៦ ចំណុចត្រូវដឹង ពីអ្នកជំនាញមុនពេលសម្រេចចិត្តទិញ RX300 មួយទឹកជិះ
- 2019-07-22 01:49:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ ចំណុចត្រូវដឹង ពីអ្នកជំនាញមុនពេលសម្រេចចិត្តទិញ RX300 មួយទឹកជិះ
ចន្លោះមិនឃើញ
ការប្រើប្រាស់ឡានមួយទឹកក្នុងស្រុកពេលបច្ចុប្បន្នបានគ្របដណ្ដប់លើទីផ្សារ ដោយសារទំនោរនៃភាពពេញនិយមមានការកើនឡើង គួបផ្សំជាមួយតម្លៃធូរថ្លៃធ្វើពលរដ្ឋខ្មែរអាចមានលទ្ធិភាពទិញឡានទាំងនេះយកមកប្រើប្រាស់។
ថ្ងៃនេះ Sabay សូមបង្ហាញ ៦ចំណុចមុនទិញ RX300 មួយទឹកជិះនៅខ្មែរ៖
ស៊េរីឆ្នាំ
ឡាន Lexus RX300 បើទិញជិះគួរទិញចាប់ពីស៊េរីឆ្នាំ ២០០០ ឡើង។ ចំពោះការលើកឡើងដូច្នេះ លោក គីម ហួតថៅកែការ៉ាសកែច្នៃរថយន្ត VKH អះអាងថា គ្រឿងម៉ាស៊ីននិងប្រព័ន្ធផ្នែកខាងក្នុងរថយន្ត Lexus RX 300 ស៊េរី ១៩៩៩ មិនសូវទំនើបនិងធន់ដូចពពួកស៊េរីចាប់ពី ឆ្នាំ ២០០០ ឡើយ។
លោកបន្ថែមថាត្រកូល RX 300 ស៊េរីក្រោមឆ្នាំ ២០០០ ស៊ីសាំង ដោយសារម៉ាស៊ីនវាធំហើយគ្រឿងម៉ាស៊ីនរាងចាស់ ចំណែកឆ្នាំ ២០០០ ឡើងសមល្មមអាចទិញប្រើ ព្រោះគ្រឿងម៉ាស៊ីននិងប្រព័ន្ធផ្សេងទំនើប ធន់ និងស៊ីសាំងតិចជាងដោយចម្ងាយផ្លូវ ១០០គ.ម ស៊ីសាំងប្រមាណពី ១៣ ទៅ ១៤ លីត្រ។
ប្រភេទ Option
Option ក៏ជាផ្នែកមួយដែលអ្នកទិញឡានLexus ប្រភេទ RX300 គួរពិចារណា។ សម្រាប់ Option RX300 មាន ៣ ប្រភេទគឺ ប្រភេទធម្មតា ប្រភេទ Half option និងប្រភេទ full option ហើយម៉ូដែលពេញនិយមមានដូចជា Lexus 300 ។
ត្រងចំណុចនេះអ្នកគួរសម្រេចចិត្តទិញប្រភេទHalf option ឬfull option ឡើងទៅ ព្រោះមានភាពខុសគ្នាពីប្រភេទធម្មតាដូចជា មានភ្លើងឡាស៊ែរ ដែលវាអាចរេតាមស្ថានភាពផ្លូវ កៅអីអង្គុយ ហើយលក្ខណៈសំគាល់មួយទៀតគឺអេក្រង់។ សម្រាប់ full option មានអេក្រង់អាចប៉ះបញ្ជាដោយផ្ទាល់ តែចំពោះប្រភេទ Half Options វិញ មានអេក្រង់ដែរ តែមិនអាចបញ្ជាបានទេ គឺគេប្រើប៊ូតុងចុច ឯប្រភេទធម្មតាអត់មានអេក្រង់ទេ ឯលក្ខណៈផ្សេងទៀតដូចគ្នា ឫខុសគ្នាតិចតួច។
ប្រភេទប៉ុង
លោក រិទ្ធី អ្នកជំនាញមើលឡានបានប្រាប់ Sabay ថាអ្នកប្រើប្រាស់ឡានមួយទឹកក្នុងស្រុកគួរទិញប្រភេទប៉ុង ១ ប្រើព្រោះឡានប្រភេទនេះនាំចូលពីសហរដ្ឋអាមេរិក មានស្ថានភាពប្រើប្រាស់ដូចស្រុកយើងច្រើនធ្វើឲ្យឡានប្រភេទនេះនៅមានសភាពស្អាត។ ចំណែកប៉ុង ២ ប្រើនៅតំបន់មានព្រិល តំបន់ទឹកលិចក្បែរមាត់សមុទ្រ និងផ្លូវប្រភេទពិបាកៗ ដែលធ្វើឲ្យរថយន្តប្រភេទប៉ុង២នេះមិនសូវស្អាត ឆាប់ច្រេះ ខូចគ្រឿងក្រោម ជាហេតុពុំសូវមានគេនាំចូល។
