រឿង​ពិត! គ្រា​មួយ អូន ឧស្សាហ៍ គ្រាន់​តែ​ដើរ​ឆ្លង​ផ្លូវ ត្រូវ​អ៊ុំ​ស្រី​ម្នាក់លុត​១០០ៗតែ​ម្ដង!

  • 2020-02-26 02:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ដើរម៉ូដ លោក អូន ឧស្សាហ៍ មាន​គម្រោង​យក​កូន​មួយ​ទៀត ដើម្បី​បញ្ចប់​មន្ទិល​ទស្សនិកជន​ដែល​សង្ស័យ​ថា ​រូប​លោក​ជា​មនុស្ស​ប្រុស​សាវា លួច​មាន​ស្រី​ក្បត់​ប្រពន្ធ ដែល​តាម​ពិត​លោក​ជា​មនុស្ស​ស្មោះត្រង់​នឹង​ប្រពន្ធ កូន​សោះ​នោះ។

លោក អូន ឧស្សា និយាយ​ថា តាម​រយៈ​រឿង "ទឹកចិត្ដ​ប្រពន្ធ" និង​រឿង"កាំបិត​មុខ​ពីរ" បាន​ធ្វើ​ឲ្យ​ប្រិយ​មិត្ដ​ខ្លះ​យល់​ច្រឡំ​លើ​​រូប​លោក ថា​ជា​មនុស្ស​ល្មោភកាម និង​សាវា ព្រោះ​រឿង​ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ពិត តែ​ចិត្ដ​គំនិត​លោក​មិន​អីចឹង​ទេ។

លោក អូន ឧស្សា៖ "គេ​នៅ​តែ​ច្រឡំ...ដូច​ពេល​មួយ​ខ្ញុំ​ដើរ​ឆ្លង​ផ្លូវ​ទៅ​ធ្វើ​ការ​មាន​អ៊ុំ​ម្នាក់​ឃើញ​ខ្ញុំ​ស្រែក​ជេរ​ហ្មង ថា​ខ្ញុំ​មុខមាត់​ស្អាត​បាត មិន​គួរ​មាន​ចិត្ដ​ថោកទាប ក្បត់​ប្រពន្ធ កូន។ ខ្ញុំ​ក៏​ប្រាប់​គាត់​ថា មីង...អា​ហ្នឹង​ក្នុង​សាច់​រឿង ខ្ញុំ​ក្រៅ​មិន​អីចឹង​ទេ"។

នៅ​ក្នុង​ឱកាស​សម្ពោធ​ចាប់​ដៃ​គូ​វិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន​របស់​ផលិតកម្ម​មហាហង្ស ជាមួយ​ក្រុមហ៊ុន​អាមេរិក​មួយ នា​សណ្ឋាគារ​ដេវីដ កាល​ពី​ពេល​ថ្មីៗ​នេះ។ Sabayបាន​សួរ​ត្រង់​ៗ​ទៅ​លោក​ឧស្សាហ៍​ថា តើ​លោក​បាន​ផ្ដល់​ទំនុក​ចិត្ដ ឬ​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ចំពោះ​ភរិយា​យ៉ាង​ណា ក្រោយ​មាន​ការ​យល់​ច្រឡំ​នេះ?

ភ្លាម​នោះ​លោក ឧស្សាហ៍​បាន​អូស​ដៃ​ភរិយា​មក​ក្បែរ ហើយ​ថត​រូប​ជាមួយ​គ្នា រួច​ពោល​យ៉ាង​ផ្អែម​ល្ហែម​ថា៖" បច្ចុប្បន្ន​យើង​មាន​កូន​ប្រុស​ពីរ​នាក់ និង​ស្រី​ម្នាក់ ហើយ​គ្រោង​យក​កូន​ស្រី​ម្នាក់​ទៀត​ផង អីចឹង​ហើយ​ជឿ​បាន​នៅ"។

តារា​រូបសង្ហា និងមានរាង​ខ្ពស់​ស្រឡះ​នេះ ថា ការ​ដែល​គេ​ឯង​មិន​សូវ​ដឹង​ពី​រឿងប្ដី-ប្រពន្ធលោក អាច​ដោយសារ​ពិធី​មង្គលការ​របស់​លោក​កាល​ពី​ជាង​១០​ឆ្នាំ​មុននោះ មិន​សូវ​ធំដុំ និង​មាន​ភ្ញៀវ​ច្រើន​ដូចមង្គលការរបស់តារា​ៗ​បច្ចុប្បន្ន​​ ម្យ៉ាងភរិយាលោកជាអ្នករកស៊ី​ មិនមែនជាតារា៕

អត្ថបទ៖ ជិន សុភ័ក្រ្ត