ឱកាសល្អសម្រាប់ស្រ្តី! សំណើបេក្ខភាពសម្រាប់ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបចេ្ចកវិទ្យាចាប់បើកហើយ!

  • 2020-01-29 08:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសនៅថ្ងៃនេះថា សំណើបេក្ខភាពសម្រាប់ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបចេ្ចកវិទ្យាឆ្នាំ២០២០ បើកចាប់ពីថ្ងៃនេះហើយ។ កម្មវិធីពាន រង្វាន់នេះប្រារព្ធឡើងដើម្បីទទួលស្គាល់ស្ត្រីទាំងអស់ក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងសម្រេចនូវស្នាដៃថ្មីៗ តាមរយៈការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា អភិវឌ្ឍបច្ចេកវិទ្យា និងបទពិសោធន៍ថ្មីប្រកបដោយភាពច្នៃប្រឌិត។ តាមរយៈកម្មវិធីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំការប្រគល់ ពានរង្វាន់ឆ្នាំទី៣ ដើម្បីលើកទឹកចិត្តស្ត្រីឱ្យចូលរួមកាន់តែច្រើនក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា។

ចាប់តាំងពីឆ្នាំ ២០១៨មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រារព្ធកម្មវិធីនេះជាមួយនឹងថវិកាដែលបានមកពីមូលនិធី នៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ។ កម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះផ្អែកលើប្រធានបទ “ស្ត្រី និង សេដ្ឋកិច្ចឌីជីថល” ហើយកំពុងតែស្វែងរកបេក្ខនារី ដែលមានសក្តានុពលមកពីគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។

សំណើបេក្ខភាពចាប់ផ្តើមនៅថ្ងៃនេះ ហើយនឹងបន្ត រហូតដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២០។ នៅក្នុងអំឡុងពេលនេះ សាធារណជនអាចចូលរួម ស្នើបេក្ខនារីណាមួយ ដែលលោកអ្នកគិតថាសក្តិសមនឹងទទួលបានការទទួលស្គាល់ចំពោះការចូលរួមចំណែករបស់ពួកគាត់ក្នុង វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា។ បេក្ខនារីដែលត្រូវបានស្នើត្រូវតែជាស្ត្រីដែលមាន បទពិសោធន៍បម្រើការងារក្នុងផ្នែកបច្ចេកវិទ្យាលំដាប់ខ្ពស់ មានភាពជាអ្នកដឹកនាំខ្លាំង និងមានសមត្ថភាពប្រើប្រាស់ ជំនាញទាំងនេះ បម្រើដល់សហគមន៍។

លើសពីនេះ ពួកគាត់ក៏ត្រូវតែជាស្ត្រីកម្ពុជាដែលបានលះបង់នូវពេលវេលា និងកម្លាំង កាយចិត្តរបស់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយផ្នែកណាមួយក្នុង វិស័យបច្ចេកវិទ្យា សម្រាប់យកមកបម្រើផលប្រយោជន៍ក្នុងសង្គមកម្ពុជាជារួម។

បន្ទាប់ពីទទួលបានសំណើទាំងអស់ ក្រសួងនឹងធ្វើការវាយតម្លៃនិងជ្រើសរើសបេក្ខនារីដោយផ្អែកលើ លក្ខខណ្ឌ វិនិច្ឆ័យ និងគុណសម្បត្តិផ្សេងៗទៅតាមនោះ។ ជ័យលាភី ទាំង៥រូបនឹងត្រូវបានផ្តល់កិត្តិយសទទួលពានរង្វាន់ នៅក្នុងព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០” ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍ កោះពេជ្រ ។

ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ កម្មវិធីស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាបានក្លាយជាព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំ ដើម្បីទទួលស្គាល់ស្នាដៃស្ត្រីកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា។ នៅក្នុងព្រឹត្តិការណ៍ ឌីជីថលកម្ពុជា ២០២០ ឆ្នាំនេះ យើងនឹងអបអរសាទរចំពោះជ័យលាភី ៥ រូប ដែលកំពុងតែធ្វើការងារយ៉ាងសំខាន់ ក្នុងការជម្រុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ទន្ទឹមនឹងការជួយផ្សព្វផ្សាយសមភាពយេនឌ័រផងដែរ។ កម្មវិធីនេះគឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធនាការរបស់យើង ក្នុងការបង្ហាញ ជនគំរូនៅកម្ពុជា និងសមិទ្ធិផលដ៏គួរឱ្យស្ញប់ស្ញែងរបស់ពួកគេ

ចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះកាលពី ២ ឆ្នាំមុនមក ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាបានទទួលបានការចូលរួមពីសំណាក់ស្ត្រីកម្ពុជាជាង ៧០រូបរួចមកហើយ។ ពានរង្វាន់កិត្តិយសសម្រាប់ឆ្នាំ២០២០ មាន ០៥ ប្រភេទដូចខាងក្រោម៖

  • ១. រង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) នឹងត្រូវ បាន ផ្តល់ដល់ស្រ្តីដែលមានភាពជាអ្នកដឹកនាំ និងបានធ្វើអាជីវកម្មខាងផ្នែកប.គ.ព ប្រកបដោយជោគជ័យ មាន ការទទួលស្គាល់ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងសក្តានុពលក្នុងការពង្រីកមុខរបររបស់ខ្លួន។

  • ២. រង្វាន់វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award) នឹងត្រូវបាន ផ្តល់ ដល់ស្រ្តីជាអ្នកដឹកនាំដែលមានជំនាញជាវិស្វករផ្នែកបច្ចេកវិទ្យា មានការច្នៃប្រឌិតខ្ពស់ ហើយទទួល បានជោគជ័យក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួន បម្រើការក្នុងស្ថាប័នផ្សេងៗរហូតដល់ពេលបច្ចុប្បន្ន ។

  • ៣. រង្វាន់ស្រ្តីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម ឬសហគមន៍ (Cambodian Woman ICT For Community Award) នឹងត្រូវផ្តល់ដល់ស្រ្តីដែលមាន ភាពជាអ្នកដឹកនាំ មានជំនាញបច្ចេកវិទ្យា និងបានចូលរួមយ៉ាងសកម្ម ដោយលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់ខ្លួន ដោយស្ម័គ្រចិត្តក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាដល់សង្គម ឬសហគមន៍ ឬក៏ជាស្រ្តីដែលបានបង្កើត ដំណោះស្រាយបច្ចេកវិទ្យាណាមួយសម្រាប់បម្រើដល់ប្រយោជន៍សង្គមដោយមិនគិតថ្លៃ ។

  • ៤. រង្វាន់ស្រ្តីដែលបង្កើតខ្លឹមសារព័ត៌មានច្នៃប្រឌិត (Creative Digital Contents Award) ចំពោះស្រ្តីដែលមាន ស្នាដៃអាចបង្កើតខ្លឹមសារព័ត៌មានដែលប្លែក ហើយមានការច្នៃប្រឌិតខ្ពស់ មានប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងវប្បធម៌ ។

  • ៥. រង្វាន់ពន្លកថ្មី (Girl Innovator) ពានរង្វាន់នេះនឹងត្រូវបានផ្តល់ដល់នារីអាយុក្រោម១៨ឆ្នាំ អាចជាបុគ្គល ឬជាក្រុមដែលបានច្នៃប្រឌិតបង្កើតនូវស្នាដៃបច្ចេកវិទ្យាពិសេសណាមួយ។

សាធារណជនទាំងអស់អាចចូលរួមក្នុងកម្មវិធីនេះដោយគ្រាន់តែស្នើបេក្ខនារីឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ប៉ុន្តែអ្នកស្នើត្រូវតែស្គាល់ និងយល់ច្បាស់ពីបេក្ខនារីដែលអ្នកបានស្នើផង។ ការស្នើសុំបេក្ខភាពអាចធ្វើតាម អនឡាញតាមរយៈតំណនេះគឺ៖ http://cbrd.gov.kh/nomination-form-2020

ខាងក្រោម​នេះ​គឺជាសកម្មភាព​ នៃការរៀបចំពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបចេ្ចកវិទ្យាឆ្នាំ២០១៩ កន្លងទៅ

អត្ថបទ៖ វិបុត្រ

អត្ថបទថ្មី