ថៃគ្រោងចេញច្បាប់ ហាមឡានធំចូលក្រុងមុនកណ្ដាលអាធ្រាត្រ បើហ៊ានល្មើសនឹងរងពិន័យធ្ងន់ក

  • 2019-08-05 02:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ទីក្រុង​បាងកក កំពុង​ធ្វើ​ការ​សិក្សា​ដើម្បី​ចេញ​ច្បាប់​ថ្មី​ហាម​ប្រាម​មិន​ឲ្យ​ឡាន​ដឹក​ទំនិញ​ធំ​ៗ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​មុន​កណ្ដាល​អាធ្រាត្រ​នោះ​ទេ ខណៈ​ដែល​អ្នក​ហ៊ាន​ល្មើស​នឹង​ត្រូវ​រង​ពិន័យ​ធ្ងន់​ក។

យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ថៃ​លោក Saksayam Chidchob ឲ្យ​ដឹង​ថា​ជាមួយ​នឹង​ច្បាប់​ថ្មី​នេះ ឡាន​ដឹក​ទំនិញ​ធំ​ៗ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ​ក្នុង​ទីក្រុង​បាងកក​ចាប់​ពី​វេលា​កណ្ដាល​អាធ្រាត្រ​រហូត​ដល់​ម៉ោង ៤​ទៀប​ភ្លឺ​ប៉ុណ្ណោះ។ ជាមួយគ្នា ច្បាប់​ថ្មីនេះ ក៏​នឹង​ធ្វើ​ការ​កំណត់​ល្បឿន​បើកបរ​នៅ​លើ​ផ្លូវ​ហាយវ៉េ​ពី ៩០​គីឡូម៉ែត្រ ទៅ ១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ផង​ដែរ។ ប្រភព​ដដែល​បន្ដ​ថា ច្បាប់​ថ្មី​នេះ ត្រូវ​បាន​ស្នើ​ឡើង​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរចា​ក្នុង​ទីក្រុង​ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​របស់​ប្រទេស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ជា​រៀង​រាល់​ឆ្នាំ។

យ៉ាង​ណា​មិញ ខាង​ក្រសួង​ដឹក​ជញ្ជូន​ថៃ នឹង​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត​រយៈ​ពេល ១​ខែ​មុន​សម្រេច​អនុម័ត​ជា​ផ្លូវ​ការ។ គួរ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ឡាន​ដឹក​ទំនិញ​ធំ​ៗ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើកបរ​ក្នុង​ទីក្រុង​បាងកក​ចាប់​ពី​ម៉ោង ១០​ព្រឹក​រហូត​ដល់ ៣​រសៀល​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ការ​កក​ស្ទះ​ខ្លាំង​ជា​ញឹកញាប់៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន