លាយអាល់​កុល​ប៉ុន្មាន​ដឺក្រេ​​​ អាច​សម្លាប់​មេរោគ​ និង​មិន​រលាក​ដៃ​?

  • 2020-04-02 03:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្រប​ពេល​​ប្រជាពលរដ្ឋ​​ខ្មែរ​ជា​ច្រើន​ កំពុង​​​ប្រើប្រាស់​អាល់​កុល​ ដើម្បី​សម្លាប់​មេរោគ​ ពិសេស​​ការ​ពារ​ការ​ឆ្លង​រីក​រាលដាល​​នៃ​ Covid-19 ​ប៉ុន្តែ​លោក​អ្នក​​ខ្លះ​​អាច​មិន​ទាន់​ប្រាកដ​​ទេ​ថា​​ តើ​អាកុល​ប៉ុន្មាន​ដឺក្រេ​អាច​សម្លាប់​មេរោគ​​បាន​?​

លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កោះកុង​​​បាន​ប្រាប់​ sabayថា ជា​ទូទៅ​​អាល់​កុល​ប្រើ​ប្រាស់​សម្រាប់​លាង​ដៃ​​អាច​មាន​កម្រិត​​ចាប់​ពី​ ៧០​ដឺក្រេ​​ទៅ​ ៧៥​ដឺក្រេ​ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​​របស់​យើង។​ ស្បែក​ដៃ​របស់​យើង​អាច​​រលាក​បាន​​ ប្រសិន​បើ​ប្រាស់​​អាល់កុល​ក្បែរ ១០០​ដឺក្រេ​។ ​កាល​ណា​ស្បែក​ដៃ​របស់​​អ្នក​​រលាក​​នឹង​កាន់​តែ​​ធ្វើ​​ឱ្យ​មេរោគ​​ឆាប់​ឆ្លង​​ទៅ​វិញ​ទេ។​ លោក​​បាន​បន្ថែម​​ថា​ ដើម្បី​ដឹង​ថា​ ​អាល់​​កុល​មាន​ប៉ុន្មាន​ដឺក្រេ​ ចាំ​បាច់​ត្រូវ​មាន​ឧបករណ៍​ស្ទង់​ ដែល​លោក​អ្នក​អាច​ទិញ​បាន​នៅ​តាម​​ឱសថដ្ឋាន​​។​

“អញ្ចឹង​បើ​យើង​ចង់​បាន​​​អាល់​កុល​៧០​ដឺក្រេ ​យក​មក​ប្រើប្រាស់​ដើម្បី​លាង​ដៃ​ គេ​​អាច​ថែម​ទឹក​ ៣០​​%​ទៅ​ បើ​ចង់​បាន​ ៧៥​ដឺក្រេ​ អាច​ដាក់​ទឹក​​ត្រឹម​​តែ​២៥​%​​ទៅ​ បន្ទាប់​មក​យើង​វាស់​ទៀត។​អញ្ចឹង​គេ​មិន​ប្រើ​អាល់​ ៩៨​ដឺក្រេ​ ឬ ១០០​ដឺក្រេ​មក​លាង​ដៃ​ទេ​​វា​អាច​រលាក​ដៃ ឬ​ខូច​ស្រទាប់​ស្បែក​ដៃ​​ ងាយ​ឆ្លង​រោគ​បាន​ ព្រោះ​ងាប់​កោសិកា​​ ការពារ​​មេរោគ​​”។ លោក​បន្ថែម​។

លោក​បាន​ឱ្យ​ដឹង​​ទៀត​ថា​​​ អាល់​កុល​ដែល​មាន​កម្រិត​​ក្បែរ​ ១០០​ដឺក្រេ​គឺ​គេ​ប្រើ​ប្រាស់​សម្រាប់​តែ​វិស័យ​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ ពោល​គឺ​​ខ្លាំង​ជាង​​អាល់កុល​ប្រើ​សម្រាប់​លាង​ដៃ​។ លោក​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​​​គួរ​ទិញ​អាល់កុល​​​នៅ​តាម​ឱសថដ្ឋាន​​មាន​ច្បាប់​ត្រឹម​​ត្រូវ​ ជៀស​វាង​ទិញ​អាល់កុល​តាម​អនឡាញ​ ឬ​​កន្លែង​គ្មាន​ច្បាប់​អនុញ្ញាត​​ជា​ហេតុ​​នាំ​ឱ្យ​ប៉ះ​ចំ​​អាល់កុល​ក្លែង​ក្លាយ​​ដែល​អាច​នាំ​​​ផល​អាក្រក់​ដល់​សុខភាព​។

បន្ថែម​​លើ​នេះ​​លោក​វេជ្ជបណ្ឌិត​​បាន​​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សាប៊ូ​លាង​ដៃ​​​ល្អ​បំផុត​ ប្រសិន​​នៅ​ផ្ទះ​។ ការ​ប្រើ​ប្រាស់​អាល់កុល​​គួរ​ប្រើ​ ​​ពេល​ចេញ​​ក្រៅ​ផ្ទះ​ ​ងាយ​​ដាក់​ក្នុង​ហោប៉ៅ​។

"អញ្ចឹង​អាល់​កុល​ងាយ​ប្រើ​ពេល​យើង​ចេញ​​នៅ​តាម​​ទី​សាធារណ​ដូច​ជា​​ចៃដន្យ​ប៉ះ​បង្កាន់​ដៃ​ ទ្វា​ចេញ​ចូល​គឺ​យើង​អាច​ប្រើ​ប្រាស់​បាន​ភ្លាម​ៗ​ តែ​បើ​យើង​នៅ​ផ្ទះ​​ប្រើ​សាប៊ូ​ល្អ​បំផុត​ហើយ​​”។​ លោក​វេជ្ជបណ្ឌិត​និយាយ​៕ ​ ​ ​

អត្ថបទថ្មី