តារា​ស្រី​ខ្មែរ​ល្បី​ៗ​ប៉ុន្មាន​ដួង ជាប់​មន្ទិល​ស្នេហ៍​ជាមួយ​បុរស​អាថ៌កំបាំង ស្រាយ​មិន​ទាន់​ចេញ​សោះ

  • 2018-11-14 04:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ចំណង​ស្នេហ៍​របស់​តារា​ល្បី​ៗ មិន​មែន​ចេះ​តែ​បើក​ទម្លាយ​ឲ្យ​មហាជន​ដឹង​ងាយ​ៗ​ទេ ដោយ​សារ​តែ​ខ្លាច​ប៉ះពាល់​ដល់​ទីផ្សារ​ការងារ។ ជាក់​ស្ដែង ខេមរៈ សិរីមន្ត ខាន់ ជេមស៍ ឱក សុគន្ធ​កញ្ញា ក្រោយ​ពី​ព្យាយាម​ធ្វើ​មិន​ដឹង​មិន​លឺ​ច្រើន​ឆ្នាំ ទី​បំផុត ក៏​សុខ​ចិត្ត​ទម្លាយ​ចេញ​រៀង​ៗ​ខ្លួន ប៉ុន្តែ​មិន​ឃើញ​ថា ប៉ះពាល់​ដល់​ការងារ​របស់​ពួក​គេ​អ្វី​ទេ ពោល​គឺ​ពួក​គេ​នៅ​តែ​មមាញឹក​នឹង​អាជីព​របស់​ខ្លួន​ដដែល។

យ៉ាង​នេះ​ក្ដី ត្បិត​ថា​៣នាក់ បាន​បើក​ទម្លាយ​ហើយ​ក៏​ដោយ ប៉ុន្តែ​នៅ​មាន​តារា​ស្រី​ល្បី​ៗ​៣​ដួង​ផ្សេង​ទៀត នៅ​តែ​ចង​ជាប់​នឹង​មន្ទិល​ស្នេហ៍​ជាមួយ​បុរស​លាក់​មុខ​ដដែល ច្រើន​ខែ ឆ្នាំ​មក​ហើយ​រក​មុខ​ពិត​ប្រាកដ​មិន​ទាន់​ឃើញ។ ពួក​គេ​ទាំង​នោះ​មាន៖

សុខ ពិសី៖ មិន​តិច​ឆ្នាំ​ឡើយ ដែល​តារា​ចម្រៀង​សំឡេង​ស្រទន់ សុខ ពិសី រង​មន្ទិល​ស្នេហ៍​ស្រាយ​មិន​ទាន់​ចេញ។ បុគ្គល​ជា​ដៃគូ​របស់ ពិសី ត្រូវ​បាន​គេ​លើក​ដាក់​ថា ជា​លោក ឡាយ សុក​ចំរើន អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម​សាន់ដេ ដែល​ជា​មេ​កើយ​នាង​ផ្ទាល់​តែ​ម្ដង។ ទំនាក់ទំនង​នេះ ពួក​គេ​រមែង​បង្កើត​ភាព​ស្និទ្ធស្នាល​ពី​ក្រោយ​កំបាំង​ភ្នែក​ទស្សនិកជន តែ​នៅ​ខាង​មុខ ពួក​គេ​ឲ្យ​មហាជន​មើល​ឃើញ​ថា ពួក​គេ គ្រាន់​ជា​កូនចៅ និង​មេ​កើយ​ប៉ុណ្ណោះ។

កាល​ពី​ចុង​ឆ្នាំ​មុន មាន​លេច​ធ្លាយ​រូប​ថត​នាង​ថត​បែរ​ខ្នង​ជាមួយ​បុរស​ម្នាក់ ដែល​មាន ភិន​ភាគ​ដូច​អ្នក​ចាត់​ការ​ទូទៅ។ ប៉ុន្តែ​សាមី​ខ្លួន មិន​បាន​ស្រាយ​បញ្ជាក់​ឡើយ។សំខាន់​ជាង​នេះ ទៀត ក៏​មាន​ការ​រាយការណ៍​ថា ពួក​គេ​បាន​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ជាមួយ​គ្នា​ទៀត​ផង ហើយ​ភាគី​ខាង​ប្រុស​ស្រឡាញ់​ពេញចិត្ត​ខាង​ស្រី​ខ្លាំង​ណាស់ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​តារា​ស្រី​រូប​នេះ​ខ្លាំង។

