ស្ពាន​ថ្ម​ថ្មី​​តម្លៃ​​ជាង​ ៥០​ម៉ឺន​ដុល្លារ​​​កាត់​ស្ទឹង​សង្កែ​​ចាប់​ផ្ដើម​សាង​សង់​ហើយ​​

  • 2020-01-13 02:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​ថ្ម​ថ្មី​​ឆ្លង​កាត់​ស្ទឹង​សង្កែ​តម្លៃ​ប្រមាណ​ ៥០​ម៉ឺន​ដុល្លារ​អាមេរិក​​ ត្រូវ​បាន​​រដ្ឋបាល​​ខេត្ត​បាត់ដំបង​​​បញ្ចុះ​បឋម​​សិលា​សាង​សង់​​កាល​​ពី​​ថ្ងៃ​ទី​​១២ ខែ​មករា ​ម្សិល​មិញ​នេះ​ ក្រោម​​អធិបតីភាព​​​​លោក ងួន រតនៈ​ អភិបាល​​ខេត្ត​បាត់ដំបង ខណៈស្ពាន​នេះស្ថិត​នៅ​ក្បែរ​ស្ពា​ន​ថ្មចាស់។ ​

ស្ពាន​​ថ្មថ្មី​​ត្រូវ​បាន​​​​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង បាន​កៀរគរ​សប្បុរសជន ដើម្បី​ចូល​រួម​សាង​សង់​ស្ពាន​បេតុង​ថ្មី​នេះ​ក្បែរ​ស្ពាន​ថ្ម​ចាស់​ ដែល​ការ​សាង​សង់​​គឺ​ចំណាយ​ថវិកា​ពី​ការ​ចូល​រួម​របស់​សប្បុរស​ជន​ និង​​មាន​​​ប្រវែង​បណ្ដោយ​១០០​ម៉ែត្រ​ និង​ទទឹង​៨​ម៉ែត្រ ​ជា​ប្រភេទ​បេតុង ​ដែល​យក​លំនាំ​ដើម​តាម​​ស្ពាន​ថ្ម​ចាស់​ និង​សាង​សង់​នៅ​ប៉ែក​ខាង​ត្បូង​(ប៉ែក​ខាង​លើ​)​ គម្លាត​៦​ ម៉ែត្រ​ ពី​ស្ពាន​ថ្ម​ចាស់ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ ​ក្រុង និង​ខេត្ត​បាត់​ដំបង​។

ស្ពាន​ថ្ម​ចាស់​កាត់​ស្ទឹង​សង្កែ​ ត្រូវ​អាជ្ញាធរ​ខេត្ត​​អភិរក្ស​​ជា​ស្ពាន​បុរាណ​​ឱ្យ​នៅ​គង់វង្ស ​បន្ទាប់​ពី​​មាន​ការ​សំណូម​ពី​បង​ប្អូន​ប្រជាពលរដ្ឋ ​​ជាពិសេស​អ្នក​ខេត្ត​បាត់​ដំបង នៅ​តាម​បណ្ដាញ​សង្គម​ឱ្យ​មាន​ការ​ជួសជុល ​ស្ពាន​ថ្ម​ចាស់​ដែល​មាន​អាយុ​ជាង​១០០ឆ្នាំ​​មួយ​នេះ​។

លោក​ សឿម ប៊ុនរិទ្ធិ​​​​ អភិបាល​រង​ខេត្ត​បាត់​ដំបង​​ទទួល​បន្ទុក​សាង​សង់​ស្ពាន​​​​ខាង​លើ​បាន​​ប្រាប់​ Sabay ឱ្យ​ដឹង​ថា ស្ពាន​​​ថ្ម​ថ្មី​នឹង​កាត់​បន្ថយ​​​ការ​កក​ស្ទះ​​​​នៅ​ក្នុង​ខេត្ត​ ពិសេស​​អំឡុង​ពិធីបុណ្យ​ជាតិ​ធំ​​ៗ​ ។ សម្តេច​ក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង​ បាន​កៀរគរ​សប្បុរសជន​សាង​សង់​ស្ពាន​នេះ​ឡើង​ ខណៈ​រចនាបថ​​គឺ​​ដូច​គ្នា​នឹង​ស្ពាន​ថ្ម​ចាស់​ ហើយ​​គិត​លើ​គុណភាព​ជា​ចម្បង​​​។

