អ្នក​និពន្ធ​បទ "ភ្ជុំ​បិណ្ឌ​នឹក​ស្រុក" ឆ្លើយ​តប​វិញ ក្រោយ​បទ​ខ្លួន​ប្រឈម​នឹង​ការ​បិទ

  • 2018-10-04 05:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​ទំនុក​ច្រៀងបទ "ភ្ជុំ​បិណ្ឌ​នឹក​ស្រុក" លោក ងួន សុបិន្ត បាន​ចេញ​មុខ​​ឆ្លើយ​តប​វិញ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​បទ​ចម្រៀង​របស់​ខ្លួន​ដែល​ចេញ​លើ​​ទីផ្សារ​យូរ​ឆ្នាំ​ហើយ ប្រឈម​នឹង​ការ​បិទ​លែង​ឲ្យ​ចាក់​ផ្សាយ។

“វា​ដូច​ជា​អត់​មាន​ប្លែក​ទេ​បង គាត់​គិត​តែ​មួយ​ជ្រុង...ខ្ញុំ​កំពុង​ឆ្ងល់​...ថា​តើ​សុំ​បិទ​រឿង​អី...ហើយ​បទ​ខ្ញុំ​ហ្នឹង​មិន​មែន​ទើប​នឹង​ចេញ​ទេ គឺ​ចាញ់​តាំង​យូរ​ហើយ បើ​ចង់​បិទ ក៏​មិន​បិទ​តាំង​ពី​យូរ ហេតុ​អី​ទើប​មក​ប្រតិកម្ម​ឥឡូវ​នេះ"។ សុបិន្ត បន្ត​ថា បទ​របស់​លោក មិន​សំដៅ​ជា​ទូទៅ​ទេ គឺ​គ្រាន់​ចង់​បង្ហាញ​រឿង​រ៉ាវ​ខ្លះ ដែល​ថា អាច​មាន​រោង​ចក្រ​ខ្លះ​បើក ខ្លះ​អាច​មិន​បើក​ប្រាក់​ខែ​ទាន់​ឲ្យ​កម្មករ​ប៉ុណ្ណោះ។

បទ "បិណ្ឌ​ភ្ជុំ​នឹក​ស្រុក" ច្រៀង​ដោយ​លោក ម៉ៅ ហាជី ចេញ​លើ​ទីផ្សារ​តាំង​ពី​ប្រមាណ​ជាង​២​ឆ្នាំ​មុន ពោល​គឺ​តាំង​អ្នកនិពន្ធ នៅ​ជា​បុគ្គលិក​របស់​ថោន​ម្ល៉េះ ប៉ុន្តែ​បច្ចុប្បន្ន​លោក​បាន​ចាក​ចេញ​ពី​ផលិតកម្ម​នេះ​ប្រមាណ ២​ឆ្នាំ​ហើយ។ បទ​នេះ ត្រូ​វបាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្នើ​​កាល​ពី​ម្សិលមិញ សុំ​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ចាត់​វិធានការ​ផ្អាក​ការ​ប្រើប្រាស់ និង​ផ្សព្វផ្សាយ។

ក្រសួង​ការងារ លើក​ឡើង​ថា  អត្ថន័យ និង​ឃ្លា​មួយ​ចំនួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​យក​ចិត្ត​ទុកដាក់ និង​ផ្ដល់​កិច្ច​គាំពារ​ដល់​កម្មករ និយោជិត ត្រង់​ឃ្លា "កម្មករ​និយោជិត មិន​ទាន់​បើក​ប្រាក់​ខែ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ធ្វើឲ្យ​កម្មករ និយោជិត មិន​បាន​ទៅ​ស្រុក​កំណើត​ទៅ​លេង​ម៉ែ​ពុក បាន​ត្រឹមតែ​ស្រក់​ទឹកភ្នែក ហើយ​បាន​ទូរសព្ទ​ប្រាប់​ម៉ែ​ពុក បន្ទាប់ពី​ភ្ជុំបិណ្ឌ​រួចហើយ បាន​អាច​ទៅ​លេង​ស្រុក​កំណើត"

ជុំវិញ​បញ្ហា​នេះ គេ​នៅ​មិន​ទាន់​ឃើញ​ក្រសួង​ទាំង​ពីរ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​ក្រសួង​ការងារ គិត​ត្រឹម​ម៉ោង ១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ៤ តុលា ២០១៨​នេះ។ រដ្ឋមន្ត្រី នៃ​ក្រសួង​ទាំង​ពីរ ក៏​មិន​ទាន់​អាច​ទំនាក់ទំនង​បាន​ដែរ។

បើ​ទោះ​ចម្លើយ​តប​ក្រសួង​ទាំង​ពីរ​វិជ្ជមាន​ចំពោះ​ការ​ស្នើ​សុំ​ក៏​ដោយ លោក ងួន សុបិន្ត បញ្ជាក់​ថា លោក​មិន​សោកស្ដាយ​អ្វី​ឡើយ​ចំពោះ​ស្នាដៃ​របស់​លោក​មួយ​នេះ។ "មិន​ដឹង​សោកស្ដាយ​ធ្វើ​អី​ផង​បង ព្រោះ​វា​មិន​មាន​បញ្ហា​អី​ផង បទ​ចេញ​ពី​តាំង​យូរ​ហើយ គេ​អ្នក​ច្រៀង ក៏​គេ​ច្រៀង​រក​លុយ​បាន​ឆ្អែត​ហើយ ហើយ​គេ​ក៏​ស្គាល់​ច្រើន​ទៀត​ហើយ គាត់​ទើប​នឹង​មក​ប្រតិកម្ម អីចឹង​ស្ដាយ​ធ្វើ​អី!”។

ងាក​មក​លោក មាស សុខ​រតនៈ ជា​នាយក​គ្រប់​គ្រង​ផលិតកម្ម​ថោន​វិញ មិន​បាន​សម្ដែង​ប្រតិកម្ម​អ្វី​ឡើយ ចំពោះ​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​បទ​ចម្រៀង​របស់​ខ្លួន ពោល​គឺ​លោក​មិន​បាន​ឆ្លើយ​តប​ទេ ចំពោះ​ការ​សាកសួរ​តាម​រយៈ​សារ​អេឡិចត្រូនិក​ទៅ​លោក​នា​ព្រឹក​នេះ បើ​ទោះ​លោក​បាន​ឃើញ​ហើយ​ក៏​ដោយ៕

អត្ថបទ៖ ទារិកា