កាល​នៅ​តូច​ នរណា​ខ្លះ​នៅ​ចាំ​ពាក្យ​ទាំង​នេះ របស់​ចាស់ៗ?

  • 2019-07-15 04:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ធ្លាប់​តែ​ឮ​ពាក្យ​ចាស់ៗ​ប្រៀន​ប្រដៅ​ត​ៗ​គ្នា​​ តាំង​ពី​សង្គម​ចាស់​មក​ម្ល៉េះ​។​ ថ្ងៃ​​នេះ ​Sabay សូម​រំឭក​​ពាក្យ ដែល​យុវវ័យ​តែង​តែ​ឮ​ចាស់ៗ និយាយ​កាល​នៅ​តូច​ៗ ។  

  • ១ « ញ៉ាំ​ចុង​អំពៅ ចេះ​ហែល​ទឹក»  

ទាក់​ទង​នឹង​សំនួន​ពាក្យ​នេះ​ យុវជន ហេង រតនា ជា​និស្សិត​នៅ​វិទ្យាស្ថាន ធនធាន​និស្សិត បាន​ប្រាប់​ថា «​កាល​នោះ​ធ្លាប់​តែ​ ឮ​ចាស់​ៗ និយាយ​ថា​ញ៉ាំ​ចុង​អំពៅ​ចេះ​ហែល​ទឹក ទើប​ដឹង​ឥឡូវ​ថា ញ៉ាំ​ចុង​អំពៅ​ហ្នឹង​វា​សាប​អត់​ឆ្ងាញ់!»។  

  • ២ « ស្រី​ៗ​ច្រៀង​ក្នុង​ផ្ទះ​បាយ​ ឬ​បន្ទប់​ទឹក​ បាន​ប្ដី​ពោះ​ម៉ាយ»  

អ្នកនាង​ លឹម កន្និថា សព្វ​ថ្ងៃ​ជា​បុគ្គលិក នៃ​ក្រុម​ហ៊ុន​ឯកជន​មួយ​ និង​ជា​ភរិយា​មួយ​រូប បាន​ប្រាប់​ឱ្យ​ Sabay ដឹង​ថា​ « ខ្ញុំ​មិន​ជឿ​ទេ ព្រោះ​កាល​មិន​ទាន់​មាន​គ្រួសារ​ ខ្ញុំ​ច្រៀង​រហូត​ហ្នឹង ផ្ទះ​បាយ​បន្ទប់​ទឹក​អី តែ​គ្រួសារ​ខ្ញុំ​នៅ​លីវ​ទេ មិន​មែន​ពោះ​ម៉ាយ​ផង»។ អ្នក​នាង​ក៏​បាន​បន្ថែម​ទៀត​ថា កាល​ដែរ​ចាស់ៗ​និយាយ​បែប​នេះ​ ប្រហែល​ជា​គាត់​ចង់​បន្ទន់​ឥរិយាបថ​កូន​ស្រី​កុំ​ឱ្យ​ស្រែក​ច្រៀង រំលង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​។  

  • ៣ « ហាល​ខោ​អាវ​ពេល​យប់ ប្រយ័ត្ន​អាប​ជូត​មាត់»  

កញ្ញា​ កែវ រ៉ាវី​ អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រាប់​ឱ្យ​ Sabay ដឹង​ថា កញ្ញា​ជឿ​ពាក្យ​ដែល​ចាស់ៗ​និយាយ​បែប​នេះ មិន​មែន​ចាញ់​បោក​គាត់​ឡើយ។ និស្សិត​ប្រវត្តិវិទ្យា​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា កាល​ដែល​កញ្ញា​អាយុ​ ១០ ឬ ១១ ឆ្នាំ​ កញ្ញា​ហាល​ខោ​អាវ​ពេល​យប់​ លុះ​ព្រឹក​ឡើង ក៏​ឃើញ​មាន​ស្នាម​ឈាម​នៅ​ជាប់​អាវ​របស់​ខ្លួន ក្រោយ​ដឹង​រឿង​នេះ ជីដូន​របស់​រ៉ាវី​បាន​ យក​អាវ​នោះ​ទៅ​ដុត​ចោល។ «​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​ដែល​ហាល​ខោអាវ​ពេល​យប់​ឡើយ» ។ នេះ​ជា​ការ​អះអាង​របស់​រ៉ាវី​។  

