ផែនការ ក្រុងឆ្លាតវៃ កំពុងបញ្ជ្រាបនៅក្នុងវិស័យអប់រំ

  • 2019-12-17 04:08:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បឹតតែប្រទេសកម្ពុជាមិនមែនជាប្រទេសអភិវឌ្ឈន៍ ប៉ុន្ដែប្រទេសមួយនេះស្ថិតនៅកំពុងអភិវឌ្ឈន៍ ក៏បានត្រៀមខ្លួនឲ្យស្របតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបនៅលើពិភពលោក។

«យើងមិនមែនជាប្រទេសអភិវឌ្ឈន៍ តែយើងជាប្រទេសកំពុងអភិវឌ្ឈន៍ តើយើងត្រៀមខ្លួនបានប៉ុណ្ណា ដើម្បីដើរឲ្យទាន់សម័យបច្ចេកវិទ្យា?»។ នេះជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានធ្វើបឋកឋា ស្ដីពី "Smart City and Smart Building: the Role of Education Sector" នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី ១៧ ខែធ្នូ ២០១៩។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងទៀតថា ប្រទេសកម្ពុជាបានកំណត់ក្រុងចំនួន៣ ដើម្បីសាកល្បងផែនការក្រុងឆ្លាតវៃ គឺក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។ ដូច្នេះវិស័យអប់រំ ក៏ត្រូវសម្របខ្លួនឲ្យបានលឿននូវផែនការនេះ ដោយត្រូវផ្ដោតលើសេវាអប់រំឆ្លាតវៃ ដោយទាំងគ្រូ និងសិស្ស ឆ្លាតវៃ និងបច្ចេកវិទ្យាទំនើប។

ឯកឧត្តមបានបញ្ជាក់ថា គម្រោងឆ្លាតវៃ គឺមិនអនុវត្តន៍ទូទាំងប្រទេស​នោះទេ គឺជ្រើសរើស​ក្រុង​ណាមួយ ជាក្រុងឆ្លាតវៃ (Smart City) អគារឆ្លាតវៃ (Building City) សាលាឆ្លាតវៃ (Smart School) ជាដើម។

គេនៅចាំបានថា កាលពីខែមេសា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានព្រមព្រៀងជាគោលការណ៍ឲ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រៀបចំបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន ដែលគាំទ្រដល់ការបង្កើតតំបន់ក្រុង ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅកម្ពុជា ក្នុងនោះទីក្រុងចំនួនបីត្រូវបានជ្រើសរើសរួមមាន៖ ក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។

នៅក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន គេបានកំណត់ដាក់សាកល្បងទីក្រុងទាំងអស់ចំនួន ២៦ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្របខណ្ឌទីក្រុងឆ្លាតវៃអាស៊ាន គេបានកំណត់ថា ទីក្រុងឆ្លាតវៃជាទីក្រុងមួយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងព័ន្ធឌីជីថលបួករួមនឹងមធ្យោបាយមិនមែនបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ទីក្រុង ពោលគឺធ្វើឲ្យយ៉ាងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទូទៅ និងបង្កើតឱកាសថ្មីៗ។

នៅក្នុងដំណាក់ការបដិវត្តន៍ឧស្សាហកម្មបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ស្ទើរគ្រប់វិស័យត្រូវបង្កើនល្បឿនឲ្យទាន់នឹងបច្ចេកវិទ្យា។ នៅត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា ក្រសួងអបរំ ក៏បានបោះមួយជំហានរួចហើយ ដោយបង្កើតនៅ «សាលាជំនាន់ថ្មី»

សូមរំលឹកថា សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយ ដែលក្រសួងអប់រំបានដាក់ឲ្យអនុវត្តន៍ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០១៥។ ការអនុវត្តន៍នេះ គឺធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សាផងដែរ ក្នុងបំណងធ្វើឲ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។

ដើម្បីធ្វើឲ្យការអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះទទួលបានជោគជ័យ នៅឆ្នាំ២០១៦កន្លងទៅ ក្រសួងអប់រំ បានដាក់ចេញនូវចំណុចជាច្រើន អំពីគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មីនេះផងដែរ ដើម្បីធានាផ្តល់នូវការអប់រំមួយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា