អ្នកនិពន្ធ ម៉ីសន សុធារី៖ ដំណោះស្រាយបញ្ហាបាក់ទឹកចិត្ត គឺដាំដុះភាពវិជ្ជមាន ផ្តោតទៅអនាគតស៊ូប្រឹងជម្នះ

  • 2019-06-29 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់គ្នា​ ជៀសមិនផុតពីជួបរឿងខកចិត្ត ធ្លាក់ទឹកចិត្ត ឬបរាជ័យ ក្នុងជីវិត គ្រាន់តែ​ក្រោមរូបភាពផ្សេងៗគ្នា។ អ្នកនិពន្ធ​ ម៉ីសន សុធារី ក៏​ដូចគ្នា​ទម្រាំ​ទទួល​បាន​កេរ្ត៍​ឈ្មោះ​ក្នុង​វិស័យនិពន្ធ​នេះ ស្រ្តី​រូប​នេះ​បាន​ឆ្លង​កាត់វេលា​ដែល​វិះ​តែ​នឹង​ដួល​ ដែល​អ្នក​ស្រី​ហៅ​ថា "រណ្ដៅ​នៃ​ភាព​បរាជ័យ" ប្រសិន​បើ​អ្នក​ស្រី​មិន​អាច​ជំនះវា​​បាន​ទេ​នោះ។ ខាង​ក្រោម​នេះ​ជា​រឿង​រ៉ាវ​មួយ​ចំនួន​នៃ ការ​ដក់​ស្រង់​ផ្ទាល់​ពី​សៀវភៅ "ទម្រាំ​ក្លាយ​ជា​អ្នក​និពន្ធ​" របស់ អ្នកស្រី ម៉ីសន សុធារី ។

បញ្ហា​នា​គ្រា​នោះ​របស់​អ្នក​ស្រី គឺ​បញ្ហា​ធ្លាក់​ទឹក​ចិត្ត...ដោយ​មិន​បាន​លើក​ឲ្យ​ចំ​ថា​ធ្លាក់​ទឹក​ចិត្ត​ពី​រឿង​អ្វី​ខ្លះ ប៉ុន្តែ​អ្នក​ស្រី​បាន​បញ្ជាក់​តាម​សំណេរ​ក្នុង​សៀវភៅ "ទម្រាំ​ក្លាយ​ជា​អ្នក​និពន្ធ​" ថា៖ "ចាប់​ពី​ខ្ញុំ​បាន​ឆ្លង​កាត់​បរាជ័យ​ និង​ការ​បដិសេធ​ជា​ច្រើន​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ពេញ ដូច្នេះ ទិដ្ឋភាព​ក្រោយៗ​មក​របស់​វា​​មិន​អាច​បំភ័យ​ខ្ញុំ​ដូច​ដែល​វា​បានធ្លាប់​មាន​កាល​ពី​ដំបូង​ៗ​នោះ​ទេ។ ខ្ញុំ​ធ្លាប់​ធុញ​ថប់​ ធ្លាក់​ទឹកចិត្ត​ តែ​មិន​បាន​យូរ​ប៉ុន្មាន​ឡើយ​ ប្រហែល​ដោយសារ​ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​នឹង​ទៅ​ដល់​កន្លែង​មួយ​ដែល​ខ្ញុំ​សម្លឹង​ជា​យូរ​មក​ហើយ"។ នេះ​ជា​អ្វី​ដែល​អ្នក​និពន្ធ​រឿង "ស្រទន់​មន្ត​ស្នេហ៍​" ធ្លាប់​បាន​ជួប​ប្រទះ។

មិន​​មែន​ត្រឹម​មួយ​ឃ្លា​ខាង​លើ​ តែ​ថ្ងៃ​នេះ​​ Sabay នឹង​ស្រង់​​ប៉ុន្មាន​ឃ្លា​​ថែម​ទៀត ដែល​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​តាមរយៈ​សៀវភៅខាង​លើ របស់​អ្នក​និពន្ធ​ ម៉ីសន សុធារី ​សម្រាប់​យក​ឈ្នះ​លើ​ជីវិត និង​តម្រង់​គោល​ដៅ​ទៅ​រក​អនាគត​ដ៏​មាន​តម្លៃ មក​ចែក​រំលែក​ទាំង​អស់​គ្នា។