​ដោយ​មិន​លំអិត​​ពី​រយៈ​​ពេល​សាង​សង់​លោក​អភិបាល​​រង​ខេត្ត​​បាន​គូស​បញ្ជាក់​ថា ​​ផ្នែក​គ្រឹះ​ក្រោម​​ស្ពាន​នឹង​អាច​បញ្ចប់​​មុន​ទឹក​​ឡើង​ ចូល​​​ស្ទឹង​សង្កែ​​​នៅ​ខែ​​​ឧសភា ឬ​ខែ​​​​មិថុនា។ "​ការ​សាង​សង់​​យើង​នឹង​មិន​អូស​​បន្លាយ​យូរ​ទេ ព្រោះ​យើង​ត្រូវ​​ធ្វើ​ដំណើរ​​ និង​បញ្ចៀស​ការ​​កក​ស្ទះ​ខ្លាំង​​នៅ​ក្នុង​ខេត្ត​​ពិសេស​បុណ្យ​ជាតិ​​ធំ​ តែ​ខ្ញុំ​ក៏​មិន​​ទាន់​អាច​បញ្ជាក់​បាន​ដែរ​ថា នឹង​ត្រូវ​ចំណាយ​ពេល​មួយ​ឆ្នាំ​ ឬ​រយៈ​ពេល​​ប៉ុន្មាន​​ខែ​​ ​តែ​យ៉ាង​ណា​​​ស្ពាន​ថ្ម​ថ្មី​នេះ​នឹង​លេច​ចេញ​ជា​​រូបរាង​ឆាប់​ៗ និង​​បញ្ចប់​​ផ្នែក​គ្រឹះ​ក្រោម​​​ឱ្យ​បាន​​មុន​​ទឹក​ឡើង​ចូល​​ស្ទឹង​អំឡុង​ខែ​៥ ឬ​ខែ​​”។

ប្រភព​ពី​អ្នក​ជំនាញ​​ផ្នែក​សាង​សង់​នៅ​ពិធី​បញ្ចុះ​បឋម​សិលា​កាល​​ពី​ម្សិល​មិញ​បាន​បង្ហើប​ប្រាប់​ Sabay ថា​ ​ស្ពាន​​ថ្ម​នេះ​មាន​តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ​ ខណៈ​អភិបាល​រង​ខេត្ត​​បាត់​ដំបង​​លោក​ សឿម ប៊ុនរិទ្ធិ​ សុំ​​មិន​ធ្វើ​អត្ថាធិប្បាយ​​រឿង​តម្លៃ​ទេ។ ​​​​​

​យោង​តាម​ទំព័រហ្វេសបុក​រដ្ឋបាល​​ខេត្ត​បាត់​ដំបង​បាន​សរសេរ​ថា​ ការ​សាង​សង់​ស្ពាន​ថ្ម​ថ្មី​នៅ​ប៉ែក​ខាង​ត្បូង​(ប៉ែក​ខាង​លើ)​ ក្បែរ​ស្ពាន​ថ្ម​ចាស់ គឺ​អាច​ជួយ​ពាំង​កម្លាំង​ទឹក​ ឬ​សំរាម​ផ្សេង​ៗ​ក្នុង​ពេល​មាន​ជំនន់​ស្ទឹង​សង្កែ​ហក់​ឡើង​ខ្លាំង​ ​ដោយ​សារ​តែ​ស្ពាន​ថ្ម​ចាស់​ពិត​ជា​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ ម៉្យាង​វិញ​ទៀត នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​​ជួយ​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​នៅ​ពេល​មាន​ពិធីបុណ្យ​ផ្សេង​ៗ​៕

អត្ថបទថ្មី