តារា​ល្បី​ៗ​ច្រើន​ដួង សែន​ទទួល​ទេវតា​​ឆ្នាំ​ថ្មី ហើយ​បួងសួង​សុំ​រឿង​មួយ​ដូច​ៗ​គ្នា

  • 2020-04-14 03:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​បាន​ដឹង​គ្រប់​គ្នា​ហើយ​ថា រាជរដ្ឋាភិបាល​បានសម្រេច​ផ្អាក​ការ​ជួប​ជុំ​នៅ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរទាំង​ឡាយ ដោយ​បង្ការ​ការ​រីករាល​ដាល​មេរោគ​កូវិដ-១៩។ ប៉ុន្តែ​ពិធី​សែន​ទទួល​ទេវតា​នៅ​ប្រព្រឹត្ត​ទៅ​ធម្មតា។ ដូច្នេះ​ហើយ យប់​មិញ​នេះ សិល្បករ​ល្បី​ៗ​យើង​ជា​ច្រើន​បាន​ ចូល​រួម​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​២០២០ នេះ ហើយ​ភាគ​ច្រើន ពួក​គេ​បួង​សួង​សុំ​រឿង​ម្យ៉ាង​ដូច​ៗ​គ្នា ពោល​គឺ សុំ​ឲ្យ​យកម្ពុជាជៀសផុតកូវិដ-១៩។

អារម្មណ៍​ដំបូង​គេ​នេះ គឺ​តារា​សម្ដែង​ស្រី​ចាស់​វស្សា ចន ច័ន្ទលក្ខិណា ជាមួយ​ដៃគូ​ជីវិត​ក្រោយ​លោក ហេង ឡុង។ គូ​ស្នេហ៍​កំពុង​ផ្អែមល្ហែម​នេះ បាន​បួងសួង​សូម​ឲ្យ​ទេវតាឆ្នាំ​ថ្មី​តាម​ជួយ​ថែរក្សា​បងប្អូន​ខ្មែរ​ទាំង​អស់​ជៀស​ផុត​ពី​ជំងឺ​កូវីដ-១៩។

ចំណែក​តារា​ចម្រៀង នី រតនា និង​ភរិយា វិញ បាន​បួង​សួង​ដល់​ទេវតា​ឆ្នាំ​ថ្មី សូម​ឲ្យ​បងប្អូន​ខ្មែរ​ទូទាំង​ប្រទេស​ជួប​តែ​សំណាង​ល្អ សុខភាព​ល្អ និង​ជោគជ័យ​គ្រប់ភារកិច្ច ជា​ពិសេស​សូម​ឲ្យកម្ពុជា​រួច​ផុត​ពីជំងឺ​កូវីដ-១៩។

យើង​ងាក​មក​ចាប់​អារម្មណ៍​តារា​ចម្រៀង​សម័យ និង​ប្រពៃណី​ប្រកប​ដោយ​វោហារសាស្ដ្រ អ្នកនាង ខាត់ សុខឃីម វិញម្ដង។ អ្នកនាង បាន​បញ្ចេញ​សារ​ដ៏​កម្រ និង​គួរ​ឲ្យ​ងឿងឆ្ងល់​មួយ​ថា៖" ឆ្នាំ​ថ្មី​២០២០ គឺ​អ្វី​ៗ​ប្រហែល​ត្រូវ​ចប់​នៅ​ឆ្នាំ​នេះ​ហើយ អីចឹង​ក៏​ល្អ​ដែរ"។

តារា​ល្បី​ឈ្មោះខាង​លេង​បណ្ដាញសង្គម Tik Tok គឺកញ្ញា សុខ លីន បាន​បញ្ចេញ​សារ​ខូចចិត្ដ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ​នេះ​ ថា "ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណាដែរ មិន​បាន​ទៅ​ផ្ទះ​រហូត​ខ្ញុំ"។

រីឯ​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា និង​ស្វាមី​វិញ បាន​បួង​សួង​ដល់​ទេព្ដា​ឆ្នាំ​ថ្មី​សូម​ឲ្យ​ខ្មែរ​រស់នៅ​គ្រប់​ទីកន្លែង​ទទួល​បាន​លាភ សំណាង​ល្អ រកស៊ី​មាន​បាន ជាពិសេស​សូម​ឲ្យ​ពុក-ម៉ែ បង​ប្អូន​រួច​ផុត​ពី​ការ​គំរាម​កំហែង​ដោយ​ជំងឺ​កូវីដ-១៩ ក្នុង​ពេល​ឆាប់​ៗ​នេះ។

តារា​ចម្រៀង សុគន្ធ នីសា បាន​ថ្លែងសារ​យ៉ាង​ខ្លី​ភ្ជាប់​ដោយ​ស្នាមញញឹម​ថា "សួស្ដី​ឆ្នាំ​ថ្មី...សូម​ឲ្យ​អ្វី​ៗ​ល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ"។

ចំណែក​តារា​ចម្រៀង ឆាយ វីរៈយុទ្ធ បាន​បួង​សួង​សូម​ឲ្យ​ទេវតា​ឆ្នាំ​ថ្មី​តាម​ថែរក្សា​អ៊ុំប្រុស-អ៊ុំស្រី លោក​ពូ-អ្នកមីង បង​ប្រុស-បងស្រី និង​សាច់ញាតិ ជួប​តែ​សេចក្ដី​សុខ រក​ទទួលទាន​មាន​បាន និង​មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា។

យើង​មក​ចាប់​អារម្មណ៍​តារា​ចុង​ក្រោយ​គេ​នេះ គឺ​តារា​ចម្រៀង​សំឡេង​ស្រក ខេម។ ខេម បាន​បួងសួង​ដល់​ទេវតាឆ្នាំ​ថ្មី ឆ្នាំ​២០២០ សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​រួច​ផុត​ពី​គ្រោះ​ចង្រៃ មាន​សេចក្ដី​សុខសាន្ដ​រាល់​ការ​ធ្វើ​ដំណើរ។ លោកក៏សូម​បងប្អូន​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កាត់​បន្ថយ​ការ​ឆ្លងរីករាលដាល នៃ​មេរោគ​កូវីដ-១៩ ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