ឃ្លា​មួយ​​នៅ​ទំព័រ​​ទី ២១ បាន​លើក​ឡើង​ថា៖ "គ្រប់​គ្នា​មាន​ក្តី​សុបិន ប៉ុន្តែ​ដើម្បី​ឱ្យ​ក្តី​សុបិន​ក្លាយ​​មក​ជា​ការពិត ត្រូវ​មាន​ការ​ប្តេជ្ញា​ចិត្ត​ ការ​លះបង់ និង​លត់​ដំ​ហើយ​តស៊ូ"។ ត្រង់​នេះ​ ម៉ីសន សុធារី ​បាន​លើក​ឧទាហរណ៍​ជាក់​ស្តែង​ភ្ជាប់​មក​ថា ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ម្នាក់ មាន​គេ​ស្គាល់ មាន​គេ​ចង់​បាន​សិទ្ធិ មាន​សៀវភៅ​បោះពុម្ព​ មាន​អ្នក​គាំទ្រ ផ្ទាល់​ខ្លួន​ ប៉ុន្តែ​មិន​ដែល​ចង់​ធ្វើ​ការ​លះបង់។ មិន​ដែល​ក្រោក​មក​សរសេរ​ម៉ោង ៣ភ្លឺ មិន​ដែល​រៀន​បញ្ចប់​សរសេរ ១០​ទំព័រ​ឱ្យ​បាន​មុន​ចូល​ដេក​ មិន​ដែល​លះបង់​ការ​ចេញ​ក្រៅ​ដើរ​លេង មក​ជា​ការ​​សរសេរ​វិញ មិន​ដែល​ព្រម​ផ្តល់ឱកាស​ឱ្យ​ខ្លួន​ឯង​ក្នុង​ការ​សរសេរ​ចប់ តើ​សុបិន​នោះ​សម្រេច​ទៅ​រួច​ដោយ​របៀបណា?

រីឯ​នៅ​ទំព័រ​ទី​ ៨៧ បាន​លើក​ឡើង​ថា៖ "ចូរ​ត្រៀម​​ប្រយុទ្ធ​ជា​មួយ​ការ​ធ្លាក់​ទឹក​ចិត្ត ហើយ​កុំ​ខ្លាច​វា​ពេក​អី"។ ជារឿយៗ​ គេ​នាំ​គ្នា​និយាយថា ការធ្លាក់​ទឹក​ចិត្ត​ គឺ​បណ្តាល​មក​ពី ភាព​ស្មុគ​ស្មាញ​នៃ​ការ​គិត​ច្រើន​របស់​​ខួរក្បាល តែ​ខ្ញុំ​ផ្ទាល់​ខ្លួន​ ខ្ញុំ​ជឿថា​ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​វិបត្តិ​ផ្លូវ​ចិត្ត ដោយ​សារ​កត្តា​ជា​ច្រើន ហើយ​វិបត្តិ​ទាំង​នោះ​ នាំ​ទៅ​ដល់​ជំងឺ​ធ្លាក់​ទឹក​ចិត្ត គ្រាន់​តែ​យើង​ទទួល​ស្គាល់​វា​ឬអត់ ហើយ​អាច​តតាំង​យក​ឈ្នះ​វា​បាន​ដោយ​របៀប​ណា?"។

អ្នក​ស្រី ម៉ីសន សុធារី និង​កញ្ញា ពុធ ស្រី​ខួច តួឯក​ស្រី​ក្នុង​រឿង "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រឡាញ់"

អ្នកនិពន្ធ បន្ត​ថា "ដំណោះ​ស្រាយ ការ​ព្យាបាល​បញ្ហា​របស់​ខ្ញុំ មិន​មាន​អ្វី​ក្រៅ​ពី​ការ​ថែទាំ​ផ្នត់​គំនិត ដាំដុះ​ភាព​វិជ្ជមាន ​និង​ផ្តោត​ទៅ​លើ​អនាគត។ អនាគត​ជា​អ្វី​ដែល​គ្មាន​ការ​ធានា ប៉ុន្តែ​​យើង​អាច​កសាង​វា​ពី​ពេល​នេះ​តទៅ​ ហើយ​សម្រាប់​ខ្ញុំ អនាគត​គឺ​សេចក្តី​សង្ឃឹម គ្មាន​សេចក្តី​សង្ឃឹម​គឺ​គ្មាន​អនាគតទេ"។

"នៅ​ឆ្នាំ ២០១០ ខ្ញុំ​បាន​ចូល​រួម​ក្រុម​ហ៊ុន​ Sabay។ នៅ​ខែ មេសា ឆ្នាំ​ដដែល យើង​បាន​បង្កើត​ news.sabay.com ដែល​ផ្ទុក​នូវ​មាតិកា​កីឡា​ជាតិ​ដែល​ជា​មាតិកា​ធំមួយ​ក្នុង​ចំណោម​​មាតិកា​គោល​ទាំង​ ៤​របស់​យើង។ កីឡាបាល់ទាត់​ និង​វីរជន​លើ​សមរភូមិ​វាលស្មៅ បាន​ចាប់​កំណើត​ឡើង​នៅ​កម្ពុជា ដោយសារ​យើង​មាន​យុវវ័យ​​រាប់​លាន​នាក់​គាំទ្រ និង​ចូល​រួម​លើក​តម្កើង។ ក្រៅ​ពី​នេះ ខ្ញុំ​ក៏​បាន​ជា​សះស្បើយ​ពី​ការ​ធ្លាក់​ទឹកចិត្ត​ នៅ​ពេល​បាន​ធ្វើ​អ្វី​មួយ​ដែល​ជា​កត្តា​ជំរុញ​ទឹកចិត្ត​អ្នក​ដទៃ។ ម៉ីសន សុធារី បន្ថែម។

