សារកំបាំងក្នុងរឿងទុំទាវ ដែលសាលាយើងមិនបានបង្រៀនយើង!

  • 2019-06-07 04:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

មនុស្សភាគច្រើន ទាំងគេទាំងខ្ញុំ ធ្លាប់តែគិតថា រឿង​ទុំទាវ ហ្នឹងជារឿងនិយាយពីនំមិនធំជាងនាឡិ ពីដំណើររឿងស្នេហាស្មោះស្ម័គ្រ តែដូចពុះកញ្ជ្រោលបន្តិច រវាង នេនទុំនិងនាងទាវ ដែលបានពុះពារច្រើនឧបសគ្គ ដើម្បីបំពេញសម្រេកត្រេកឃ្លានស្នេហាក្នុងចិត្ត។ តែតាមពិតទៅ អ្វីដែលយើងមិនបានចាប់អារម្មណ៍ នោះគឺការបកស្រាយម៉្យាងទៀត ដែលពេលខ្ញុំដឹងលើកទីមួយ ធ្វើឲ្យភ្នែករបស់ខ្ញុំបើកធំក្រឡើត ខួរក្បាលខំគិត ឆ្លៀតទៅយកសៀវភៅ​មក​អានម្តងទៀត ក្រែងលគេនិយាយខុស (តែរកមិនឃើញទេ គេនិយាយត្រូវមែន)។ ការបកស្រាយនោះគឺ មកពីលោក អាឡិចសានដឺ ឡាបាន ហ៊ីនតុន (Alexander Laban Hinton) នៅក្នុងសំណេរអត្ថបទមានឈ្មោះថា ចម្រៀងនៅខាងចុងកម្ពុជាប្រជាធិប្បតេយ្យ (Songs at the Edge of Democratic Kampuchea)។

បើយើងមើលទៅ រឿងទុំទាវ ស្រទាប់ខាងលើមានបរិយាយពីស្នេហាប្តូរផ្តាច់របស់ទុំទាវ ពីសេចក្តីខឹងក្តួលក្តៅចិត្តរបស់ស្តេចរាមា ល្បិចគ្រប់ជំពូករបស់ម្តាយទាវ និងការផ្កាប់មុខរបស់នោនោះ (មានដឹងអត់ថាគាត់ជាហ្វេនផ្កាប់មុខទីមួយក្នុងប្រវត្តិសាស្ត្រអក្សរសិល្បិ៍ខ្មែរ?) តាមពិតព្រះបទុមត្ថេរ សោម (ឬសន្ធរម៉ុក ព្រោះមានការជជែកវែកញែកថា រឿងនេះប្រហែលជានិពន្ធឡើងដំបូងដោយគាត់) គឺចង់បង្ហាញអ្នកអានថា បើយើងបណ្តោយឲ្យតណ្ហានាំមុខនោះ​ យើងនឹងវិនាស មិនមានសេចក្តីសុខក្នុងចិត្តជាមិនខាន។

មើលតែតួនីមួយៗរបស់យើងទៅ ចាប់ផ្តើមពីម្តាយទាវដែលអ្នកអានគ្រប់គ្នាបៀមចិត្តស្អប់តាំងពីតូច។ គាត់សម្បូរតណ្ហាចង់បានមុខមាត់ កិត្តិយស និងមាសពេជ្រ។ ដោយសារហេតុនេះហើយ ក៏ព្យាយាមរកល្បិចចាប់កូនរៀបការជាមួយចៅហ្វាយខេត្ត ដែលមានមុខមាត់ ជាជាងអន្ទិតទុំដែលជាកូនពូជអំបូរអ្នកធម្មតា ជារាស្ត្រសាមញ្ញ និងគ្រាន់ជាអ្នកភ្លេងកំដរស្តេច។ ដោយតណ្ហានេះហើយ នាំឲ្យម្តាយទាវមានចរិកព្រៃផ្សៃ ខឹងច្រឡោតច្រើន ធ្វើឲ្យបែកបាក់គ្រួសារ លែងស្តាប់កូន ដោយក្នុងចិត្តមានតែកេរ្តិ៍ឈ្មោះ។

ងាកមកមើលតួយើង ទុំ និងទាវវិញ ដោយសារតណ្ហាផ្លូវកាយ និងផ្លូវចិត្ត តាំងពីបានឃើញគ្នាមក អង្គុយមិនស្រណុក ដេកក៏មិនស្រួល ចិត្តឆេវឆាវ ខួរក្បាលវិលវល់ នៅតែនឹកដល់គ្នា ទឹកនិងបាយក៏មិនខ្ចីឃ្លាន ឃ្លានតែឃើញមុនគ្នា។

រូបភាពបានមកពី អេលីយ៉ាណា អេស្គីវ៉េល (Elliana Esquivel)

