ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវនិងពលរដ្ឋ ៩០ម៉ឺននាក់ បានចូលកម្សាន្តនាអំឡុងពេលបុណ្យសមុទ្រនៅខេត្តកំពត

  • 2019-12-23 03:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា នាអំឡុងពេលពិធីបុណ្យសមុទ្រនៅខេត្តកំពត មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណ ៨០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍កម្សាន្តនានានោះ ក៏បានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ និងរលូនទៅមុខផងដែរ ពោលការរៀបចំព្រឹត្តិការណ៍នេះគឺបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។ នេះ​បើយោងតាម​ផេកផ្លូវការ របស់​ក្រសួង​ទេសចរណ៍ បាន​បង្ហោះ​កាលពីព្រឹក​ថ្ងៃ​ទី ២៣ ខែធ្នូ ២០១៩នេះ។​

ឯកឧត្តមបានបញ្ជាក់ថា ថ្ងៃទី១ នៃពិធីបុណ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី២នៃពិធីបុណ្យ ថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមប្រមាណ ៤០ម៉ឺននាក់ និងថ្ងៃទី៣មានប្រមាណ ៣០ម៉ឺននាក់ សរុបគឺមានចំនួនប្រមាណ ៩០ម៉ឺននាក់ (ភ្ញៀវទៅទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តកំពតមានប្រមាណ ៤ម៉ឺននាក់) ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦ ០០០​នាក់ ពោលគឺលើសការរំពឹងទុកទៅទៀត។ កាលពីបុណ្យសមុទ្រនៅខេត្តកំពតជុំទី១ មានភ្ញៀវចូលទស្សនាកម្សាន្តតែ ៣៥ម៉ឺនប៉ុណ្ណោះ។

ថ្លែងនាពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នារាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានគោរពថ្លែងអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អនុសាសន៍ដ៏មានតម្លៃដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នា នាពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រជាផ្លូវការ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានប្តេជ្ញាអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នរឱ្យប្រកបដោយនិរន្តរភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែម។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីថោង ខុន ក៏បានផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធខិតខំផ្ដល់ហេដ្ឋរចនាសម្ពន្ធឯកជន ក្នុងនោះសហគមន៍ទេសចរណ៍ក៏ត្រូវខិតខំបង្កើតផលិតផលឱ្យបានច្រើន ពោលផលិតផលដែលប្រកបដោយគុណភាព ចំណែកឯប្រជាពលរដ្ឋក៏សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ផ្តល់បដិសណ្ឋារកិច្ចដ៏ល្អពេញចិត្តដល់ភ្ញៀវទេសចរ ដាច់ខាតមិនត្រូវបន្លំ ឬបោកប្រាសភ្ញៀវឱ្យសោះ។

ឯកឧត្តមបានបន្តថា «បុណ្យសមុទ្រលើកទី៨ ជុំទី២នេះ យើងបានឃើញប្រត្យក្សអំពីស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវរបស់គ្រប់ផ្នែកគ្រប់ថ្នាក់ ទាំងប្រជាពលរដ្ឋ ទាំងសាធារណៈ និងឯកជន»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងនោះ ទឹកដីកម្ពុជានឹងកាន់តែមានការអភិវឌ្ឍជឿនលឿនឆាប់រហ័ស ជីវភាពរស់នៅកាន់តែបានរីកចម្រីកឥតឈប់ឈរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋនៅខេត្តកំពត ក៏ដូចជាខេត្តកោះកុង ព្រះសីហនុ និងខេត្តកែប សូមត្រៀមខ្លួនទទួលអបអរសាទរ និងចូលរួមក្នុងព្រិត្តិការណ៍ប្រណាំងកង់អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ០៤-០៦ ខែមករា ឆ្នាំ២០២០ ខាងមុខ៕

រូបភាព៖ ក្រសួងទេសចរណ៍

ប្រភព៖ ផេកផ្លូវការក្រសួងទេសចរណ៍

អត្ថបទថ្មី