របរ​សាមញ្ញមិនសូវមាន​អ្នកធ្វើ តែអាចនៅ​ថែផ្ទះ និង​បាន​ចំណូល​គ្រាន់​ផ្គត់​ផ្គង់​គ្រួសារ

  • 2019-01-14 03:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំបោស​ផលិត​ពីជក់​ត្នោត​ដ្បិត​អី​មិន​សូវ​ឃើញ​មាន​អ្នក​ផលិត​ច្រើនដូច​កាល​ពី​១០ ឬ ២០​ឆ្នាំ​មុន​ក៏​ដោយ ក៏​អំបោស​នេះ​នៅ​មាន​អ្នក​ផលិត​តិច​តួច​ និង​ឃើញ​មាន​លក់​នៅ លើ​ទី​ផ្សារ​ផងដែរ។ ​

កំពុង​កាន់​ជក់​ត្នោត​វេញ​អំបោស​អ្នក​ស្រី​ញ៉ែម សារី​ អាយុ​ ៥៧ឆ្នាំ​ រស់​នៅ​ស្រុក​ត្រាំ​កក់​ ខេត្តតាកែវ ប្រាប់​Sabay ថា​អ្នកស្រី​ប្រកប​របរ​​ធ្វើ​អំបោស​លក់​ជាង២០ឆ្នាំ​មក​ហើយ និង​ថា​ដំបូង​ឡើយ​អំបោស​ប្រ​ភេទ​នេះ​​តម្លៃមួយ​តែ​២០០​រៀលប៉ុណ្ណោះ។

កាល​ពី​១០ ឬ២០​ឆ្នាំ​មុន​អ្នក​ស្រី​ថា​អ្នក​ភូមិ​ភាគ​ច្រើន​ផលិត​អំបោស​ប្រ​ភេទ​នេះ​ដោយ​ខ្លួន​ឯង និង​ថា​ពេល​នេះ​លក់​បាន​មួយ​ថ្លៃ ២ ៥០០​រៀល ដោយ​មិន​សូវ​មានអ្នក​ផលិត។ អ្នកស្រី​ថា​ក្មេង​ជំនាន់​ក្រោយ​មិន​ធ្វើ​ការ​ងារ​នេះ​ទេ ដោយ​ថា​រក​កម្រៃ​បាន​តិច ហើយ​ងាកទៅ​ធ្វើ​ការ​រោងចក្រ​វិញ។ ​

ស្ត្រី​ដដែល​បន្ត​ថា​៖ «ទោះ​បាន​កម្រៃ​តិច​ក៏ដោយ​ ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​របរ​នេះ​ដោយសារ​តែ​ ខ្ញុំ​ចាស់​ហើយ​មិន​អាច​រក​ការងារ​នៅ​តាម​រោងចក្រ​កាត់​ដេរ​ដូច​ក្មេងៗ​ហើយ​ម្យ៉ាង​ទៀត​វា​អាច​ជួយ​ការងារ​មើល​ថែ​ផ្ទះ​សម្បែង​និង​ មាន់​ ទា​ ជ្រូក​ គោ ផង​»។

អ្នក​ស្រី​ឲ្យ​ដឹង​ថា​ស្វាមី​អ្នកស្រី​ជា​អ្នក​ដើរ​រក​គាវ​ត្នោត​ មក​ដំធ្វើជា​ជក់​ត្នោត សម្រាប់​ឲ្យ​អ្នកស្រី​វេញ​ជាអំបោស​ជក់​ត្នោត​នេះ។ អ្នកស្រី​បញ្ជាក់ថា​អ្នក​ស្រី​អាច​វេញ​បាន​ចន្លើពី​១០​ទៅ​២០​អំបោស​ក្នុង​មួយ​ថ្ងៃ ហើយថា​រាល់​១០​ថ្ងៃ​ម្តង​ទើប​​យក​ទៅ​លក់​នៅ​ឯផ្សារ។​

ដោយ​សារ​បាន​ស្វាមី​ជួយ​កាប់​ជក់​ត្នោត​អោយ​អ្នកស្រី​សារី​ថា​គាត់​អាច​វេញ​អំបោស​ពី​១០​ទៅ​២០​ក្នុង​១ថ្ងៃ​ ហើយ​ក្នុង​អំឡុង​ពេល​១០​ថ្ងៃ​អ្នកស្រី​អាច​ប្រមូល​អំបោស​ប្រមាណ​ជា​១០០​យក​ទៅ​លក់​នៅ​ផ្សា​អង្គ​តា​សោមម្តង​។

ទោះយ៉ាងនេះ​ក្តី​យុវជន​​ឈ្មោះ​មករា​ វ័យ​១៧​ឆ្នាំ​ រស់​នៅ​ក្បែរផ្ទះ​​អ្នកស្រី​ខាង​លើ​ប្រាប់​ថា​គាត់​ចាប់​អារម្មណ៍​លើ​ការងារ​វេញ​អំបោស​នេះ​ដែរ​ដោយសារ​តែ​ជុំវិញ​ផ្ទះ​សម្បូរ​ដើម​ត្នោត​តូចៗ​ងាយ​ស្រួល​រក​វត្ថុធាតុ​ដើម​មក​ផលិត​អំបោស។​

យុវជន​រូប​នេះ​ប្រាប់​ថា​៖ «ឆ្លៀត​ពេល​ទំនេរ​ខ្ញុំ​ចេះ​តែ​វេញ​អំបោស​បាន​១០​ទៅ​២០​ក្នុង​១ថ្ងៃ​...ចេះ​តែ​ធ្វើ​លេងៗ​ទៅ​....​ភ្លេចៗ​ខ្លួន​អាច​រក​បាន​កម្រៃ​១០​ទៅ​២០ម៉ឺន​រៀល​ដែរ​ក្នុង​១ខែរៗ​បន្ថែមដែរ​​»។

​គួរ​បញ្ជាក់​ថា​ជក់​ត្នោត​នេះ​មិន​ត្រឹម​តែ​ធ្វើជា​អំបោស​នោះទេ តែ​អ្នក​ភូមិ​ជំនាន់​មុន​ក៏បាន​យក​ជក់​ត្នោត​នេះ​សម្រាប់​វេញជា​ខ្សែសម្រាប់​ចង​គោ​ ក្រ​បី​ផង​ដែរ៕

អត្ថបទដោយ៖ ជិន វេន

អត្ថបទថ្មី