ដំបូងខ្ញុំគិតថា នេះជារឿងធម្មតាទេ ជម្ងឺស្នេហា តែងតែអញ្ចឹងឯង តែដល់ទៅអានពីឃ្លាដែលទុំលាទាវ ទើបដឹងថានេះដូចហួសពេកហើយ អានទៅដូចនរណាខ្មោចចូល ព្រលឹងមិននៅក្នុងខ្លួន មិនចេះគិតឲ្យបានសព្វគ្រប់។

តែវាអញ្ចឹងមែន ពេលដែលទុំរឹតតែបណ្តោយឲ្យតណ្ហានោះឆាបឆួល ទុំរឹតតែគិតលែងត្រូវ ដើរខុសទាំងរឿងតូចនិងធំ។ គាត់ហ៊ានកុហកគ្រូគាត់ សុទ្ធតែថាម្តាយឈឺ​ដើម្បីបានសឹក។ ពេលគេមិនឲ្យ ក៏សឹកខ្លួនឯងទៀត មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងឆ្លៀតឲ្យម្តាយជួយកុហកឲ្យទៀត! មិនត្រឹមតែវង្វេងគិតមិនត្រង់ក្នុងចិត្តទេ ពេលដើរនៅក្រៅហ្នឹងក៏វង្វេងទៀត។ ដូចពេលគាត់ដើរទៅត្បូងឃ្មុំពីរនាក់នេនពេជ្រ ដើរវិលវល់រកផ្លូវមិនឃើញ។ នេះអាចថាអ្នកនិពន្ធបានប្រើវិធី តំណាង (symbol) ដោយអ្នកនិពន្ធភាគច្រើន គេមិនចូលចិត្តបង្ហាញសារដល់យើងច្បាស់ៗផ្ទាល់ៗទេ ដោយសារធ្វើអញ្ចឹងវាងាយស្រួល ហើយនៅលើគោកពេក។ ផ្ទុយទៅវិញ គេលាក់បង្កប់ខ្លឹមសារនិងន័យ នៅក្នុងតំណាង ដោយយកវត្ថុ មនុស្ស ឬដំណើររឿងដើម្បីប្រៀបធៀបទៅវិញ។ អញ្ចឹង ការវង្វេងផ្លូវរបស់ទុំនាពេលនេះ​​ អាចថាតំណាងការវង្វេងផ្លូវចិត្ត នៅក្រោមឥទ្ធិពលរបស់តណ្ហាផងដែរ។ វាបានផ្លាស់ប្តូរទុំ ពីអ្នកមានមូលហេតុត្រឹមត្រូវ ស្ងៀមស្ងាត់ចេះគិតរាក់ជ្រៅ ឲ្យទៅជាមនុស្សឆ្កួតវិលវល់គិតមិនត្រូវមុខក្រោយ។ ម៉េចពេលបររទេះគោទៅនិងត្រឡប់ពីត្បូងឃ្មុំដំបូងមិនវង្វេង មកវង្វាន់តែពេលស្គាល់ទាវរួច?

រូបភាពបានមកពី អេលីយ៉ាណា អេស្គីវ៉េល (Elliana Esquivel)

មិនទាន់អស់ទេ! ការវង្វេងវង្វាន់ គិតមិនត្រូវក្បួនរបស់ទុំនៅបន្តរហូតដល់ចប់រឿងឯណោះ! ចាំអត់ពេលវគ្គជិតចុងក្រោយនោះ? ពេលដែលទុំបង្ហាញខ្លួននៅមង្គលការរបស់ទាវ និងម៉ឺនងួន? គ្រឺតនោះគ្រឺត! ឆ្ងល់ម៉េចពេលដែលខ្លួនទៅដល់រោងការហើយ ហេតុអ្វីបានជាទុំមិនបង្ហាញសាររបស់ស្តេចឲ្យអរជូនឃើញ? មានយកតាមជាប់នឹងខ្លួនសោះហ្នឹង! ហើយយើងឃើញតាមក្រោយថា ពេលដែលអរជូនឃើញសារនោះនៅលើសពទុំ គាត់ឡើងភ័យខ្លួន នឹកស្តាយក្រោយ ខ្លាចប្រម៉ាតដល់ព្រះមហាក្សត្រផងដែរ។ បើគាត់ដឹងថាព្រះមហាក្សត្រទ្រង់ក្រោធក្រឡៅ មិនពេញចិត្តនឹងមង្គលការនោះ ម៉្លោះគាត់អាចនឹងបញ្ឈប់ពិធី ហើយឲ្យទុំទាវបានជួបជុំគ្នាទៅហើយ!

ទោះឧទាហរណ៍ថា ទុំបង្ហាញសារហើយ អរជូននៅមិនបញ្ឈប់នោះ ក៏ទុំអាចបកក្រោយ ទៅជម្រាបប្រាប់ក្សត្រាវិញ តាមសម្តីរបស់ទ្រង់ផងដែរ។ ម៉្លោះស្តេចនឹងលើកទ័ពមកបង្ខំឲ្យអរជូនបញ្ឈប់មង្គលការជាមិនខាន។ នរណាគេដែលមានខួរក្បាលចេះគិត នឹងរើសយកជម្រើសនេះមិនខាន មិនមែនរត់ចូលទៅពិធីការគេដោយមានតែខ្លួនមួយ ទៅដេកជាមួយទាវ ក្នុងបន្ទប់ហើយឲ្យគេចាប់វាយសម្លាប់បាននោះទេ!

បើតួឯកៗសុទ្ធតែបាំងមុខនឹងតណ្ហាអស់ហើយ តែតួមួយណាដែលអ្នកនិពន្ធឲ្យយើងគួរយកធ្វើគម្រូ តួណាដែលមិនយកមុខមាត់ មាសប្រាក់ កេរ្តិ៍ឈ្មោះ​ជាធំនោះ?

អរជូន និងម៉ឺនងួន ក៏ឈ្លក់វង្វេងនឹងមុខមាត់មិនណយដែរ… សម្រេចចិត្តសម្លាប់ទុំភ្លាមៗ មិនសួរនាំឲ្យច្បាស់សិនទេ ក៏ដោយសារគាត់មកបំផ្លាញពិធីការដែលមានមនុស្សចូលរួមកុះករ! បើមិនបង្ហាញអំណាច ក៏ខ្មាសគេនោះអី….

អញ្ចឹងបានន័យថា គម្រូយើងគឺសម្តេចព្រះរាមាមែន? អត់ទេ…

បើយើងមើលឲ្យច្បាស់ទៅ ស្តេចរាមាក៏សម្បូរតណ្ហាស្រឡាញ់អំណាច និងមុខមាត់ពេញខ្លួនដែរ។ ពេលទ្រង់លើកទ័ពមកជួបអរជូនភ្លាម ចៅហ្វាយខេត្តនេះបានលើកតង្វាយមកផ្ញើ ព្រមទាំងបង្ហាញពីសេចក្តីកោតខ្លាច គោរព មិនហ៊ានបម្រាស់ឲ្យខុសហឬទ័យឡើយ។ នេះបើទ្រង់សាកសួរត្រឹមត្រូវ នឹងដឹងថា តាមពិតទុំឥតបានបង្ហាញសារ ហើយអរជូនមិនដឹងថាទ្រង់បានបញ្ជាឲ្យខ្លួនបញ្ឈប់ពិធីមង្គលការនោះទេ ទើបបានជាមិនបានគោរពតាមបញ្ជា។ ម៉្លេះទ្រង់អាចនឹងលើកលែងទោសដល់ចៅហ្វាយខេត្តមួយដែលដែលនៅក្រោមចំណុះ ស្រឡាញ់ និងស្តាប់បញ្ជាទ្រង់មិនខាន។ តែដោយតណ្ហាស្រឡាញ់ព្រះភក្ត្រទ្រង់ មិនចង់ឲ្យមន្ត្រីផ្សេងឃើញថា មានគេហ៊ានមិនគោរពបញ្ជា ទ្រង់ក៏សម្រេចចិត្តដាក់ទោសអរជូននិងគ្រួសារ។ តែចាំបាច់ដល់ថ្នាក់ទាំងគ្រួសារ?

ហើយដាក់ទោសយ៉ាងឃោរឃៅ ដល់ថ្នាក់កប់ដី ភ្ជួររនាស់ពីលើ ហើយថែមទាំងបោះចូលទឹកក្តៅទៀត? អ្នកខ្លះជាប់សាច់ឈាម មិនដឹងរឿងគ្រាន់តែគេហៅមកស៊ីការសោះ ក៏ត្រូវគេបោះចូលខ្ទះនឹងគេដែរ។ មិនត្រឹមតែប៉ុណ្ណោះ ខេត្តត្បូងឃ្មុំទាំងមូល និងអ្នកដែលបានចូលរួមពិធីត្រូវជាប់ឈ្មោះជាអ្នកងារ ក្លាយខ្លួនជាវណ្ណៈទាសករនឹងគេនឹងឯងទៀត ទាំងដោយគាត់មិនបានធ្វើអ្វីខុសឡើយ គ្រាន់តែទៅស៊ីការកូនចៅហ្វាយខេត្តក៏ក្លាយជាទាសករគេទៅ!

