ការ​ចិញ្ចឹម​កន្ធាយ​​​​សាច់​ងាយ​ស្រួល​ថែទាំ​ និង​កំពុង​​មាន​ទីផ្សារ​​ល្អ

  • 2020-03-16 03:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ លី ហៀង​ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​​កន្ធាយ​​​ នៅ​​ក្នុង​ភូមិ​ប្រាសាទ​ ឃុំ​សំរោង​យា ​ស្រុក​ពួក​ខេត្ត​សៀមរាប​បាន​​​​ប្រាប់​ sabay ថា​ ​​ការ​ចិញ្ចឹម​កន្ធាយ​​សាច់​ងាយ​ស្រួល​​ថែ​ទាំ​មិន​​ដូច​ការ​​ចិញ្ចឹម​​មាន់ ឬ​​ចិញ្ចឹម​កង្កែប​ឡើយ។​​ ការ​ចិញ្ចឹម​​​មាន់​ និង​កង្កែប​ ត្បិត​ថា​ មាន​តម្រូវ​ការ​លើ​ទីផ្សារ​​​ តែ​ទាមទារ​ការ​មើល​ថែ​​​ដិត​ដល់​ និង​ប្រឈម​ និង​ជំងឺ​ដង្កាត់​ច្រើន​​ជាង​ចិញ្ចឹម​​កន្ធាយ​។​ ​កន្ធាយ​សាច់​​កំពុង​មាន​​ទីផ្សារ​​ល្អ​ពិសេស​នៅ​រាជធានី​ភ្នំពេញ​​ និង​តាម​បណ្ដា​ខេត្ត​​គោល​ដៅ​ទេសចរ​មួយ​ចំនួន​។​

បន្ទាប់​​ពី​​​បាន​សិក្សា​បច្ចេកទេស​​ចិញ្ចឹម​កន្ធាយ​ លោក ​ហៀង ​បាន​​សាកល្បង​ចិញ្ចឹម​​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឆ្នាំ​ដំបូង​​​​ ក្រោយ​មក​​​​ចូល​ហ៊ុន​ជាមួយ​​មិត្តភ័ក្ដិ​​​​​​​ ​ដោយ​ចំណាយ​ដើម​ទុន​​ប្រមាណ​​ ៥០០០​ដុល្លារ​អាមេរិក​ចិញ្ចឹម​កន្ធាយ​លើ​​​ផ្ទៃដី​​កន្លះ​ហិចតា​​ និង​គ្រោង​ពង្រីក​ជា​បន្ត​បន្ទាប់​​​ទៅ​ថ្ងៃ​អនាគត​។

"អញ្ចឹង​ដំបូង​​ខ្ញុំ​រៀន​ទេ ខ្ញុំ​ធ្វើ​ដើម្បី​បាន​ពិសោធន៍​ពី​កូន​កន្ធាយ​៥០០​ក្បាល​កាល​ពី​ដើម​ឆ្នាំ​​ទី​១​ ដល់​ពេល​​ខ្ញុំ​ចិញ្ចឹម​បាន​ ៨ ទៅ​​៩ខែ ខ្ញុំ​យល់​ពី​វា​ច្រើន​ដូច​ជា​ការ​ផ្ដល់​ចំណី​​ ប្រភេទ​ទឹក​ ការ​រស់​នៅ​ និង​ប្រភេទ​ជំងឺ​របស់​វា​ ទើប​​ខ្ញុំ​ចាប់​ផ្ដើម​​គម្រោង​ទី​២ ជាមួយ​មិត្តភ័ក្ដិ​​​គ្នា​៥​នាក់​”។

ឆ្លង​កាត់​បទ​ពិសោធន៍​ចិញ្ចឹម​កន្ធាយ​ជាង​ពីរ​​ឆ្នាំ​​មកនេះ​លោក​ ហៀង​ បាន​បង្ហើប​​ទៀត​ថា​​​​ ​ការ​ចិញ្ចឹម​កន្ធាយ​អាច​ឱ្យ​លោក​សល់​ម៉ោង​ ដើម្បី​បម្រើ​ការងារ​ផ្សេង និង​អាច​ចាប់​លក់​ចន្លោះ​ពី​ ៧ ខែ​​ទៅ​៨ ខែ​ ប្រសិន​បើ​ឱ្យ​ចំណី​ដិត​ដល់​​​។

"អញ្ចឹង​ខ្ញុំ​ប្រៀបធៀប​ការ​ចិញ្ចឹម​មាន់​ ​និង​កង្កែប​គឺ​យើង​ត្រូវ​ថែទាំ​ច្រើន​ជាង​កន្ធាយ​ ​​បើ​មិន​ដិត​ដល់​ទេ ច្បាស់​ជា​បរាជ័យ​ហើយ​ ដោយ​សារ​ខ្ញុំ​ក៏​​ធ្លាប់​មាន​បទ​ពិសោធន៍​ចិញ្ចឹម​​​មាន់​ និង​កង្កែប​ច្រើន​ដែរ​។ខ្ញុំ​ក៏​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​សណ្ឋាគារ​មួយ​ដែរ​នៅ​សៀមរាប​”។

លោក​បាន​ឱ្យ​ដឹង​​ទៀត​ថា​ កន្ធាយ​ស៊ី​កូន​ត្រី​ កូន​កំពឹស និង​ឱ្យ​​ចំណី​​​ដូច​ចំណី​ត្រី​ដែរ ដោយ​ឱ្យ​ស៊ី​ពីរ​ដង​​ក្នុង​មួយ​ថ្ងៃ​ ហើយ​​ត្រូវ​​ការពារ​កុំ​ឱ្យ​កខ្វក់​ទឹក​​​ ​ដោយ​​ត្រូវ​បូម​​ទឹក​ចាស់​ចេញ​​ ៣០% ថែម​ទឹក​ថ្មី​ ដើម្បី​កុំ​ឱ្យ​កន្ធាយ​ដំបៅ​ខ្នង​ឬជំងឺផ្សេងៗ។​ ត្រូវ​ការពារ​កុំ​ឱ្យ​មាន​ស្រមោច​ក្រហម​ខាំ​ បើ​មិន​ដូច្នេះ​ទេ​​ កន្ធាយ​នឹង​អាច​ងាប់​បាន​។

"បច្ចុប្បន្ន​កូន​ត្រី​ និង​កំពឹស​មាន​តម្លៃ​ថ្លៃ​ដូច្នេះ​ ខ្ញុំ​ឱ្យ​ចំណី​​ដូច​ត្រី​ដែរ​ ដោយ​ក្នុង​មួយ​ប៉ាវ​តម្លៃ​៥​ម៉ឺន​​រៀល​​”។

បច្ចុប្បន្ន​លោក​មាន​កន្ធាយ​មេ​ពង​​ ៤០០​ក្បាល ខណៈ​កូន​​កន្ធាយ​​មាន​​ជាង ៥០០​ក្បាល​​ ដែល​​អាច​លក់​ចែក​​ជូន​ដល់​បង​ប្អូន​​ដែល​មាន​​បំណង​ចិញ្ចឹម​កន្ធាយ​ បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ ដោយ​លោក​មាន​ប្រាប់​វិធី​​ចិញ្ចឹម​ថែ​ទាំ​ និង​​ធ្វើ​អាង​ហើយ​​ក៏​មាន​ទទួល​ទិញ​វិញ​ក្នុង​តម្លៃ​សមរម្យ​ដែរ​។

សម្រាប់​​ផែន​​ការ​លើ​ផ្ទៃ​ដី​កន្លះ​ហិចតា​​លោក​គ្រោង​ចិញ្ចឹម​​កន្ធាយ​ចន្លោះពី​ ២​ម៉ឺន​ក្បាល​ទៅ​៣​ម៉ឺន​ក្បាល​ ដើម្បី​​យក​សាច់​ និង​លក់​ជូន​បង​ប្អូន​ប្រជាកសិករ​មាន​បំណង​ចិញ្ចឹម​។ ​លោក​បាន​ឱ្យ​ដឹង​​ទៀត​ថា ​បច្ចុប្បន្ន​​​ការ​ផ្គត់​ផ្គង់​កន្ធាយ​នៅ​លើ​ទីផ្សារ​មាន​តម្រូវការ​ច្រើន​ ដែល​​ទាមទារ​​ឱ្យ​មាន​​ការ​នាំ​ចូល​ពី​ប្រទេស​ជិត​​។ ដូច្នេះ​​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​​នាំ​គ្នា​​ចិញ្ចឹម​​កន្ធាយ​​ផ្គត់​ផ្គង់​លើ​ទីផ្សារ​​ក្នុងស្រុក​ និង​អាច​លក់​កូន​កន្ធាយ ​បង្កើន​ប្រាក់​ចំណូល​បាន​​។​ កន្ធាយ​សាច់​​លក់​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ចន្លោះ​ពី​ ១៣ ដុល្លារ ទៅ​១៥ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​​។

ចំពោះ​ផែន​ការ​អនាគត​ក្រៅ​ពី​ផលិត​​កន្ធាយ​សាច់​ និង​កូន​កន្ធាយ លោក ហៀង គ្រោង​នឹង​បង្កើត​ហាង​លក់​​ដុំ​និង​រាយ​សាច់​កន្ធាយ​​នៅ​ខេត្ត​សៀមរាប​ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​៕ ​​

អត្ថបទថ្មី