ជាក់​ស្ដែង​ការ​ចាក​ចេញ​របស់​តារា​រួម​ទ្រនំ​ដូច​ជា កែវ វាសនា(មក​វិញ​ហើយ) សុខ ស្រី​នាង និង​ចុង​ក្រោយ​គេ ខេមរៈ សិរីមន្ត ទៅ​ថោន និង​ហង្សមាស រៀង​ខ្លួន​នោះ ក៏​ល្បី​មាន​ពាក់​ព័ន្ធ​នឹង សុខ ពិសី ដែរ។ ចចាមអារ៉ាម​នោះ​គឺ​ថា អ្នក​ចាត់​ការ រវល់​តែ​ជាមួយ ពិសី មិន​សូវ​អើពើ​នឹង​តារា​ចម្រៀង​ផ្សេង​ឡើយ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ដើរ​ចេញ​រៀង​ខ្លួន។

យ៉ាង​នេះ​ក្ដី ទាំង​លោក ឡាយ សុក​ចំរើន និង សុខ ពិសី មិន​ដែល​ចេញ​មក​អះអាង​មុតមាំ​ពី​ករណី​នេះ​ទេ។ ប៉ុន្តែ សុខ ពិសី ធ្លាប់​ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ថា មិន​មែន​ជា​ការ​ពិត​ទេ ប៉ុន្តែ​នាង​ថា ជា​អ្នក​សិល្បៈ​ដូច​នាង ចៀស​មិន​ផុត​ពី​ការ​ទាញ​ភ្ជាប់​អាស្រូវ​ស្នេហា​ជាមួយ​បុរស​មួយ​ចំនួន​នោះ​ឡើយ។

សុខ សោម៉ាវត្តី៖ អ្នក​មេម៉ាយ​រូប​ស្រស់ ពូកែ​ក្រមិចក្រមើម​រូប​នេះ ក៏​មិន​តិច​ឆ្នាំ​ហើយ​ដែរ ដែល​នាង​បាន​រង​ចចាមអារ៉ាម​មាន​ទំនាក់ទំនង​ស៊ី​ជម្រៅ​ជាមួយ​កីឡាករ​បាល់​ទាត់​រូប​សង្ហារ លី វ៉ា​ហេទ។ ចចាមអារ៉ាម​នេះ បាន​កើត​ឡើង ក្រោយ​ពី​ពួក​គេ​បាន​ជួប និង​ស្គាល់​គ្នា​ដំបូង​តាម​រយៈ​សម្ដែង​រឿង​រួម​គ្នា "ខូច​ចិត្ត​អាជីព" កាល​ពី​ឆ្នាំ ២០១៦។ ក្រោយ​ចប់​រឿង​នេះ​មក ពួក​​គេ​ទាំង​ពីរ នៅ​បាន​បន្ត​ភាព​ជិត​ស្និទ្ធ​នៅ​ក្រៅ​រឿង​ថែម​ទៀត និង​កាន់​តែ​ស្អិតល្មួត​ឡើង​ៗ។

ជា​រឿយ​ៗ គេ​ពួក​គេ​ពួក​ធ្វើ​ដំណើរ​កម្សាន្ត​លក្ខណៈ​ឯកជន​ជាមួយ​គ្នា ក្នុង​នោះ មិន​ត្រឹម​តែ​ក្នុង​ស្រុក​ទេ គឺ​រហូត​ដល់​បរទេស​ទៀត។ ជាក់​ស្ដែង​កាល​ពី​ខែ​មីនា សោម៉ា​វត្តី បាន​តាម​ទៅ​គាំទ្រ វ៉ាហេទ ដល់​ប្រទេស​សិង្ហបុរី​ទៀត ក្នុង​ពេល​ដែល​ខាង​ប្រុស ជាប់​កាតព្វកិច្ច​ជាមួយ​ក្រុម​បឹង​កេត ប្រកួត​ជា​មួយ Home United របស់​សិង្ហបុរី ក្នុង​ពាន​រង្វាន់ AFC Cup 2018 ។ វីដេអូ​ផង រូបភាព​ផ្អែម​ល្ហែម​ផង​របស់​ពួក​គេ មាន​ពាសពេញ​លើ​បណ្ដាញ​សង្គម ពិសេស​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ខាង​ប្រុស​កាល​ពី​ខែ​ឧសភា ខាង​ស្រី​បាន​ផ្ដល់​ការ​ថើប​ថ្ពាល់​ជា​កាដូ​សម្រាប់​​ប្រុស​ស្អាត​ផង។