នេះដូចហួសហើយ មិនមែនជាការកាត់ទោសដោយប្រើប្រាស់គំនិតត្រឹមត្រូវទេ តែប្រើប្រាស់តណ្ហាចង់បានព្រះភក្ត្រឲ្យគេកោតខ្លាចទៅវិញទេ។

អញ្ចឹងបើតួយើងសុទ្ធតែប្រព្រឹត្តខុសអស់ហើយ តើនរណាទើបយើងអាចយកជាគម្រូបាន? គិតមួយភ្លែតទៀតទៅមើល នៅសល់តួមួយណាទៀត… ដែលមិនមានតណ្ហាជាមេដឹកមុខ ឲ្យសម្រេចចិត្តក្នុងជីវិតនោះ?

រូបភាពបានមកពី៖ លូកាណា (Lookarna)

អូខេ បើគិតមិនចេញចាំខ្ញុំប្រាប់ គឺតួព្រះគ្រូទុំ និងពេជ្រនោះអី! ព្រះអង្គនៅរក្សាសេចក្តីស្ងប់ស្ងាត់ ទោះទុំសឹកដោយមិនស្តាប់តាមដីការទ្រង់ក្តី ក៏មិនប្រកាន់ខ្ញាល់នោះឡើយ។ នេះបើទ្រង់មានតណ្ហាស្រឡាញ់ព្រះភ័ក្ត្រវិញ ម៉្លេះសមប្រកាន់ និងចោទថាទុំមិនចេះស្តាប់តាមគាត់ មិនទុកព្រះគ្រូជាធំមិនខាន។

មកដល់ត្រឹមនេះ ឃើញច្បាស់ហើយថាអ្នកនិពន្ធចង់ប្រាប់យើងថា ការរស់នៅបើចង់មានសេចក្តីសុខក្នុងចិត្ត គឺកុំយកតណ្ហាដឹកមុខ ព្រោះវានាំឲ្យវិនាស និងសេចក្តីក្រហល់ក្រហាយចិត្ត ដោយឲ្យតួអង្គផ្សេងៗគ្នាក្នុងរឿងវិនាស និងមិនមានភាពស្រណុកចិត្ត មានប្រភពមកពីតណ្ហា ប្រភេទខុសៗគ្នា។ បើនៅតែមិនជឿទៀត ត្រូវគិតផងថា អ្នកនិពន្ធ ព្រះបទុមត្ថេរសោម និង សន្ធរម៉ុក សុទ្ធតែធ្លាប់បួសជាសង្ឃ រៀនចេះច្បាស់ពីធម៌ព្រះ និងពូកែតាមដានសង្គមមនុស្សខ្លាំងណាស់។ នេះតម្រុយចុងក្រោយ បើនៅតែមិនជឿទៀត…

រូបភាពបានមកពី៖ ស៊ូចាន (Shuzhan)

មានចាំនៅក្នុងរឿង ទុំ ទាវ និងនោ ស្លាប់នៅទីណាទេ? យើងភាគច្រើនចាំថា ស្លាប់នៅក្រោមដើមឈើ តែបើទៅអានឲ្យប្រាកដទៅ​គឺស្លាប់នៅក្រោមដើមពោធិ៍ទៀតផង! តើដើមពោធិ៍ យើងតែងយកមកតំណាងអ្វី? តំណាងឲ្យព្រះពុទ្ធសាសនា និងធម៌ព្រះនោះឯង!

អញ្ចឹងបានន័យថា យើងគួរនាំគ្នាគោរពធម៌ទាំងអស់គ្នា ទោះយើងមិនកាន់សាសនាព្រះពុទ្ធក៏ដោយមែន? អត់ទេ! អត្ថបទនេះមិនសរសេរឡើងដើម្បីបង្ខំថាធម៌ព្រះ គឺត្រូវរហូត សម្រាប់មនុស្សគ្រប់គ្នានោះទេ។ តែគ្រាន់ចង់បញ្ជាក់ថា ទោះយើងកាន់សាសនាអី ឬមិនកាន់ក៏ដោយ បើយើងរស់នៅដោយប្រើតណ្ហាមិនថា តណ្ហាស្រឡាញ់មនុស្ស មុខមាត់ ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះជ្រុល មិនចេះមានភាពមេត្តា សណ្តោសប្រណី ស្រឡាញ់អ្នកដទៃនោះ យើងនឹងគ្មានថ្ងៃមានសេចក្តីសុខស្ងប់ក្នុងចិត្តនោះទេ។ បើមិនជឿសាកមើលខ្លួនឯងទៅ!

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

រូបថត និង អត្ថបទ​ ដើមមកពី៖ ខ្ចៅ ទូច (Khchao Touch)

អត្ថបទ៖ Wapatoa

អត្ថបទពេញនិយម