លោក គួច ចំរើន ណែនាំ​ឱ្យ​យកគ្រឿងចក្រ​កាយ​សំរាមចេញពីមាត់លូ ដើម្បី​រំដោះទឹក​ជំនន់

  • 2019-08-09 08:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ណែនាំ​ឱ្យមន្ត្រី​ជំនាញ មាន​ដូចជា មន្ទីរ​ធនធាន​ទឹក មន្ទីរ​សាធារណការ មន្ទីរ​បរិស្ថាន និង​អាជ្ញាធរ​ក្រុង ត្រូវយក​គ្រឿងចក្រ​កាយ​យក​សំរាម​ចេញពី​មាត់លូ និងកាយ​ប្រឡាយ​ឱ្យបាន​ធំទូលាយ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​ក្នុងក្រុង​ព្រះសីហនុ។ ការ​ណែនាំ​នេះ ក្នុងពេល​លោក​ចុះ​ ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុងក្រុង​ព្រះសីហនុ នាព្រឹក​ទី៩ ខែ​សីហា ឆ្នាំ​២០១៩។

ស្ថានភាព​ភ្លៀង​បាន​បង្អុរ​ធ្លាក់​ឥត​ឈប់ឈរ​កាលពី​យប់ថ្ងៃ​ទី៨ ខែសីហា រហូតមក​ដល់​ព្រឹក​ថ្ងៃទី៩ ខែ​សីហា ឆ្នាំ២០១៩ ធ្វើឱ្យតំបន់​ទំនាប​មួយចំនួន​ក្នុងក្រុង​ព្រះសីហនុ កំពុង​ប្រឈម​នឹង​លិចដោយ​ជំនន់​ទឹកភ្លៀង​បង្ក​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផងដែរ។

ទន្ទឹមនោះ​លោកអភិបាល​ខេត្ត​ក៏បាន​សំណូមពរប្រជាពលរដ្ឋ មានការ​យោគយល់ ព្រោះនេះ​ជាគ្រោះ​ធម្មជាតិ ដែល​ត្រូវរួមគ្នា​រកវិធី​ដោះស្រាយ​បញ្ចៀស​ជំនន់​ទឹកភ្លៀង​ចេញពី​ក្រុង​បានទាន់​ពេលវេលា។

ក្នុងឱកាស​នោះ លោក​ គួច ចំរើន បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះពិនិត្យ​មើលស្ថានភាព​ជំនន់​ទឹកភ្លៀង នៅស្ពាន​អូរសំអាត ផ្លូវអូ១ ដល់អូ៥ ស្ពាន L.V និងបន្ត​ទៅកន្លែងមួយ​ចំនួនទៀត​ដែលកំពុង​រងការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងក្រុង​ព្រះសីហនុ។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង​បានលិច​សម្ភារៈ​របស់​ប្រជាពលរដ្ឋ មាន​ដូចជា ឡាន ម៉ូតូ និង​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​ផ្សេងទៀត​ផងដែរ៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី