ចង់ឲ្យជីវិតការងាររឹងមាំចម្រើនទៅមុខជានិច្ច គួររៀនសូត្រពី ១០ចំណុចនេះឲ្យបានល្អ

  • 2019-03-04 11:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រស់​នៅ​រាល់​ថ្ងៃ មិន​ថា​យើង​ប្រកប​របរ​អ្វី ឬ ធ្វើ​ការងារ​អ្វី​ឡើយ តែង​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ និង​បញ្ហា​ជាច្រើន​រាប់​មិន​អស់ ដែល​ទាំង​នោះ​ប្រៀប​បាន​នឹង​មេរៀន​ដែល​យើង​ត្រូវ​ឆ្លងកាត់​ ដើម្បី​ឲ្យ​ខ្លួនឯង​កាន់​តែ​ចាស់​ទុំ និង​រឹងមាំ។ តែ​មនុស្ស​យើង​ក៏​គួរ​រៀន​សូត្រ​អ្វី​ដែល​ត្រូវ ស្រប​នឹង​គោល​ដៅ​ជីវិត​ខ្លួន​ដែរ ទើប​ឆាប់​រក​ឃើញ​ជោគជ័យ។​

មាន​គំនិត​ល្អ​ៗ ១០ដែលអ្នកគួរ​រៀន​សូត្រ ដើម្បី​ជួយ​បន្ថែម​កម្លាំងចិត្ត​​ឲ្យ​អ្នក​ប្រឹង​ធ្វើការ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ជីវិត​បាន​​ ដូចជា​៖

១. បើ​រើស​បាន​ ចូរ​រើស​យក​ការងារ​ដែល​ខ្លួន​ស្រលាញ់ ៖ មិន​ប្រាកដ​ថា​មនុស្ស​គ្រប់​គ្នា​មាន​សំណាង​អាច​ធ្វើ​ការងារ​ដែល​ខ្លួន​ស្រលាញ់​​នោះ​ទេ ប៉ុន្តែ​បើ​អ្នក​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​អាច​ជ្រើស​បាន​ ចូរ​ជ្រើសរើស​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់ នោះ​អ្នក​នឹង​លែង​មាន​អារម្មណ៍​ហត់នឿយ​ដោយ​សារ​ការងារ ហើយសប្បាយចិត្ត​ទៀត។

២. មនុស្ស​ដែល​មិន​​ដែល​ធ្វើ​ខុស​មាន​តែ​​មនុស្ស​ដែល​មិន​ធ្វើ​អ្វី​សោះ​ប៉ុណ្ណោះ ៖ ចូរ​កុំ​ខ្លាច​​ថា​ខ្លួន​នឹង​ធ្វើ​ខុស កុំ​​ខ្លាច​ភាព​បរាជ័យ ប៉ុន្តែ​ចូរ​ទទួល​យក​វា ហើយ​រៀន​សូត្រ​ពី​កំហុស​ឆ្គង​ទាំង​នោះ​កុំ​ឲ្យ​កើត​ឡើង​ជាថ្មី។

៣. ភាព​ជោគជ័យ​ចាប់​ផ្ដើម​ពី​ការ​​ធ្វើ និង​មានអំណត់ ៖ បើ​អ្នក​មាន​គោលដៅ ឬ​ក្ដី​ស្រមៃ សូម​កុំ​បណ្ដោយ​ឲ្យ​វា​នៅ​តែ​ជា​ក្ដី​ស្រមៃ។ កុំ​មើល​ស្រាល​សមត្ថភាព​របស់​ខ្លួន​ឯង ចូរ​ចាប់​ផ្ដើម​រៀប​ចំ​ផែនការ ហើយ​បញ្ចេញ​សកម្មភាព​ធ្វើ​ដើម្បី​ឲ្យ​ក្ដី​ស្រមៃ​នោះ​ក្លាយ​ជា​ការ​ពិត។ កុំ​ធ្វើ​ការទាំងអន្ទះសារ​ ត្រូវ​តែ​ឲ្យច្បាស់លាស់ និង​ម៉តចត់​ផងទើប​ទទួលបាន​លទ្ធ​ផល​ល្អ។

(រូបតំណាង)

**៤. កម្លាំង​ចិត្ត​ពី​ណា ក៏​មិន​សំខាន់​ស្មើ​កម្លាំង​ចិត្ត​ពី​ខ្លួន​ឯង** ៖ នៅ​ថ្ងៃ​ដែល​ត្រូវ​ជួប​នឹង​ឧបសគ្គ ឬ​បញ្ហា​នានា អាច​មាន​មនុស្ស​ជា​ច្រើន​ដែល​រង់​ចាំ​លួងលោម ឬ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​អ្នក ប៉ុន្តែ​ចូរ​ចាំ​ជានិច្ច​ថា គ្មាន​កម្លាំង​ចិត្ត​​ឯណា​សំខាន់​ជាង​កម្លាំង​ចិត្ត​ពី​​ខ្លួន​ឯង​ដែរ ព្រោះ​​ផ្លូវ​ចិត្ត​​​រឹងមាំ គឺ​ជា​​អាវុធ​ដ៏​​សំខាន់​ដែល​ជួយ​ឲ្យ​អ្នក​អាច​ឆ្លងកាត់​ឧបសគ្គ​នានា​បាន។

៥. ការ​អភិវឌ្ឍ​ខ្លួន​មិន​បាន​កើត​ឡើង​ដោយ​សារ​ពាក្យ​សរសើរ​ទេ ៖ បើ​ទោះ​បី​ពាក្យ​សរសើរ​គឺ​ជា​ពាក្យ​ល្អ ដែល​អ្នក​ណា​ៗ​ក៏​ចង់​ឮ ប៉ុន្តែ​ក៏​សូម​កុំ​ខ្លាច​ពាក្យ​រិះគន់ ព្រោះ​ពាក្យ​រិះគន់​គឺ​ជា​​កញ្ចក់​ឆ្លុះ​បង្ហាញ​ពី​ចន្លោះ​ខ្វះខាត​របស់​យើង។ នៅ​ពេល​​ដឹង​ពី​ចំណុច​ខ្សោយ​ខ្លួន​​​ឯង ទើប​យើង​អាច​កែលំអ​បាន​ចំ​ចំណុច។ ម្យ៉ាង​ទៀត​ពាក្យ​ទិតៀន​ក៏​ប្រៀប​ដូច​ជា​កម្លាំង​ជំរុញ​​ឲ្យ​យើង​ខំ​ប្រឹង​ដើម្បី​យក​ឈ្នះ​ពាក្យ​មើល​ងាយ​ទាំង​នោះ​ដែរ។

៦. ចូរ​ស្ដាប់​ឲ្យ​ច្រើន​ជាង​និយាយ ៖ ការ​ស្ដាប់​គឺ​ជា​រឿង​ងាយ ដែល​យើង​អាច​ធ្វើ​បាន​ល្អ​ជាង​ការ​និយាយ ប៉ុន្តែ​ចូរ​ស្ដាប់​ឲ្យ​យល់។ ​មុន​នឹង​និយាយ​ការ​អ្វី​​ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ហើយ​កុំ​រវល់​តែ​​​និយាយ​រហូត​​ភ្លេច​ស្ដាប់​សម្ដី​អ្នក​ដទៃ។

(រូបតំណាង)

៧. ​កុំ​ឈប់​អភិវឌ្ឍ​ខ្លួន​ឯង៖​ ព្រោះ​ពិភព​នៃ​ការងារ​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង ហើយ​ឱកាស​តែង​ក្លាយ​ជា​របស់​អ្នក​ដែល​ត្រៀម​ខ្លួន​រួចរាល់​ជានិច្ច ដូច្នេះ​ហើយ​ សូម​កុំ​ឈប់​អភិវឌ្ឍ​ខ្លួន​ឯង​ដើម្បី​ឲ្យ​ខ្លួន​ឯង​រួច​រាល់​​ក្នុង​ការ​ទទួល​យក​គ្រប់​ឱកាស។

៨. វិន័យ​គឺ​ជា​គុណសម្បត្តិ​សំខាន់​មួយ​សម្រាប់​បុគ្គល​ជោគជ័យ៖ ការ​ចេះ​គ្រប់គ្រង​ខ្លួន​ឯង​ឲ្យ​មាន​របៀប មាន​វិន័យ​ក្នុង​ការ​ធ្វើ​ការ នឹង​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​បាន​យ៉ាង​មាន​របៀប​រៀបរយ និង​​មិន​ពិបាក​​ឡើយ​ក្នុង​ការ​ទទួល​បាន​ជោគជ័យ។ ការ​មាន​វិន័យ​ក្នុង​ផ្នែក​ផ្សេង​ៗ​​ទៀត​នៃ​ការ​រស់​នៅ​ក៏​សុទ្ធ​តែ​សំខាន់​ដូច​គ្នា។

៩. មិត្តភាព​ពិត​ជា​សំខាន់៖ យើង​មិន​អាច​បដិសេធ​បាន​ឡើយ ថា​មិត្ត​រួម​ការងារ​ល្អ​មាន​ចំណែក​ជួយ​ឲ្យ​មនុស្ស​ជា​ច្រើន​កាន់​តែ​​​មាន​អារម្មណ៍​​ចង់​ធ្វើ​ការ។ ចូរ​រៀន​សូត្រ​ពី​របៀប​​ចុះ​សម្រុង​ និង​មាន​ទឹក​ចិត្ត​ជាមួយ​មិត្ត​រួម​ការងារ នោះ​អ្នក​នឹង​​កាន់​តែ​មាន​ថាមពល​ និង​ឱកាស​ច្រើន​ក្នុង​វិស័យ​ការងារ។

១០. រាងកាយ​គឺ​ជា​ឧបករណ៍​សំខាន់​បំផុត​សម្រាប់​ការងារ ៖ ចូរ​កុំ​​ខំ​ប្រឹង​ធ្វើ​ការ​​ធ្ងន់​ហួស​កម្លាំង​ដើម្បី​បាន​លុយ​​មក​មើល​ជំងឺ​នៅ​ពេល​ក្រោយ​អី។ ចូរ​ចេះ​ប្រើ​ជីវិត​ឲ្យ​មាន​តុល្យភាព ដោយ​មើល​ថែ​សុខភាព និង​រាងកាយ​របស់​ខ្លួន​ឯង​ខ្លះ ។

ចំពោះ​អ្នក​ដែល​មិន​ទាន់​ធ្វើ​បាន​គ្រប់​ទាំង ១០​ចំណុច​ខាង​ក្រោម​នេះ​ទេ សូម​ព្យាយាម​ម្ដង​បន្តិច​ៗ ប៉ុន្តែ​កុំ​ចុះចាញ់​៕

(រូបតំណាង)

ប្រភព៖ Kanha   ប្រែ​សម្រួល៖ លីដា