ចំណែក​កញ្ញា​ សុខ ស្រី​មុំ វិញ បាន​ប្រាប់​ថា កញ្ញា​មិន​ជឿ​ឡើយ ដោយ​សម្អាង​លើ​ហេតុផល​ ពីរ​យ៉ាង។ អតីត​សិស្ស​ វិទ្យាល័យ​ភ្នំពេញ​ថ្មី​ រូប​នេះ​បាន​​បន្ត​ថា ហេតុផល​ពីរ​នោះ​គឺ ទី​មួយ ខ្លាច​គេ​លួច ទី​ពីរ ហាល​ពេល​យប់​គ្មាន​កម្ដៅ​ថ្ងៃ​គ្រប់​គ្រាន់​ទេ ដូច្នេះ​ផង់​ធូលី​ដែល​ហើរ​ ២៤ ម៉ោង​នោះ​ នឹង​ទំ​លើ​សំលៀកបំពាក់ បង្ក​ជា​បាក់តេរី។ ​​  

  • ៤ « ចូល​ចិត្ត​ញ៉ាំ​ម្ទេស​ ជា​សត្វ​សេក»  

លោក ឌី វុត្ថា ជា​បុគ្គលិក​នៃ​ស្ថាប័ន​រដ្ឋ​មួយ​បាន​ប្រាប់​ថា សត្វ​សេក​ដែល​ម្ចាស់​ចង់​ឱ្យ​ចេះ​និយាយ គេ​ឱ្យ​វា​ស៊ី​ម្ទេស ដូច្នេះ​​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ម្ទេស ចាស់ៗ​ប្រៀប​ប្រដូច​នឹង​សត្វ​សេក។  

  • ៥ « ពាក់​អាវ​បញ្ច្រាស​ ខ្មោច​លង»  

«ខ្ញុំ​មិន​ដឹង​ដែរ​បង! គ្រាន់​តែ​ដឹង​ថា ខ្មោច​ចិន​គេ​ពាក់​អាវ​បញ្ច្រាស​អា​មុខ​ទៅ​ក្រោយ អា​ក្រោយ​ទៅ​មុខ»។ នេះ​ជា​ការ​លើក ឡើង​របស់ យុវជន ទី ណារ៉ូ​សិស្ស​វិទ្យាល័យ ទួល​ស្វាយ​ព្រៃ​បាន​ប្រាប់។ ណារ៉ូ ក៏​បាន​អះអាង​ទៀត​ថា ចាស់ៗ​ប្រហែល​​ជា​ចង់​ឱ្យ​យើង ពាក់​អាវ​ឱ្យ​មាន​របៀប​រៀបរយ កុំ​ពាក់​ដូច​ខ្មោច មិនមែន​ពាក់​បញ្ច្រាស​ខ្មោច​លង​នោះ​ទេ។  

  • ៦ « ដើរ​ក្រោម​ស្នួល​ខោ​អាវ រៀន​អត់​ចេះ»  

«អត់​ដើរ​ (ក្រោម​ស្នួល​) ក៏​ដោយ តែ​គេច​សាលា​ស្មាន​តែ​រៀន​ចេះ​​ហ្អី?» នេះ​ជា​ការ​លើក​ឡើង​របស់​លោក ភី បូវីន​បុគ្គលិក​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង។ លោក បូវីន ក៏​បន្ថែម​ទៀត​ថា គ្រប់​ឃ្លា​ឃ្លោង​ ពី​ចាស់ៗ​តែង​មាន​ហេតុផល របស់​គាត់​ខុស​ពី​អ្វី​ដែល​គាត់​បាន​ប្រាប់​ តែ​រឿង​នេះ​អាច​និយាយ​បាន​ថា ស្នួល​ខោ​អាវ​ជា​កន្លែង​ ហាល​ទាំង​ឈុត​ក្រៅ​ឈុត​ក្នុង ហើយ​ពេល​ដើរ​ទៅ​វា​មិន​ល្អ​មើល។  

  • ៧ «​ ឱ្យ​គេ​ហើយ​យក​វិញ ​ពក ​ក»  

«គាត់​ប្រហែល​ជា​មិន​ចង់​ឱ្យ​យើង​ឱ្យ​គេ​ហើយ យក​ពី​គេ​វិញ​ វា​អាក្រក់​មើល ហើយ​មួយ​ទៀត​ក៏​អាច​និយាយ​បាន​ថា អ្នក​ដែល​និយាយ​ពាក្យ​នេះ​ខ្លាច​គេ​យក​របស់​វិញ ក៏​និយាយ​ចឹង​ដាក់​គេ​ទៅ» នេះ​ជា​ទស្សនៈ​របស់​យុវតី ហ៊ុយ​ស្រីនាថ អ្នក​ខេត្ត​កំពង់​ចាម។  

  • ៨ «ចង្អុល​ឥន្ទធនូ​ កំបុត​ដៃ»  

«ខ្ញុំ​ឮ​តែ​ចាស់​ៗ និយាយ​ដែរ​ តែ​មិន​ដឹង​ថា​ហេតុ​អី​ផង» នេះ​ជា​ការ​ឆ្លើយ​តប​របស់​យុវតី សឹង ស្រីឡា​ និស្សិត​ឆ្នាំ​ទី​មួយ​នៅ​ សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប។ ស្រី​ឡា ក៏​ប្រាប់​ទៀត​ថា «​ប្រហែល​ជា​គាត់​មិន​ចង់​ឱ្យ​ក្មេង​ចេះ​ចង្អុល​ ឬ​ក៏​ការ​ចង្អុល​ជា​រឿង​មិន​ល្អ ប្រហែល​ចឹង​ក៏​មិន​ដឹង!»។  

  • ៩ « កើត​ចៃ​លើ​ក្បាល ប្រយ័ត្ន​ចៃ​សែង​ទម្លាក់​ទឹក»  

  • «កើត​ចៃ​គគ្រិច​ ណាស់​! ចឹង​បាន​ចាស់ៗ​ចេះ​តែ​បន្លាច​ដើម្បី​ឱ្យ​ ក្មេងៗ​កម្ចាត់​ចៃ​ចេញ» កញ្ញា​ អុំ​ ឆឹង​និមល​ បាន​លើក​ឡើង។

 

  • ១០ «ញ៉ាំ​បាយ​បោស​ចាន​ឮ​ៗ ជាតិ​ក្រោយ​កើត​ជា​សត្វ​ក្រពើ»  

«រឿង​នេះ​វា​ទាក់​ទង​នឹង​សុជីវធម៌​ពេល​ញ៉ាំ​បាយ​សុទ្ធសាធ! ប្រហែល​ជា​ពេល​នោះ​នៅ​ក្មេង​អត់​ទាន់​ស្គាល់​អី​ថា ជា​សុជីវធម៌​ទេ ទើប​គាត់​លេង​ផ្លូវ​កាត់​ ដោយ​បន្លាច​យ៉ាង​នេះ!» យុវជន​ កង សុខ​ហេង និស្សិត​ IT នៅ​សាកល​វិទ្យាល័យ​ន័រតុន​បាន​ប្រាប់​Sabay។  

ទាំង​នេះ​ គឺ​ជា​ ការ​លើក​ឡើង​របស់​ប្រិយមិត្ត ​Sabay ចុះ​ចំណែក​ប្រិយមិត្ត​វិញ ធ្លាប់​ឮ​ ពាក្យ​ទាំង​នេះ​ដែរ​ឬ​ទេ? តើ​ជឿ​ពួក​គាត់​ដែរ​ឬ​អត់?  

អត្ថបទ៖ គង់ ច័ន្ទ​វ៉ាន់ណេង

អត្ថបទពេញនិយម