នៅ សុនិតា៖ ធៀប​នឹង​តារា​ស្រី​២​ដួង​ខាង​លើ​ករណី នៅ សុនិតា ហាក់​ក្ដៅ​គគុក​ជាង ដោយ​សារ​ចចាមអារ៉ាម ទើប​នឹង​កើត​ឡើង​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ ដំបូង​ឡើយ តារា​ស្រី​រូប​នេះ បាន​រង​ព័ត៌មាន​ជាមួយ​បុរស​អ្នកមាន និង​កាន់​តំណែង​ខ្ពស់​មួយ​ចំនួន ក្នុង​នោះ​មាន​ទាំង​លោក​ផ្កាយ ៣ និង​កូន​ថៅកែ​អចលនទ្រព្យ​មួយ​ផង ក្រោយ​ពី​គេ​បាន​ឃើញ​ភាព​ហ៊ឺហា​របស់​នាង​ជាមួយ​វិឡា​ស្កឹមស្កៃ ដែល​គេ​សង្ស័យ​ថា ជា​ជំនួយ​ពី​ក្រោយ​របស់​បុរស​លាក់​មុខ​ទាំង​នោះ។

ប៉ុន្តែ​ចុង​ក្រោយ​បំផុត​នេះ សុនិតា ស្រាប់​តែ​មាន​ចចាមអារ៉ាម​ស្នេហ៍​ជាមួយ​លោក ទិត្យ ថាវរិទ្ធ អគ្គនាយករង​ទូរទស្សន៍​បាយ័ន​ទៅវិញ។ ទំនាក់ទំនង​មួយ​នេះ កាន់​តែ​ស្អិតល្មួត និង​ត្រូវ​បាន​គេ​សង្ស័យ​ថា ពួក​គេ​បាន​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ ជាមួយ​គ្នា​នៅ​ក្នុង​បុរី​ ប៉េង ហួត ផង។ ស្រដៀង​គ្នា​នឹង សុខ ពិសី ដែរ សុនិតា បាន​ធ្លាយ​ចេញ​រូប​ថត​ស្និទ្ធស្នាល​ថត​ពី​ក្រោយ​ជាមួយ​បុរស​អាថ៌កំបាំង​ម្នាក់​កាល​ពី​ប៉ុន្មាន​ខែ​មុន មាន​ភិនភាគ​ស្រដៀង​នឹង​លោក​អគ្គនាយក​រង ធ្វើ​ឲ្យ​ការ​សង្ស័យ​ខាង​លើ មាន​ភាគ​រយ​កាន់​តែ​ច្រើន ថា​អាច​ជា​ការ​ពិត។

ជាង​នេះ​ទៅ​ទៀត ក៏​មាន​ព័ត៌មាន​ថា ពួក​គេ​ទាំង​ពីរ​បាន​ភ្ជាប់​ពាក្យ​រួច​ហើយ ហើយ​គ្រោង​នឹង​រៀបការ​ជាមួយ​គ្នា​ឆាប់​ៗ​នេះ​ទៀត​ផង។ ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​អះអាង​ជាក់​លាក់​ណា​មួយ​ពី​ភាគី​ទាំង​ពីរ បាន​ធ្លាក់​មក​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​នានា​នៅ​ឡើយ។ នៅ​ក្នុង​ទំនាក់ទំនង​តាម​សារ​អេឡិចត្រូនិក​ថ្មី​ៗ សុនិតា ក៏​ពុំ​ព្រម​អធិប្បាយ​ពី​ករណី​ដែល​បាន​កើត​ឡើង​នេះ​ដែរ។

អាប៉ោង នឹង​អាច​បើក​គម្រប​ដូច​ករណី​តារា​ប្រុស​ស្រី​៣​ដួង​ខាង​លើ ឬ​អត់ រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី