កំពូលអ្នកគាំទ្រខ្មែរគ្រោងធ្វើឲ្យកក្រើកផ្អើលស្តាតស្អែកនេះ
- 2018-11-06 23:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលអ្នកគាំទ្រខ្មែរគ្រោងធ្វើឲ្យកក្រើកផ្អើលស្តាតស្អែកនេះ
ចន្លោះមិនឃើញ
ពូ ឈីវ ដែលត្រូវបានអ្នកស្នេហាវិស័យបាល់ទាត់កម្ពុជាស្គាល់ថាជាកំពូលអ្នកគាំទ្របាល់ទាត់កម្ពុជាក្នុងការបំផុសគំនិតដល់មហាជនឲ្យចាប់អារម្មណ៍នោះគ្រោងរៀបចំផែនការដ៏អស្ចារ្យដើម្បីធ្វើឲ្យផ្អើលពហុកីឡដ្ឋានជាតិនៅពេលក្រុមកម្ពុជាទទួលស្វាគមន៍ក្រុមម៉ាឡេស៊ីនាថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកាស្អែកនេះ។
ពូ ឈីវ បានរៀបចំថា លោកបានប្រមូលអ្នកគាំទ្រទាំងអស់ពីក្លឹបផ្សេងៗនៃលីគកំពូលកម្ពុជាដើម្បីរៀបចំសកម្មភាពគាំទ្រដល់ក្រុមកម្ពុជា។ ក្រុមអ្នកគាំទ្រប្រហែលជាង២០០នាក់ដែលមានរហស្សនាមថា «កងទ័ពអង្គរ»ដែលឈ្មោះតាំងពីឆ្នាំ២០១៦ ប៉ុន្តែមិនទាន់បានធ្វើសកម្មភាព។ ក្នុងចំណោមអ្នកគាំទ្រទាំងនេះត្រូវបានបែងចែកជា១០ក្រុមដែលមានប្រធានក្រុមនីមួយៗស្វែងរកសមាជិកយ៉ាងតិច១០នាក់ទៀតដើម្បីបង្កើតសមាជិកឲ្យកាន់តែច្រើន។ ការធ្វើសកម្មភាពនេះបានស្នើសុំការអនុញ្ញាតពីសហព័ន្ធបាល់ទាត់កម្ពុជាត្រឹមត្រូវដើម្បីដាក់គោលដៅតាមទីតាំងឲ្យច្បាស់លាស។
សម្រាប់របៀបវារៈគឺមានចម្រៀង៥បទគឺមានបទ«ដែនដីខ្មែរ» បទ«អារ៉ាប៊ីយ៉ា» មានរបៀបច្រៀងពេលកីឡាករដើរចូលទីលាន ពេលកីឡាករទាត់ហ្វ្រីឃីក ពេលកីឡាករស៊ុតចូលជាដើមដែលទាំងនេះសុទ្ធតែបទខ្មែរ។ យ៉ាងណាប្រហែលមានច្រៀងខ្លះមានបទអង់គ្លេស ពីព្រោះប្រកួតជាមួយក្រុមក្រៅប្រទេស។
ក្រុមរបស់លោកបានប្រមូលផ្តុំគ្នាហ្វឹកហាត់កាលពីថ្ងៃអាទិត្យកន្លងទៅ ប៉ុន្តែមិនបានច្រើនថ្ងៃទេដោយសារពេលវេលាដល់ហើយ។ ថ្ងៃពុធនេះលោកហៅប្រធានក្រុមនីមួយៗដើម្បីរៀបចំសម្ភារៈដូចជា បដា ពាក្យស្លោក អាវយឹត និងទង់ជាដើមដើម្បីសម្រាប់ប្រើពេលធ្វើសកម្មភាព។
ពូ ឈីវ បន្តថា នៅព្រឹកថ្ងៃទី៨ លោកនឹងដឹកនាំប្រធានទាំង១០ទៅពហុកីឡដ្ឋានទាំងព្រឹកដើម្បីរៀបចំសម្ភារៈ ចងបដា ពាក្យស្លោកតាមទីតាំងមួយចំនួន។ ចំពោះសមាជិកបើអាចទៅជួយពេលព្រឹកក៏អាចចូលរួមបាន ប៉ុន្តែបើមិនអាចទេគឺចូលរួមជួបជុំពេលរសៀលបានដើម្បីដឹងអំពីផែនការសកម្មភាពទាំងអស់គ្នា។
ជាមួយគ្នានេះផងដែរ ក្រុមការងាររបស់លោកមានអាវយឹត និងក្រមាខ្មែរចែកជូនដល់សមាជិកគាំទ្រទាំងអស់។ សម្រាប់ការធ្វើសម្ភារៈ ស្គរ ឧបករណ៍បំពងសំឡេង អាវយឹត ទង់ជាតិ ក្រមាខ្មែរគឺសមាជិកក្រុមចូលរួមវិភាគទានលទ្ធភាព។ អ្នកខ្លះ១០ដុល្លារ អ្នកខ្លះ៥ដុល្លារ ៣ដុល្លារ ១ដុល្លារ ហើយអ្នកខ្លះអត់ដែរ។ ក្រៅពីនោះលោកចេញការចំណាយខ្លួនឯងទាំងអស់។
ពូ ឈីវ ប្រាប់ទៀតថា ទាំងមុនពេលប្រកួត និងកំឡុងពេលប្រកួត ប្រធានក្រុមម្នាក់ៗកាន់មេក្រូប្រកាសប្រាប់ដល់សមាជិក និងអ្នកគាំទ្រនៅស្តាតឲ្យចូលរួមធ្វើសកម្មភាពទាំងអស់គ្នាដូចជាពេលស្រែកហ៊ោគឺស្រែកទាំងអស់គ្នា។ ពេលទះដៃត្រូវទះដៃទាំងអស់គ្នា ហើយពេលក្រោកឈរត្រូវក្រោកឈរទាំងអស់គ្នា។
ចំពោះសំបុត្រចូលទស្សនាវិញ សមាជិកក្រុមម្នាក់ៗត្រូវដោះស្រាយដោយខ្លួនឯង ពីព្រោះតម្លៃក៏មិនថ្លៃ ហើយមានលក់ច្រើនកន្លែងដែលងាយស្រួលរកទិញបំផុតឥឡូវនេះ។
អ្នកគាំទ្ររូបនេះបញ្ជាក់ថា ចាំមើលវាស់វែងលើសកម្មភាពដែលធ្វើពេលកម្ពុជាប្រកួតជាមួយម៉ាឡេស៊ីទទួលបានជោគជ័យកម្រិតណា មុនពេលរៀបចំផែនការបន្តទៀតនៅពេលកម្ពុជាប្រកួតជាមួយឡាវ។
ចុងក្រោយ ពូ ឈីវ បានប្រកាសដល់អ្នកគាំទ្រទាំងអស់អាចចូលរួមអង្គុយ និងធ្វើសកម្មភាពជាមួយក្រុម«កងទ័ពអង្គរ»បានដោយសេរី ទោះជាពួកគាត់មិនមានឈ្មោះ មិនបានចូលលុយកាក និងរៀបចំអ្វីក៏ដោយ។ ការចូលរួមសកម្មភាពអ្នកគាំទ្រផ្សេងៗគឺជាជោគជ័យរបស់បាល់ទាត់កម្ពុជាទាំងអស់គ្នា៕