អ្នក​និពន្ធ​រូប​នេះ​ ដាស់​តឿន​ថា នៅ​ពេល​អ្នក​នៅ​ក្មេង​ ហើយ​មិន​មាន​បន្ទុក​ច្រើន​ កុំមិន​ខ្វល់​នឹង​មុខ​មាត់​ កេរ្ត៍​ឈ្មោះ​អ្វី​ពេក អ្នក​ឱ្យ​តម្លៃ​សេរី​ភាព​នៃ​ការ​គិត​ជា​ចម្បង​ អ៊ីចឹង​ហើយ​ ការ​បង្កើត​កម្លាំង​ជំរុញ​អារម្មណ៍​ ក៏​មិន​បាន​ពិបាក​អ្វី​ពេក​ដែរ។

"ខ្ញុំ​គ្រាន់​តែ​ប្រាប់​ខ្លួន​ឯង​នៅ​ពេល​លំបាកៗ​ថា គ្រប់​គ្នា​កើត​មក​ត្រូវ​តែ​តស៊ូ ហើយ​ដឹង​ច្បាស់​ថា​ តើ​អ្វី​ដែល​យើង​កំពុង​ចង់​ក្លាយ​ទៅ​ជា "...” នៅ​ពេល​អនាគត​ ហើយ​អនាគត​នោះ​កៀក ឬ​ឆ្ងាយ? ។ នេះ​ជា​វិធី​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​អ្នក​អាច​ឆ្លង​កាត់​បាន។

មួយ​វិញ​ទៀត​ អ្នក​និពន្ធ​រឿង "ស្រទន់មន្តស្នេហ៍" រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​បង្កើត​ឱកាស អ្នក​ខ្លះ​ហៅវាថា "PR=Public Relations ឬ Marketing ខ្លួន​ឯង" ក៏ជា​ចំណុច​​អាច​ជួយ​ឱ្យ​អ្នក​អាច​ជោគជ័យ ប៉ុន្តែ​ដំណាក់​កាល​នេះ​អ្នក​ត្រូវ​ការ​ចំណាយ ហើយ​បើ​អ្នក​មិន​មាន​លុយ​ចំណាយ​ទេ​ អ្នក​ប្រហែល​ត្រូវ​ការ​ពេលវេលា និង​កម្លាំង។

តួ​យ៉ាង​កាល​​ឆ្នាំ ២០០៥ ម៉ីសន សុធារី បាន​ក្លាយ​ទៅ​ជា​ប្រធាន​ផ្នែក​ផលិត នៅ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា (Production Manager)។ អ្នកនិពន្ធ​រូប​នេះ​ទទួល​ខុស​ត្រូវ​គម្រោង​ច្រើន ដូច្នេះ​ ធារី បាន​ស្វែង​រក​វិធី​ផ្លាស់ប្តូរ​ទម្រង់​ការ​ផ្សាយ​មួយ​ចំនួន​នៅ​ក្នុង​គម្រោង​ទាំង​នោះ ឱ្យ​ទៅ​ជា​ការ​សរសេរ​សាច់​រឿង​ ទាំង​ប្រឌិត ទាំង​ជីវិត​ពិត។

រូបភាព៖ ហ្វេសប៊ុក ម៉ីសន សុធារី

ម៉ីសន សុធារី​ បាន​ឆ្លង​កាត់​ការងារ​ផ្នែក​សង្គម​ជាង ១០​ឆ្នាំ ដោយ​បម្រើ​ការ​នៅ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា។ រយៈ​ពេល​ជាង​ ២០​ឆ្នាំ​នៃ​ជី​វិត​ការងារ​ បាន​ផ្តល់​មក​នូវ​ជំនាញ​ផ្នែក​ព័ត៌មាន​ ទាំង​វិទ្យុ កាសែត និង​ទូរទស្សន៍​ ចុង​ក្រោយ​គឺ អនឡាញ និង​ជា​អ្នក​និពន្ធ​ ដែល​មាន​​ស្នាដៃ​ទាំង​ក្នុង​ប្រលោម​លោក ជា​សៀវភៅ និង​វិវត្ត​ទៅ​ជា​កុន​ ចាក់​ផ្សាយ​​លើ​កញ្ចក់​ទូរទស្ស​ន៍នានា​​ទៀត​ផង៕

អត្ថបទ៖ ថា ម៉ាលីដា