ព្រះ​តេជ​គុណ តាក់ស៊ី ព្រម​ទទួល​យក​ការ​រិះគន់​កែ​លម្អ ដោយ​ឈប់​ចេញ​ទេសនា​ហើយ

  • 2019-07-12 07:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​តេជ​គុណ ប៉ុល សារឿង ហៅ​នាយ តាក់ស៊ី នៅ​ថ្ងៃ​នេះ បាន​ធ្វើ​កិច្ច​សន្យា​នៅ​ចំពោះព្រះ​ភ័ក្ត្រ​ព្រះ​មេគុណ​ខេត្ត និង​សង្ឃ​គ្រប់​ថានានុក្រម ទទួល​យក​ការ​ផ្អាក​ការ​ចេញ​ទេសនា​ដូច​ដែល​បាន​ធ្វើ​ប៉ុន្មាន​លើក​នា​ពេល​ថ្មី​ៗ​នេះ។

កិច្ចសន្យា​នេះ ក្រោយ​ពី​មាន​អ្នក​លេង Facebook ម្នាក់ ឈ្មោះ Sothea Yon ដែល​ជា​អតីត​អ្នក​បួស​រៀន​ម្នាក់ បាន​សរសេរ​លិខិត​បើក​ចំហ​មួយ ជូន​ព្រះ​តេជ​គុណ តាក់​ស៊ី តែ​ម្ដង ដោយ​ស្នើ​ឲ្យ​អតីត​តារា​កំប្លែង​គួរ​កុំ​ទាន់​ចេញ​ប្រោស​ញាតិញោម​តាម​រយៈ​សំដែង​ធម៌​ក្នុង​ខណៈ​ពេល​ដែល​ការ​បដិបត្តិ និង​ការ​សិក្សា​នៅ​ទន់​ជ្រាយ​នៅ​ឡើយ។

លិខិត​ចំហ​នេះ បាន​ចេញ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ព្រះ​តេជគុណ​តាក់ស៊ី ត្រូវ​បាន​គេ​ឃើញ​ថា បាន​ចេញ​សម្ដែង​ធម៌ ក្រោយ​ពី​ទើប​បាន​បួស​រៀន​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ជាហេតុ​ធ្វើ​ឲ្យ​សាធារណជន​មើល​ឃើញ​ថា ព្រះតេជ​គុណ តាក់ស៊ី កំប្លែង​ច្រើន​ជាង​សម្ដែង​ធម៌។

តប​នឹង​បញ្ហា​នេះ អតីត​តារា​កំប្លែង​របស់ ស៊ី​ធីអិន បាន​ធ្វើ​កិច្ចសន្យា​ចំពោះ​ព្រះភ័ក្ដ្រ​មេគុណ​ខេត្ត គឺ​ព្រះ​មុនី​សត្ថា​ចារ្យ​កោសល កែវ ចន្ថា និង​សង្ឃ​គ្រប់​ថានានុក្រម ដោយ​ខ្លឹមសារ​សម្រេច​ដូច​ត​ទៅ៖ ១.ឈប់​ចេញ​សម្ដែង​ធម៌​មួយ​រយៈ​ពេល។ ទី​២. ឈប់​សម្ដែង​ធម៌​ទេសនា​ដោយ​ប្រើ​កាយវិការ​មិន​សម​ជា​សាមណៈ ឬ​ប្រើ​សំឡេង​ដូច​អ្នក​កំប្លែង និង​ទី៣. គឺ​រហូត​ដល់​ខ្ញុំ​ព្រះ​ករុណា បួស​​បាន​យូរ​គួរ​សម និង​រៀន​ព្រះធម៌​វិន័យ​របស់​ព្រះពុទ្ធ​សាសនា​បាន​ច្រើន។

នៅ​ក្នុង​ខ្លឹម​សារ​បន្ត​ដែល​មាន​ក្នុង​កិច្ច​សន្យា​ដដែល ព្រះ​តេជ​គុណ តាក់ស៊ី បាន​សន្យា​ទៀត​ថា នឹង​ទទួល​ការ​ដាក់​ទោស​តាម​ច្បាប់ និង​ព្រម​ឲ្យ​ព្រះ​មេគុណ​ខេត្ត មន្ត្រី​សង្ឃ​គ្រប់​ឋានៈ និង​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កំពង់ស្ពឺ មាន​វិធានការណ៍​តាម​ព្រះធម៌​វិន័យ​របស់​ព្រះ​ពុទ្ធសាសនា៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី