តាមការបង្ហើប ពិធីរៀបការ នៅ ស៊ីនឿន អាចនឹងទៅធ្វើនៅលើទឹកដីសហរដ្ឋអាមេរិក
- 2020-01-03 02:12:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមការបង្ហើប ពិធីរៀបការ នៅ ស៊ីនឿន អាចនឹងទៅធ្វើនៅលើទឹកដីសហរដ្ឋអាមេរិក
ចន្លោះមិនឃើញ
សិល្បករក្នុងស្រុកទាំងអស់ ក្នុងនោះរាប់ទាំងអ្នកដែលបានគូគាប់ទ្រនាប់ចិត្តជាអ្នករស់នៅស្រុកគេផង តែងធ្វើពិធីរៀបមង្គលការនៅក្នុងស្រុក ប៉ុន្តែលោក នៅ ស៊ីនឿន តារាចម្រៀងផលិតកម្មហង្សមាស បានបញ្ជាក់ថា លោកទំនងនឹងមិនរៀបការនៅក្នុងស្រុកនោះទេ។
លោក នៅ ស៊ីនឿន ត្រូវបានគេឃើញបណ្ដើរគូស្នេហ៍វ័យក្មេង និងស្រស់ស្អាតរបស់ខ្លួនទៅចូលរួមមង្គលមិត្តភ័ក្ដិសិល្បៈកាលពីចុងឆ្នាំ ២០១៩។ ក្នុងសកម្មភាពស្និទ្ធស្នាលជាចំហរបែបនេះ តារាចម្រៀងហង្សមាស រូបនេះ ត្រូវបានគេសង្ស័យថា អាចនឹងចូលរោងការឆាប់ៗដែរមិនខាន។ យ៉ាងណា ការសង្ស័យនេះ ត្រូវបានតារាប្រុស បានបដិសេធ។
លោក ស៊ីនឿន បានបញ្ជាក់ថា លោក និងគូស្នេហ៍ដែលជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកឈ្មោះ ដូមីនិក នោះ មិនទាន់មានគម្រោងចូលរោងការជាមួយគ្នានៅឡើយទេ បើទោះបានភ្ជាប់ពាក្យជិត១ឆ្នាំទៅហើយក្ដី។ លើកលើកឡើងថា "អត់ទេ...អត់ទាន់ប្រាប់បានថា រៀបការពេលណាទេបង...ព្រោះម្នាក់ៗរវល់រៀងៗខ្លួន...និយាយទៅ អត់ទាន់អាចនិយាយបានតែម្ដង"។
តារាប្រុសមកពីខេត្តព្រៃវែង បញ្ជាក់ថា រឿងរៀបការ គឺជារឿងសំខាន់របស់ពលរដ្ឋកម្ពុជាគ្រប់រូប ហើយលោកក៏ដូចគ្នា គ្រាន់តែមិនដឹងថាពិធីដ៏សំខាន់នេះនឹងធ្វើនៅពេលណា ដោយសារតែមិនទាន់បានជជែកគ្នាឲ្យច្បាស់លាស់នៅឡើយពីបញ្ហានេះ ហេតុផល គឺដោយសារពួកលោករវល់រៀងខ្លួននៅឡើយ។ ប៉ុន្តែអ្វីដែលអាចបង្ហើបបាននោះគឺថា លោកទំនងនឹងមិនរៀបការនៅស្រុកខ្មែរនោះទេ។
តារាចម្រៀងមកពីខេត្តព្រៃវែង ប្រាប់ថា លោក នឹងរៀបការនៅលើទឹកដីសហរដ្ឋអាមេរិក ព្រោះដោយហេតុថា សាច់ញាតិខាងអនាគតភរិយាលោក រស់នៅសហរដ្ឋអាមេរិកទាំងអស់។ ដូច្នេះហើយ ពួកលោកមិនធ្វើនៅស្រុកខ្មែរទេ ក្នុងនោះសូម្បីពិធីកាត់ចំណងដៃក្នុងស្រុក ក៏ទំនងមិនមានដែរ។
លោក នៅ ស៊ីនឿន បានជួបជាមួយកញ្ញា ដូមីនិក នៅដើមឆ្នាំ ២០១៨ ពេលដែលលោកទៅបំពេញបេសកកម្មសិល្បៈនៅទីនោះ។ ដោយសាររូបសម្ផស្ស ចរិតរួសរាយរាក់ទាក់ លោក នៅ ស៊ីនឿន ប្រាប់ថា លោកចាប់អារម្មណ៍ និងចង់ស្គាល់ ហើយលោកបានរកវិធីដើម្បីបង្កើនភាពស្និទស្នាលនឹងគ្នា ដោយលោកតែងផ្ញើសារសួរសុខទុក្ខ និងលេងសើចជាមួយនាងឥតដាច់។
ក្រោយប៉ុន្មានខែ លោកបានឱកាសទៅសម្ដែងនៅសហរដ្ឋអាមេរិកម្ដងទៀត លោកបានឆ្លៀតពេលសារភាពស្នេហ៍ជាមួយ ដូមីនិក តែម្ដង ហើយក៏ទទួលបានភ្លើងខៀវ។ បន្ទាប់ពីទាក់ទងគ្នាមួយរយៈ ស្គាល់ចិត្តគំនិតគ្នា លោក និងដូមីនិក ក៏បានភ្ជាប់ពាក្យនឹងគ្នាកាលពីចុងឆ្នាំ ២០១៨។ វេលានោះ លោកបានចំណាយខ្ទង់១ម៉ឺនដុល្លារអាមេរិក សម្រាប់ពិធីភ្ជាប់ពាក្យដ៏អធិកអធមមួយ៕