ក្ដៅៗ! Real និង Barca ព្រមព្រៀង​រើស​ថ្ងៃ​ El Clasico ថ្មី​ហើយ!

  • 2019-10-18 13:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​អម្បាញ់មិញ​នេះ ក្លឹប Real Madrid និង​ក្លឹប Barcelona ចេញ​សេចក្ដីថ្លែងការណ៍​ថា ក្លឹប​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​លេង​ប្រកួត​ El Clasico នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ២០១៩ នៅ​ក្នុង​ទឹកដី​ Camp Nou។

កាល​ពី​ពេល​ថ្មីៗ​នេះ​ សហព័ន្ធ​បាល់ទាត់​ភូមិន្ទ​អេស្ប៉ាញ​បាន​ស្នើ​ឲ្យ​ប្រកួត​ El Clasico លើក​ទី១ លេង​នៅ​ទឹកដី​ Real Madrid។ យ៉ាងណាមិញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្លឹប Barcelona បាន​បដិសេធ​ ដោយ​អះអាង​ថា​ខ្លួន​ជឿជាក់​ពី​សន្តិសុខ​ និង​សុវត្ថិភាព​អំឡុង​ពេល​ការ​ប្រកួត។

ក្រោយ​មក គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ក៏​ទុក​ពេល​ឲ្យ​ក្លឹប​យក្ស​ទាំង​ពីរ​សម្រេច​រហូត​ដល់​ថ្ងៃ​ទី២១ ខែ​តុលា។ ក្នុង​ថ្ងៃ​សុក្រ​នេះ ក្លឹប​ទាំង​ពីរ​ក៏​សម្រេច​ជ្រើសរើស​ថ្ងៃ​ទី១៨ ខែ​ធ្នូ។

គួរ​រម្លឹក​ផង​ដែរ​ថា ក្នុង​ពេល​ថ្មីៗ​នេះ​ ផ្ទុះ​ការ​តវ៉ា​នៅ​តំបន់​កាតាឡាន់ ជា​ពិសេស​ទីក្រុង​បាសេឡូណា ដោយសារ​តែ​តុលាការ​កំពូល​អេស្ប៉ាញ​ចេញ​សាលក្រម​ដាក់​ទោស​សកម្មជន​ទាមទារ​ឯករាជ្យ​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៩ ទៅ ១៣ឆ្នាំ។

ក្លឹប​ Barcelona ជានិច្ចកាល​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បង្ហាញ​ពី​ការ​គាំទ្រ​នូវ​ការ​ទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​កាតាឡាន់ តាម​រយៈ​ការ​បង្ហោះ​លើ​ទំព័រ​បណ្ដាញសង្គម ក៏​ដូច​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​អ្នក​គាំទ្រ​គ្រវី​ទង់ជាតិ​កាតាឡាន់​ក្នុង​ពេល​ប្រកួត​ (ជាពិសេស​ប្រកួត El Clasico) ជា​ដើម៕

ប្រភព៖ FC Barcelona | Real Madrid   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម