រកឃើញមូលហេតុ ផ្ទុះការឆ្លងវីរុសកូរ៉ូណានៅកូរ៉េខាងត្បូង លឿនខ្លាំងនឹកស្មានមិនដល់

  • 2020-02-26 00:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូតមកដល់ពេលនេះ កូរ៉េខាងត្បូង គឺជាប្រទេសដែលមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាខ្ពស់បំផុត នៅក្រៅប្រទេសចិន។ ក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ករណីឆ្លងវីរុសកូរ៉ូណា បានកើនឡើងពី៤-១០នាក់ ឡើងដល់ជាង ៩០០នាក់។

ប្រទេសនេះហាក់ដូចជាបានរៀបចំ និងត្រៀមខ្លួនយ៉ាងល្អ ប៉ុន្តែតួលេខបែរជាលោតឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យមានការងឿងឆ្ងល់ថា ហេតុអ្វី?

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាងពាក់កណ្តាលនៃករណីឆ្លងវីរុសកូរ៉ណា ត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមអ្នកកាន់សាសនាគ្រឹស្តមួយ ហើយក្រុមអ្នករិះគន់បាននិយាយថា ភាពសំងាត់របស់ក្រុមនេះ បានធ្វើឲ្យគេមិនអាចការពារពីវីរុសខាងលើបាន។

ក្រុមអាជ្ញាធរកូរ៉េខាងត្បូង បានរកឃើញថា ក្រុមអ្នកកាន់សាសនាគ្រឹស្ត Shincheonji Church ទំនងជាអ្នកបង្កឲ្យផ្ទុះឡើង នូវការឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេស។ សមាជិករបស់ពួកគេ ដែលនៅភាគអាគ្នេយ៍នៃទីក្រុង Daegu ទំនងជាចម្លងវីរុសនេះពីម្នាក់ទៅម្នាក់ ហើយក៏បន្តរីកសាយភាយពាសពេញប្រទេសតែម្តង។

មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង ជឿជាក់ថា សមាជិកវ័យ ៦១ឆ្នាំម្នាក់នៃក្រុមអ្នកកាន់សាសនាគ្រឹស្តខាងលើ ដែលបានធ្វើតេស្តរកឃើញថា មានវីរុសកូរ៉ូណាកាលពីសប្តាហ៍មុន គឺស្ថិតក្នុងចំណោមអ្នកដំបូងគេបង្អស់ដែលឆ្លងវីរុសនេះ។

គួរឲ្យដឹងថា ស្រ្តីជាអ្នកជំងឺខាងលើ បានបដិសេធមិនព្រមឲ្យគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើតេស្តឡើយ ហើយបានចូលរួមជួបជុំគ្នានៅក្នុងវិហារគ្រឹស្តជាច្រើន មុនពេលធ្វើតេស្តរកឃើញថាមានវីរុសកូរ៉ូណា៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី