គួរឲ្យសរសើរ! ប្រវត្តិស្រ្តីឆ្នើមផ្នែកសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន

  • 2020-03-18 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ជំទាវ ឱ វណ្ណ​ឌីន រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល​កម្ពុជា​​គឺ​ជា​ស្ត្រី​​ខ្មែរ​មួយ​រូប​​ដែល​បាន​​ពុះ​ពារ​ក្នុង​វិស័​យ​នេះ​គួរ​ឲ្យ​សរសើរ។ ​​ការ​ខិត​ខំប្រឹង​ប្រែង​ទម្រាំ​មក​ដល់​ថ្ងៃ​នេះ ​ទាម​ទារ​ឲ្យ​មាន​ការ​អត់​ធ្មត់ ​ឆន្ទៈ​ទើប​អាច​សម្រេច​បាន។

​តាម​រយៈ​កិច្ច​សម្ភាស​នៅ​ក្នុង​ស្ថានីយ៍​ទូរទស្សន៍ BTV ​លោក​ជំទាវ ​បាន​រៀប​រាប់​ថា ​​នៅ​ឆ្នាំ​១៩៨៣ ​​បន្ទាប់​ពី​របប​ប៉ុល​ពត​បាន​ផ្ដួល​រលំ​ ​លោក​ជំ​ទាវ​បាន​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ​និង​ទន្ត​សាស្ត្រ​​​។ ​ដោយសារ​ជា​អ្នក​ស្រលាញ់​ការ​​អាន​និង​ការសិក្សា​តាំង​​ពី​តូច​មក ​​ក្រោយ​បញ្ចប់​​បរិញ្ញាបត្រ​ ​អ្នក​​កើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ជា​ទី​​គាប់​ចិត្ត។ បន្ទាប់​មក ​លោក​ជំទាវ​​ក៏​​បម្រើ​ការ​ងារ​នៅ​ខេត្ត​សៀម​រាប​ជា​ប្រធាន​​ផ្នែក​​ជំងឺ​ទូ​ទៅ​​និង​កុមារ​ ​តែ​ដោយសារ​ស្ថានភាព​ប្រទេស​ពេល​នោះ​នៅ​វឹក​រ​រ​ពី​បញ្ហា​ខ្មែរ​ក្រហម​នៅ​ឡើយ អតីត​សិស្ស​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​រូប​នេះ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ដោយ​សារ​គ្មាន​ផ្ទះ​សម្បែង​ ដូច្នេះ​ត្រូវ​រស់​​នៅ​​ក្នុង​មន្ទីរ​ពេទ្យ​ផ្ទាល់​តែ​ម្ដង បញ្ហា​មីន​ពេល​នោះ​ក៏​មិន​ទាន់​បោស​សម្អាត បញ្ហា​អសន្តិសុខ​ក៏​កើត​ឡើង​ហូរហែ​ ធ្វើ​ឲ្យ​​ជួប​ការ​លំបាក​​ច្រើន​ផង​ដែរ​។​ តែ​ការ​លំបាក​ទាំង​នោះ​បាន​ប្រែ​ក្លាយ​​​ជា​បទពិសោធន៍​និង​ធ្វើ​ឲ្យ​លោក​ជំទាវ​រៀន​សូត្រ​បាន​ច្រើន​ទៅ​វិញ​​។

