ស្ថាប័ន​រដ្ឋ​មួយ​​​​​​របស់កម្ពុជា ​ប្រកាស​​ឱ្យ​បុគ្គលិក​ធ្វើ​​ការងារ​​ពី​ផ្ទះ​ ដើម្បី​ទប់​​ស្កាត់​ការ​ឆ្លង​​ Covid-19

  • 2020-03-16 10:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​ប្រាក់​ សុខុន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​​ប្រកាស​​ឱ្យ​បុគ្គលិក​​ធ្វើ​ការងារ​​ពី​ផ្ទះ​ ដើម្បី​​ទប់​ស្កាត់​ការ​​ឆ្លង​រីក​រាល​នៃ​ជំងឺ​ Covid-19។ នេះ​បើ​តាម​​សារ​សម្លេង​​ដែល​​​លោក​បាន​​ផ្ញើ​តាម​ប្រព័ន្ធ Telegram ទៅ​មន្ត្រី​​គ្រប់​ជាន់​ថ្នាក់​​​ទាំង​អស់​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា​​ ឆ្នាំ​២០២០​នេះ​។

លោក​បាន​លើក​ឡើង​ថា​ ​អ្នក​ដែល​​ធ្វើ​ការងារ​តាម​អន​ឡាញ​​អាច​​​ធ្វើ​ពី​ផ្ទះ​បាន​ ដោយ​​មិន​ចាំ​បាច់​មក​មក​ធ្វើ​ការងារ​នៅ​ទីស្តី​ការ​ក្រសួង​​ទេ​ លើក​លែង​តែ​​បុគ្គលិក​​ចាំ​បាច់​បំផុត​​ទើប​តម្រូវ​ឱ្យ​មក​កន្លែង​​ ដោយ​​វិធាន​ការ​​ដាក់​ចេញ​​នេះ​នឹង​ត្រូវ​​អនុវត្ត​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ​​ពោល​គឺ​​​​នៅ​ថ្ងៃ​ទី​​១៦ ​ខែ​​មីនា​នេះ​។​

“​អ្នក​ណា​អាច​ធ្វើ​ការ​​តាម​អនឡាញ​បាន​នាំ​​គ្នា​​​ធ្វើ​ការ​នៅ​ផ្ទះ​​ទៅ​​ មក​ក្រសួង​តែ​អ្នក​ណា​ចាំ​បាច់​ទៅ​​បាន​​អញ្ចឹង​សុំ​អនុវត្ត​​ប្រាកដ​ប្រជា​ចាប់​ពី​ថ្ងៃ​ពី​ថ្ងៃ​ស្អែក​នេះ​តទៅ​​”។​

​ក្រៅ​ពី​​នេះ​លោក​រដ្ឋមន្ត្រី​បាន​​​ណែ​នាំ​​ដល់​មន្ត្រី​ទាំង​ឡាយ​​ដែល​ទើប​មក​ពី​បេសកកម្ម​​វិញ​ ពិសេស​មក​ពី​ប្រទេស​ដែល​​កំពុង​ឆ្លង​រីក​រាល​ដាល​នៃ​​ជំងឺ Covid-19 នេះ​​សូម​ឱ្យ​ដាក់​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤ ថ្ងៃ​ ហើយ​គ្រប់​នាយកដ្ឋាន អគ្គនាយកដ្ឋាន​​ត្រូវ​ធ្វើ​បញ្ជី​មន្ត្រី​​របស់​ខ្លួន​ដែល​ចេញ​ទៅ​បេសកកម្ម ដែល​ទើប​ត្រលប់​វិញ​ បញ្ជូន​មក​​លោក​ ប្រាក់​ ងួនហុង​ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ សម្រប​សម្រួល​ទៅ​នឹង​ការ​ប្រឆាំង​នឹង​ជំងឺ​Covid-19 នេះ​។ រាល់​បេសកកម្ម​ទៅ​​​កាន់​បណ្ដា​​ប្រទេស​មាន​​ឆ្លង​រីក រាលដាល​​នៃ​ជំងឺ​​Covid-19 ត្រូវ​​ផ្អាក​​ក្នុង​រយៈ​ពេល​​១​ខែ​ លើក​លែង​តែ​ករណី​​ចាំ​បាច់​ និង​មាន​ការ​យល់​ព្រម​​ពី​លោក​រដ្ឋមន្ត្រី​​ផ្ទាល់​។ ​រាល់​ការ​ជួប​ភ្ញៀវ​បរទេស​និង​ភ្ញៀវ​នានា​​ត្រូវ​ផ្អាក​ ហើយ​បើ​ខាន​មិន​បាន​​ទី​១​ កុំ​ចាប់​ដៃ​​ ដោយ​គ្រាន់​តែ​សំពះ​ទៅ​បាន​ហើយ​ និង​ត្រូវ​រក្សា​ចម្ងាយ​ឱ្យ​បាន​​១​ម៉ែត្រ​កន្លះ​ និង​ត្រូវ​​លាង​ដៃ​រាល់​ពេល​ភ្ញៀវ​ចូល​​ និង​ចេញ​ទៅ​វិញ​។​

កាល​​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មីនា​ ឆ្នាំ​២០២០​​ រាជរដ្ឋាភិបាល​កម្ពុជា​​បាន​ចេញ​ សារាចរ​ណែ​នាំ​ស្ដីពី​វិធាន​ការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ​ចំនួន​៤ ចំណុច​ ខណៈ​សព្វថ្ងៃនេះជំងឺកូវីដ១៩​កំពុង​រាតត្បាត​ជា​សកល​ពិសេស​កំពុង​មាន​ភាព​ធ្ងន់ធ្ងរ​នៅ​បណ្ដា​ប្រទេស​នៅអឺរ៉ុប ​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ៕

អត្ថបទថ្មី