លោកប្រាប់ថា រថយន្ត Lexus RX300 ប៉ុង ១ មានតម្លៃថ្លៃជាងប៉ុង ២ ប្រមាណជា ១ ០០០ ដុល្លារ ដោយសារភាពពេញនិយមសម្រាប់ទីផ្សារស្រុកយើង។
កម្រិតស៊ីសាំង
អ្នកប្រើប្រាស់តែងតែចង់បានរថយន្តប៉ុង ១ ជាងប៉ុង ២ ព្រោះគិតថាស៊ីសាំងតិច ជាងរថយន្តប៉ុង ២ ណាមួយពុំសូវប្រើប្រាស់នៅលើផ្លូវលំបាកច្រើន។ ម្យ៉ាងទៀតគិតថាឡានប្រភេទប៉ុង ១ មានទីផ្សារជាង ងាយស្រួលលក់ចេញ ឬចងប្ដូរស៊េរីថ្មីដោយមិនសូវខាតច្រើន។
ប្រភេទប៉ុងមួយម៉ាស៊ីន៖ ស៊ីឡាំង ៦ ទំហំ ៣,០ លីត្រ កម្រិតស៊ីសាំង៖ ក្នុងក្រុង ១៣,៣៨ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,៦៩ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងពីរម៉ាស៊ីន៖ ស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ កម្រិតស៊ីសាំង៖ ក្នុងក្រុង ១៤,៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១១,២ លីត្រ/ ១០០ គ.ម។
អាចខុសបន្តិចបន្តួចដោយសារការប្រើប្រាស់ក្នុងស្រុកជាប្រភេទឡានមួយទឹក។
ពណ៌
លោក វ៉ា វណ្ណ ម្ចាស់ឃ្លាំងលក់ឡាន Y168 បានឲ្យដឹងថាពណ៌ដែលកំពុងពេញនិយមភាគច្រើនគឺពណ៌សព្រោះជាពណ៌ដែលមានអ្នកប្រើប្រាស់ច្រើន មានទីផ្សារខ្ពស់ហើយតម្លៃក៏ថ្លៃជាងបន្តិចដែរ។ លោកបន្តថាមូលហេតុដែលបើពណ៌សថ្លៃជាងពណ៌ផ្សេងៗ មកពីកត្តាការនិយមតៗគ្នារបស់អ្នកប្រើប្រាស់។ ភាគច្រើនឡានពណ៌ផ្សេងមិនសូវនិយមទេ អ្នកជិះនៅស្រុកខ្មែរ បើមានក៏តិចតួចដែរដូចជាពណ៌មាស ពណ៌ស្ករ ពណ៌ខៀវ ពណ៌ខ្មៅជាដើម។
បើនិយាយពីតម្លៃវិញពណ៌សមានតម្លៃថ្លៃជាងពណ៌ផ្សេងប្រមាណជា ២ ០០០ ដុល្លារ ដោយគិតទាំងប្រភេទ Base Option, Half full និង Full Options ក៏ដោយ។
ពេលលក់ចេញ
ពេលទិញជិះហើយចង់ប្ដូរស៊េរីថ្មីអាចមានភាពងាយស្រួលលក់ចេញប្រសិនបើអ្នកប្រើប្រាស់ឡានប្រភេទពេញនិយមដូចជា ប្រភេទប៉ុង ស៊េរីឆ្នាំ ពណ៌។ ម្យ៉ាងទៀតស៊េរីពួក Lexus RX មួយទឹកនេះ កំពុងមានអ្នកប្រើប្រាស់ច្រើនដូចនេះធ្វើឲ្យពេលលក់ចេញមិនសូវខាតច្រើនដូចស៊េរីដទៃឡើយ ដោយសារវាជាប្រភេទរថយន្តពេញនិយមស្រាប់ទាំងអ្នកប្រើជាលក្ខណៈគ្រួសារ និងប្រកបរបររតតាក់ស៊ីជាដើម៕
ចុចអានបន្ត៖
មើលប៉ុន្មានចំណុចនេះ មុនពេលកាន់លុយទាំងម៉ឺនទៅទិញ Prius មួយទឹកជិះ
ដឹង ៧ ចំណុចងាយសម្រេចចិត្តទិញ RX330 មួយទឹកជិះកុំឲ្យខកចិត្ត