ប្រពៃណាស់! ទីបំផុតក្រសួងអប់រំចេញយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារនៅតាមសាលាហើយ

  • 2020-01-06 04:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ ខែមករា ២០២០ គឺជាយុទ្ធនាការធំមួយផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារក្នុងសាលារៀន។ យុទ្ធនាការនេះរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡា សហការជាមួយក្រុមហ៊ុន MSA និងក្រុមហ៊ុន KBSK និងក្រុមហ៊ុន KINO CAMBODIA។

ផ្អែកតាមសេចក្ដីប្រកាសួសមួយបានឲ្យដឹងថា យុទ្ធនាការនេះមានគោលបំណងចម្បងដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅកាន់អ្នកពាក់ព័ន្ធសំខាន់ៗដូចជាគណៈកម្មការគ្រប់គ្រងសាលារៀន ឬនាយកសាលារៀន និងអ្នកលក់ចំណីអាហារនៅក្នុងសាលារៀន ដែលមាននៅក្នុងសាលារៀន។

យុទ្ធនាការនេះ នឹងបញ្ជ្រាបចំណេះដឹងដល់អ្នកលក់ដូរ ​ឲ្យបានយល់ដឹងអំពីការរក្សា ក្បួនអនាម័យក្នុងការលក់ដូរ និងការហាមលក់ដូរចំណីអាហារដែលអាចបង្កឲ្យមានបញ្ហាសុខភាព ដល់សិស្ស ជាពិសេសកុមារតូចៗ។

លោក ជង់ កញ្ចានា តំណាងឱ្យក្រុមហ៊ុន KBSK បាននិយាយថា ក្រុមហ៊ុន KBSK តែងតែយកចិត្តទុកដាក់ ពីសុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋខ្មែរ ជាពិសេសប្អូនៗ សិស្សានុសិស្ស ដែលជាសសរទ្រូង របស់ជាតិក្នុងពេលខាងមុខ។

លោកបានឲ្យដឹងថា៖ «ចំណីអាហារ គឺជាតម្រូវការចាំបាច់ ក្នុងការចិញ្ចឹមជិវិតយើងគ្រប់ៗគ្នា តែបើចំណី អាហារគ្មានគុណភាព បង្កផលប៉ះពាល់ ដល់សុខភាពនោះ វាជាគឺរឿង ដែលគ្រោះថ្នាក់បំផុត។ ដោយយល់ឃើញ បែបនេះហើយ ទើបក្រុមហ៊ុន KBSK សម្រេចចិត្តចូលរួម ឧបត្ថម្ភគាំទ្រ ក្នុងយុទ្ធនាការ សុវត្ថិភាពចំណីអាហារ នៅតាមសាលារៀន ដែលដឹកនាំដោយ ក្រសួងអប់រំ យុវជន និងកីឡា»

«ខ្ញុំសង្ឃឹមថា ក្រុមហ៊ុនផ្សេងៗទៀត និងចូលរួមឲ្យ​បានច្រើន ដើម្បីធ្វើឲ្យយុទ្ធនាការ សុវត្ថិភាព ចំណីអាហារ មានប្រសិទ្ធិភាពខ្ពស់ ក្នុងគោលបំណងដើម្បីរក្សា​បាន សុខ សុវត្ថិភាព និងសុខភាពល្អ ទាំងអស់គ្នា ជាពិសេស គឺថែរក្សាសុខភាពប្អូនៗ កុមារាកុមារីជាទីស្រលាញ់របស់យើងទាំងអស់គ្នា»។ លោក ជង់ កញ្ញានា បន្ថែម។

យុទ្ធនាការផ្សព្វផ្សាយអំពី សុវត្ថិភាពចំណីអាហារនៅក្នុងសាលារៀន នឹងធ្វើជាបន្តបន្ទាប់ពេញ ១ខែ តាម​​កម្មវិធី​ដូច​ខាង​ក្រោម ៖

  1. រៀបចំនៅសាលាបឋមសិក្សា ព្រះនរោត្ដម ស្ថិតក្នុងខណ្ឌដូនពេញ ភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី៦ មករា ២០២០ វេលាម៉ោង ៨ ព្រឹក។

  2. រៀបចំនៅក្នុងសាលាបឋមសិក្សាអង្គរបាន ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៩ មករា ២០២០ វេលាម៉ោង ១និង៣០នាទី រសៀល។

  3. រៀបចំនៅសាលាបឋមសិក្សាផ្សារ ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៥ មករា ២០២០ វេលាម៉ោង ៨ព្រឹក។

  4. រៀបចំនៅសាលាបឋមសិក្សាឃ្លាំងលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី១៧ មករា ២០២០ វេលាម៉ោង ៨ព្រឹក។

  5. រៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សាបាគូរ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២០ មករា ២០២០ វេលាម៉ោង ៨ព្រឹក។

គួររំលឹកថា ក្រសួងអប់រំបានចេញសេចក្តីណែនាំលេខ ១៨ អយក.សណន ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ស្តីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលក្នុងនោះចំណីអាហារត្រូវហាមឃាត់ក្នុងគ្រឹះស្ថានសិក្សា មានដូចជា៖

  • ១. អាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទ,
  • ២. គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ,
  • ៣. ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់,
  • ៤. ភេសជ្ជៈប៉ូវកម្លាំងភេសជ្ជៈមានរសជាតិផ្អែមខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍គ្រប់ប្រភេទ,
  • ៥. ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូ គ្រប់ប្រភេទ
  • ៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែមខ្លាំង៕
អត្ថបទពេញនិយម