ក្រុម Klach Ey រំពឹង 70% យកជ័យជម្នះជូនកម្ពុជាក្នុងកម្មវិធី MATIC 2020 ឯប្រទេសចិន
- 2020-01-10 04:46:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម Klach Ey រំពឹង 70% យកជ័យជម្នះជូនកម្ពុជាក្នុងកម្មវិធី MATIC 2020 ឯប្រទេសចិន
ចន្លោះមិនឃើញ
ក្រុមឆ្នើមលើវិញ្ញាសា AK របស់កម្ពុជា Klach Ey ថាការប្រកួត MATIC 2020 នៅឯប្រទេសចិនលើកនេះសង្ឃឹម ៧០% ក្នុងការគ្រងជើងឯកបន្តទៀតជូនប្រទេសកម្ពុជាព្រោះចំណុចខ្លាំងគឺសាមគ្គីគ្នាបានល្អ។
ប្រធានក្រុម Klach Ey ប្រាប់ឲ្យដឹងថា សម្រាប់ការត្រៀមខ្លួនចេញទៅប្រកួត MATIC លើកនេះគឺហ្វឹកហាត់ជាមួយក្រុមបានប្រហែល២សប្ដាហ៍ផងដែរ ព្រោះម្នាក់ៗមានការរវល់ច្រើន។ បើទោះជាហ្វឹកហាត់មិនសូវជាបានយូរក្ដី ប៉ុន្តែប្រធានក្រុមខាងលើនេះបញ្ជាក់ថាមិនថ្វីទេគឺអាចប្រកួតបាន ហើយនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព។
គង់ សុវត្ថិឌី បន្តឲ្យដឹងទៀតថា បានជាដាក់ក្ដីសង្ឃឹមរហូត ៧០% ថាអាចយកជ័យជម្នះក៏ដូចជារក្សាពានរង្វាន់ជើងឯកនេះដដែល គឺដោយសារតែក្រុមទាំងនោះធ្លាប់ជួបគ្នាកន្លងមកហើយ មួយវិញទៀតក្រុមរបស់ខ្លួន Klach Ey មានសាមគ្គីគ្នាល្អនេះជាចំណុចខ្លាំង។ យ៉ាងណាក៏មិនហ៊ានមើលងាយក្រុមដទៃដែរ ព្រោះសុទ្ធតែក្រុមខ្លាំងហើយទើបអាចប្រកួតតំណាងប្រទេសបែបនេះ។ ប្រធានក្រុមរូបនេះក៏មានការបារម្ភមួយចំនួនដែរ លើអាកាសធាតុព្រោះនៅទីនោះត្រជាក់ខ្លាំង ខ្លាចប៉ះពាល់ដល់សុខភាពសមាជិកក្រុមផងដែរ។
ជាចុងក្រោយតំណាងក្រុម Klach Ey ក៏សូមអរគុណដល់ Sabay សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា រួមនិងអ្នកគាំទ្រទាំងអស់ដែលតែងតែស្រឡាញ់លើកទឹកចិត្តកន្លងមក ហើយសូមបន្តគាំទ្រ និងកុំភ្លេចតាមដានក៏ដូចជាផ្ដល់កម្លាំងចិត្តក្នុងពេលប្រកួតនៅចិនស្អែកនេះតាមរយៈការ Live ក្នុងផេកផ្លូវការរបស់ AK។
រំលឹកដែរថា ក្រុម Klach Ey គឺបានចេញពីកម្ពុជាទៅប្រទេសចិនហើយកាលពីយប់មិញនេះ ដើម្បីប្រកួតតំណាងឲ្យប្រទេសកម្ពុជាក្នុងពានរង្វាន់ប្រចាំឆ្នាំ MATIC 2020។ Klach Ey ជាជើងឯក MATIC 2019 ផងដែរដូច្នេះនេះជាការប្រកួតការពារតំណែងជើងឯកសម្រាបប់កម្ពុជា។ ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃស្អែក ទី១១ ខែមករា ២០២០ ឯប្រទេសចិន៕
វីដេអូ៖