ចាន់ វឌ្ឍនាកា និង កែវ សុខផេង រកបានគ្រាប់បាល់ទី១ដូចគ្នា ជួយឱ្យក្រុមស្មើនិងឈ្នះ
- 2020-03-05 03:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ វឌ្ឍនាកា និង កែវ សុខផេង រកបានគ្រាប់បាល់ទី១ដូចគ្នា ជួយឱ្យក្រុមស្មើនិងឈ្នះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្នុងក្រសែភ្នែកអ្នកគាំទ្រ២រូបគឺ ចាន់ វឌ្ឍនាកា រកបាន១គ្រាប់ជួយឱ្យបឹងតាមបានត្រឹមស្មើជាមួយណាហ្គាវើលដ៍ ១-១ ប៉ុណ្ណោះ ខណៈ កែវ សុខផេង ក៏រកបាន១គ្រាប់ដំបូងដូចគ្នា ជួយឱ្យវិសាខាឈ្នះសូទីឡូអង្គរ ៧-១ គិតត្រឹមសប្ដាហ៍ទី៣នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០។
កាលពីថ្ងៃទី ២៩ ខែកុម្ភៈកន្លងទៅ ក្លឹបបាល់ទាត់បឹងកេត ត្រូវក្រុមលោក មាស ចាន់ណា ទម្លាយសំណាញ់ទីមុនក្នុងតង់ទីមួយ ដោយកីឡាករជប៉ុន Naruse Yuta នៅនាទី ២១ ក្រោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកគ្រាប់បាល់តាមស្មើនៅនាទី ៤៣ ខណៈតង់ទី២គ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីឡើយ។
ចំណែក កែវ សុខផេង ក៏ធ្វើបានល្អ ដោយរូបគេរកបានគ្រាប់បាល់ទី៤ នៅនាទី ៧៥ ជួយឱ្យក្លឹបបាល់ទាត់វិសាខា ឈ្នះក្រុមភ្ញៀវសូទីឡូអង្គរ ៧-១ នៅកីឡដ្ឋានព្រីនស៍។
ចាន់ វឌ្ឍនាការ និង កែវ សុខផេង ជាខ្សែប្រយុទ្ធ២រូប ក្នុងចំណោមខ្សែប្រយុទ្ធល្អៗផ្សេងទៀត ដែលទស្សនិកជនចង់ឃើញគ្រាប់បាល់របស់ពួកគេ ហើយនេះជាគ្រាប់ទី១របស់អ្នកទាំងពីរ គិតត្រឹមសប្ដាហ៍ទី៣ នៃពានលីគកំពូលកម្ពុជា។
ក្រៅពី ចាន់ វឌ្ឍនាកា និង កែវ សុខផេង ខ្សែប្រយុទ្ធខ្មែរផ្សេងទៀត ដែលអ្នកគាំទ្រចង់ឃើញគ្រាប់បាល់របស់ពួកគេនោះមានដូចជា រឹង ប៊ុនហៀង និង ទៀត គឹមហេង របស់វិសាខា កីឡាករ សៀវ ចាន់ធា និង ម៉ាត់ នូរុណ របស់បឹងកេតជាដើម។
ដូច្នេះសូមចាំមើលថាតើ កីឡាករសំបូរបទពិសោធន៍ទាំងពីរ អាចរកគ្រាប់បាល់បានទៀតដែរឬទេ សម្រាប់ការប្រកួតនៅសប្ដាហ៍ទី៤។ បឹងកេតត្រូវជួបនគរបាលជាតិ នៅកីឡដ្ឋានខេមបូឌាអ៊ែវេបឹងស្នោរ ថ្ងៃទី៧ ខែមីនា វេលាម៉ោង៣កន្លះ ចំណែកវិសាខាត្រូវប្រកួតជាមួយគិរីវង់សុខសែនជ័យ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យខេត្តកាកែវ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣កន្លះដូចគ្នា៕