Mbappe ​ទំនង​ត​កុងត្រា​នៅ PSG ​បើ​តាម​៦​សែន​ផោន​១​សប្ដាហ៍​

  • 2020-05-04 04:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ ​Kylian Mbappe ​ទំនង​ជា​ព្រម​បន្ដ​កុងត្រា​ជាមួយ​ក្រុម PSG ​ទៀត ​ប្រសិន​បើ​ក្លឹប​នេះ​ព្រម​ផ្ដល់​ប្រាក់​ឈ្នួល​ដល់​៦​សែន​ផោន​ក្នុង​១​សប្ដាហ៍​លើ​កុងត្រា​ថ្មី។

​ស្រប​ពេល Real Madrid ​កំពុង​តាម​ទាក់ទង Mbappe ​ខ្លាំង ​ក្រុម PSG ​ក៏​ព្យាយាម​បញ្ចុះបញ្ចូល​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន ដើម្បី​ត​កុងត្រា​ថ្មី​ផង​ដែរ។ ​កុងត្រា​ចាស់​របស់​អតីត​កីឡាករ Monaco ​នេះ ​នៅ​សល់​ត្រឹម​ឆ្នាំ​២០២២​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្រុម PSG ​បារម្ភ​ថា​តម្លៃ​ខ្លួន​ផ្ដាច់​កុងត្រា​បច្ចុប្បន្ន​នេះ ​អាច​ឱ្យ​ក្រុម Real Madrid ​នាំ​យក Mbappe ​ទៅ​បាន។

​តែ​ការ​ត​កុងត្រា​ថ្មី ​អាច​នឹង​ពិបាក​បន្តិច ដោយសារ​តែ​សាមី​ខ្លួន​ក៏​មាន​លក្ខខណ្ឌ​ច្រើន​ដែរ។ ​ប្រភព​នៅ​បារាំង​បាន​បង្ហើប​ថា Mbappe ​ទំនង​ជា​នឹង​យល់​ព្រម​ឱ្យ​មាន​កុងត្រា​ថ្មី​មិន​ខាន ប្រសិន​ណា​បើ​រូបគេ​ទទួល​បាន​ប្រាក់​ឈ្នួល​ដល់​៦​សែន​ផោន​ក្នុង​១​សប្ដាហ៍។ ​តម្លៃ​​ពលកម្ម​នេះ គឺ​ស្មើ​នឹង​តម្លៃ​ពលកម្ម​របស់ Neymar ​ដែល​ជា​មិត្ត​រួម​ក្រុម​របស់​គេ​ដែរ។

សូម​បញ្ជាក់​ថា​កីឡាករ​ជម្រើស​ជាតិ​បារាំង​វ័យ​២១​ឆ្នាំ​ខាង​លើ​នេះ ​ត្រូវ​បាន​ក្រុម PSG ទិញ​ពី Monaco ​មក​ក្នុង​តម្លៃ​ខ្លួន​១៦៦​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ រូបគេ​លេង​បាន​១២០​ប្រកួត​ហើយ ​និង​រក​បាន​៩០​គ្រាប់ ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង លេច​ធ្លោ​ម្នាក់​លើ​ពិភព​លោក៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