​ក្រោយ​មក​លោក​ជំទាវ​បាន​ត្រលប់​មក​ទី​ក្រុង​ភ្នំពេញ​វិញ ​ដោយ​​បម្រើ​ការងារ​​នៅ​មជ្ឈមណ្ឌល​​អនាម័យ​ការពារ​​រោគ​រាត​ត្បាត។ ​គ្រា​នោះ​ក្រសួង​សុខាភិបាល​​បាន​រៀប​ចំ​កំណែ​ទម្រង់​ប្រព័ន្ធ​ព័ត៌មាន​សុខាភិបាល​ជាតិ ដោយ​ចាត់​តាំង​លោក​ជំ​ទាវ​​ជា​​អ្នក​ចាត់​ចែង​ការងារ​អំឡុង​ឆ្នាំ ១៩៩២។ ​​ក្រោយ​ពី​មើល​ឃើញ​ថា​​ចំណេះ​ដឹង​ផ្នែក​សុខភាព​សាធារណៈ​មាន​សារៈសំខាន់​ ​លោក​ជំ​ទាវ​​ក៏​ដាក់​​​ពាក្យ​ប្រលង​អាហារូបករណ៍ Full Brigh ​​របស់​អាមេរិច​ ដែល​ប្រកាស​​​ដំបូង​នៅ​​កម្ពុជា ​ហើយ​អ្នក​ជាប់​គ្រា​នោះ​មាន​តែ​លោក​ជំទាវ ​ឱ វណ្ឌ​ឌីន​ ម្នាក់​គត់​​​ ​ជា​នារី​ខ្មែរ​ដំបូង​​​គេ ​។ ​យ៉ាង​​ណា​ក៏​ដោយ ​លោក​ជំ​ទាវ ​ប្រាប់​ថា ​​ជួប​ការ​លំបាក​​ដោយសារ​វប្បធម៌ អាកាស​ធាតុ​និង​ម្ហូប​អាហារ​ខុស​ប្លែក​គ្នា​ពេក។ ​នៅ​ពេល​ជួប​ការ​លំ​បាក​ខ្លាំង​ពេក​ លោក​ជំ​ទាវ​បាន​ដាក់​ផែន​ការ​សម្រាប់​ខ្លួន​ឯង​ដោយ​ប្រឹង​ប្រែង​ថា ៖ ​ក្នុង​រយៈ​ពេល​៣​ខែ ​ត្រូវ​តែ​បេ្តជ្ញា​ចិត្ត​ខំ​រៀន​​ទាំង​យប់​ទាំង​ថ្ងៃ បើ​សិន​ជា​៣​ខែ​នេះ​នៅ​មិន​អាច​ទៅ​មុខ​ទៀត ​ទើប​សម្រេច​ចិត្ត​ជា​ថ្មី​ម្តង​ទៀត។ ​ដោយសារ​តែ​មាន​ឆន្ទៈ​មោះ​មុត ​លោក​ជំ​ទាវ​ក៏​សម្រប​ខ្លួន​បាន​នឹង​ការ​​សិក្សា​នៅ​ប្រទេស​មហា​អំ​ណាច​មួយ​នេះ​បាន​។

​ដោយសារ​តែ​ការ​ខំ​តស៊ូ ​ប្រឹង​ប្រែង​និង​បទពិសោធន៍​ជា​ច្រើន​ក្នុង​វិស័យ​សុខាភិបាល ​លោក​ជំ​ទាវ ​ឱ ​វណ្ណ​ឌីន ​ទទួល​បាន​ការ​​​​កោត​សរសើរ​និង​ការ​ទុក​ចិត្ត​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​សុខាភិបាល​ ​ក៏​ដូច​ជា​កិច្ច​ការងារ​មួយ​ចំនួន​សំខាន់​ៗ​​ជា​ច្រើន​ទៀត​ដោយ​មិន​រុញ​រា​។ ​លោក​ជំ​ទាវ​បាន​ចែក​រំលែក​ថា ​គ្រប់​គ្នា​កុំ​​ចាក់​សោ​ខ្លួន​ឯង​​នៅ​​មួយ​កន្លែង ហើយ​បើ​ជ្រុល​ជា​ច្រលំ​ចាក់​សោ​ខ្លួន​ឯង​បាត់​ទៅ​ហើយ ​ត្រូវ​ប្រឹង​រក​កូន​សោ​នោះ​ចាក់​ខ្លួន​ឯង​ចេញ​ឲ្យ​បាន​៕​​​ ​​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ លឹម សុនា