ការ Feedback ពី​​ផលិតផល​​មួយ ដោយ​មិន​ចាំ​បាច់​មាន​ភាព​សកម្ម​លើ​​បណ្ដាញ​សង្គម​ណា​មួយ​នោះ​ទេ។

២. បង្កើន​ការ​លក់​

​ការ​បង្កើន​ចំនួន​លក់​តាម​បណ្ដាញ​សង្គម​មាន​ដូច​ជា​​ការ​បញ្ចុះ​តម្លៃ, ទិញ​មួយ​ថែម​មួយ និង​ចូល​រួម​កម្មវិធី​ប្រកួត​ប្រជែង​ដើម្បី​បាន​រង្វាន់​ជា​ដើម ហើយ​នេះ​មិន​មែន​ជា​ការ​ផ្សព្វផ្សាយ​បែប​​អាជីព​ដែល​ Apple ចង់​បាន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ Apple សុខ​ចិត្ត​ចាយ​លើ​ការ​​ផ្សព្វ​ផ្សាយ​​បែប​​ឡូយ​ឆាយ​ដូច​ជា​​ផលិត​វីដេអូ​ស្ប៉ត​ចាក់​​តាម​ទូរទស្សន៍ ឬ​ ផ្ទាំង​ពាណិជ្ជកម្ម​ជា​ដើម។

៣. ការ​ឃោសនា

Apple រក្សា​ការ​សម្ងាត់​បាន​យ៉ាង​ល្អ​បំផុត​លើ​ផលិតផល​ថ្មីៗ​ដែល​ត្រៀម​ប្រកាស​ចេញ​របស់​ខ្លួន មិន​ដូច​​ក្រុមហ៊ុន​ផ្សេង​ដូច​ជា​ OnePlus ជា​ដើម​នោះ​ដែល​តែង​តែ​បង្ហើប​ចំណុច​ពិសេស​ខ្លះៗ​ពី​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន។ ការ​ប្រកាស​ផលិតផល​ថ្មី​របស់​ Apple ធ្វើ​ឡើង​ក្នុង​ទីស្នាក់ការ​របស់​ខ្លួន ដែល​បាន​អញ្ជើញ​បុគ្គល​ល្បីៗ​ជា​ច្រើន​ឲ្យ​ចូល​រួម ដើម្បី​​ឲ្យ​ផ្សព្វផ្សាយ​ផលិតផល​ជំនួស​ខ្លួន៕​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី