ចូល​ឆ្នាំ​ខ្មែរ កែវ សុខផេង មិន​ទៅ​ណា​ទេ តែ​នៅ​ផ្ទះ​ធ្វើ​រឿង​នេះ​ជាមួយ​គូដណ្ដឹង

  • 2020-04-07 02:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​​​ខាង​មុខ ហើយ​ក្នុង​ជំនួប​ជាមួយ Sabay កាល​ពី​ពេល​​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ក្លឹប​បាល់ទាត់​វិសាខា និង​ជម្រើស​ជាតិ​កម្ពុជា កែវ សុខផេង បាន​ឱ្យ​ដឹង​ថា រូប​គេ​គ្មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​រមណីយដ្ឋានណា​ទេ ពោល​គឺនៅ​ផ្ទះ​ញ៉ាំ​អីជួប​ជុំ​​ជាមួយ​គ្រួសារ និង​គូ​ដណ្ដឹង។ ​​

អតីត​កីឡាករក្លឹប​ភ្នំពេញ​ក្រោន​បញ្ជាក់​ថា ៖«គម្រោង​របស់​ខ្ញុំ​សម្រាប់​ចូល​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​អត់​មាន​ទៅ​ណា​ទេបង និយាយ​ទៅ​​គឺ​នៅ​ផ្ទះញ៉ាំ​អី​ជាមួយ​គ្រួសារ​ខ្ញុំ និង​គ្រួសារ​គូ​ដណ្ដឹង​ខ្ញុំ»។

ការណ៍​ដែល​នៅ​ផ្ទះ​បែប​នេះ​ក៏​ដោយសារ សុខផេង និង​ក្រុមគ្រួសារ ចង់​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​ឆ្លង​រីករាលដាល​នៃ​​វីរុស​កូវីដ​១៩ ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា និង​លើ​ពិភព​លោក ខណៈ​រដ្ឋាភិបាល​កម្ពុជា​​បាន​នឹង​កំពុង​ដុតដៃដុតជើង​​​ទប់ស្កាត់ និងការពារខ្លាំង​​លើ​បញ្ហា​នេះ​។ ម្យ៉ាងទៀត​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ លីគ​កំពូល​កម្ពុជា​អាច​នឹង​មាន​ការប្រកួត​ឡើង​វិញ ដូច្នេះ​រូប​គេ​ត្រូវ​ការ​ហ្វឹកហាត់​ក្នុង​នាម​ជា​កីឡាករ​អាជីព។

ប្អូន​ប្រុស​បង្កើត​របស់​អតីត​ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា កែង សុខងន បាន​ឱ្យ​ដឹង​ទៀត​ថា ៖«ចូល​ឆ្នាំ​ហើយ​កៀក​ចូល​ការប្រកួត​​ផង យើង​តែង​តែ​ត្រៀម​ហាត់​ជានិច្ច​ ព្រោះ​អី​យើង​ជា​កីឡាករ​អាជីព»។

ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ដែរ អតីត​ខ្សែ​ប្រយុទ្ធ​របស់​បឹងកេត កែវ សុខផេង ក៏​បាន​​ជូន​ពរ​ឱ្យ​ប្រជាជន​ខ្មែរ និង​អ្នកគាំទ្រ​ទាំង​អស់​របស់​ខ្លួន ​ជួប​តែ​សេចក្ដី​សុខ និង​ចេះ​ថែរក្សា​ការពារ​ខ្លួន​ឱ្យ​បាន​ល្អ ជៀសវាង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាស​នៅថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២០នេះ អំពីការ​រកឃើញ​អ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ១នាក់​បន្ថែមទៀត ដែលកើតឡើងលើស្រ្តីទេសចរជនជាតិវៀតណាមម្នាក់អាយុ ២៧ឆ្នាំ មកពីប្រទេសវៀតណាម ដោយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត។

បើគិតទូទាំងប្រទេស​ កម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន ១១៥នាក់ ក្នុងនោះអ្នកជាសះស្បើយ ៥៨នាក់៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី