សុខ សុវណ្ណ បាន​ចូល Gym តិច​ៗ​វិញហើយ ក្រោយ​វះកាត់​ជង្គង់​ជោគជ័យ

  • 2020-06-04 04:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​វះកាត់​ជង្គង់​នៅ​ប្រទេស​កម្ពុជា​ កាល​​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២០ បាន​ជោគជ័យ​ ខ្សែ​ការពារ សុខ សុវណ្ណ ត្រូវ​សម្រាក​មើលថែ​ខ្លួនយ៉ាង​ហោច​ណាស់​​៨​ទៅ​៩​ខែ។ ​​យ៉ាងណា​កីឡាករ​​​ភ្នំពេញ​ក្រោន បាន​ឱ្យ​ដឹង​ក្ដៅៗនេះ​ថា​ គេ​បាន​​ចូល​​ហាត់​ជាមួយ​ក្រុម​​តិច​ៗ​វិញ​ហើយ។

កិឡាករ​មាន​ដើម​កំណើត​នៅ​ភ្នំពេញ​ ពន្យល់ថា៖ «តាំង​ពី​វះ​បាន​២​ខែ​មក ​ខ្ញុំ​ហាត់​នៅ​ផ្ទះ​រហូត ចាប់​ផ្ដើម​ចូល​ខែ​ទី​២​ខ្ញុំ​​ទៅ​កន្លែង​​ Gym អត់​ទាន់​ហាត់​ជាមួយ​ក្រុម​កើត​ទេ ចូល​ដល់​ខែ​ទី​៣​ហើយ​ទើប​ខ្ញុំ​ហាត់​ជាមួយ​ក្រុម​តិចៗ ប៉ុន្តែ​ខ្ញុំ​ហាត់​នៅ​ក្រៅ​​ម្នាក់ឯង»។

ចំពោះ​របួស​ដាច់​សរសៃ​ជង្គង់​​​សម្រាក​រយៈ​ពេល​យូរ​នេះ ត្រូវ​បាន​​អតីត​ខ្សែ​ការពារ​បឹង​កេតនិង​វិសាខា ចាត់​ទុក​គ្រោះ​ដ៏​អាក្រក់​​ និង​ជា​រឿង​គួរ​ឱ្យ​ធុញទ្រាន់​បំផុត​មិន​ធ្លាប់​មាន​ ក្នុង​អាជីព​របស់​គេ។​

កីឡាករ​វ័យ​២៨​ឆ្នាំ​បញ្ជាក់ ៖«យល់​ថា​វា​ជា​រឿង​ដ៏​អាក្រក់​បំផុត​សម្រាប់​ខ្ញុំ វា​គួរ​ឱ្យ​ធុញ​នឹង​របួស​រយៈ​ពេល​យូរ​បែប​នេះ គ្មាន​កីឡាករ​ណា​ចង់​ជួប​រឿង​អ៊ីចឹង​ទេ»។

សុខ សុវណ្ណ បាន​ជួប​បញ្ហា​របួស​​​ពេល​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ ជាមួយ​ក្រុម Sotilo Angkor មុន​បើក​រដូវ​កាល​លីគ​កំពូល​កម្ពុជា MCL ឆ្នាំ​២០១៩-២០២០។

ងាក​ទៅ​ជម្រើស​ជាតិ​វិញ​ សុវណ្ណ មិន​មាន​ក្នុង​បញ្ជី​ឈ្មោះ​របស់លោក Keisuke honda និង Félix Dalmás ទេ​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែគេថា​​មិន​បោះបង់​ឱកាសឡើយ និង​​ប្ដេជ្ញា​​​ខំប្រឹង​ឱ្យ​ខ្លាំងក្លា​បន្ទាប់​ជា​ពី​របួស ព្រោះ​លេងឱ្យ​ជម្រើស​ជាតិ​ គឺជា​ក្ដីស្រម៉ៃ​ធំ​បំផុត​របស់​កីឡាករ​គ្រប់រូប។

គួរ​បញ្ជាក់​ថា ឆ្នាំ​២០០៧-២០១៣ សុខ សុវណ្ណ លេង​ឱ្យភ្នំពេញ ឆ្នាំ២០១៣-២០១៨ លេងឱ្យបឹងកេត ឆ្នាំ​២០១៨​-២០១៩ លេងឱ្យវិសាខា ឆ្នាំ២០១៩ វិសាខាឱ្យភ្នំពេញក្រោនខ្ចីជើង និងឆ្នាំ​២០២០នេះ គេ​លេង​ឱ្យភ្នំពេញក្រោន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី