បង្ហាញ​អារម្មណ៍​ជាមួយ​បុរស​ម្នាក់​គេ​មិន​អើ​ពើ ៥​ឆ្នាំ​ក្រោយ Jimmy ធ្វើ​រឿង​ខ្លះ រហូត​បុរស​នោះ​មក​តាម​ញ៉ែ​នាង​វិញ

  • 2020-06-09 03:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​រាង​ស្រឡូន Jimmy Meng ថ្មី​ៗ​នេះ​បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ពិសេស​គឺ​ទំនាក់ទំនង​ស្នេហា​ដែល​ជា​រឿង​ដ៏​កម្រ​ក្នុង​ជីវិត​សិល្បករ ក្នុង​នោះ នាង​ក្លាហាន​បង្ហាញ​អារម្មណ៍​របស់​នាង​ទៅ​កាន់​បុរស​ម្នាក់​មុន ប៉ុន្តែ​ត្រូវ​បុរស​រូប​នោះ​មិន​អើ​ពើ រហូត ៥ឆ្នាំ​ក្រោយ នាង​បាន​ផ្លាស់​ប្ដូរ​ខ្លួន​ឯង រហូត​ដល់​បុរស​នោះ​មក​តាម​ទាក់​ទង​នាង​វិញ។

ពិធីការិនី​ដ៏​ស្រស់​ប្រិមប្រិយ បាន​និយាយ​ពី​ទំនាក់​ទំនង​ស្នេហា​របស់​នាង​ជាមួយ​លោក Jimmy Nou ដែល​បាន និង​កំពុង​ល្អូកល្អិន​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​មុន​នេះ គឺ​នាង​ជា​អ្នក​មាន​ចិត្ត​លើ​ភាគី​ខាង​ប្រុស​មុន។ Jimmy បង្ហើប​ថា កាល​ពី​ជិត ១០​ឆ្នាំ​មុន នាង​បាន​ឃើញ​លោក Jimmy Nou តាម​រយៈ​វីដេអូ​ចម្រៀង​មួយ​បទ​របស់​តារា​ចម្រៀង មាស សុខ​សោភា ដែល​ភ្លាម​ៗ មន្ត​ស្នេហ៍​របស់​កំលោះ​ខ្មែរ​មក​ពី​អាមេរិក ឆក់​យក​បេះដូង​នាង​តែ​ម្ដង។

“នៅ​ពេល​ខ្ញុំ​ឃើញ​គាត់​ភ្លាម គឺ​ខ្ញុំ Crush បុរស​ម្នាក់​ហ្នឹង​តែ​ម្ដង គឺ​គាត់​សង្ហារ​ខ្លាំង សង្ហារ​បែប​កូន​កាត់"។ អារម្មណ៍​ដែល​ដក់​ជាប់​លើ​កំលោះ​សង្ហារ​ដោយ​សារ​ឃើញ​មួយ​ភ្លែត បាន​កើត​ឡើង​មួយ​ឈុល​ហើយ​ក៏​វិល​មក​ធម្មតា​វិញ រហូត​ដល់​​២​ឆ្នាំ​ក្រោយ អារម្មណ៍​នោះ​បាន​វិល​មក​វិញ ក្រោយ​នាង​បាន​ឃើញ​អ្នក​កំលោះ​ដោយ​ផ្ទាល់​នៅ​កន្លែង​ធ្វើ​ការ​របស់​នាង​តែ​ម្ដង គឺ​នៅ​ស្ថានីយទូរទស្សន៍​ភីអិនអិន។

នាង​ថ្លែង​ថា ថ្ងៃ​មួយ​ពេល​នាង កំពុង​តែ​ធ្វើ​ការ នាង​បាន​ឃើញ​មនុស្ស​មួយ​ក្រុម​ដើរ​ចូល​មក​ស្ថានីយ​ទូរទស្សន៍​របស់​នាង ហើយ​បុរស​ដែល​ឆក់​យក​ចំណាប់​អារម្មណ៍​របស់​នាង​កាល​ពី ២​ឆ្នាំ​មុន មក​លេច​មុខ​ជ្រងោ។ “ពេល​នោះ ខ្ញុំ​ឃើញ​គាត់​...ស្ពាយ​សាក់កាដូ​ខ្មៅ ហើយ​គាត់​សង្ហារ​ខ្លាំង​តែ​ម្ដង គាត់​មាឌ​ធំ​ខ្លាំង ខ្ពស់ មុខ​​ឡូយ​តែ​ម្ដង!”។ ស្រី​ស្អាត​បន្ថែម​ថា នាង​បាន​យក​រឿង​នេះ​ទៅ​ប្រាប់​ម្ដាយ ពី​បុរស​ម្នាក់​ដែល​នាង​ពេញ​ចិត្ត​គេ​ខ្លាំង ហើយ​ក៏​ត្រូវ​ម្ដាយ​ចំអន់​ថែម​ទៀត។

ចាប់​ពី​ពេល​នោះ​មក កញ្ញា Jimmy និង​លោក Jimmy Nou ក៏​បាន​រួម​ការងារ​នៅ​ស្ថានីយ​ទូរទស្សន៍​តែ​១ ដែល​អំណោយ​ផល​ដល់​ការ​ជួប​មុខ​គ្នា​ញឹកញាប់។ រហូត​ដល់​ថ្ងៃ​មួយ នាង​បាន​ដើរ​ទៅ​ប្រាប់​កំលោះ​សង្ហារ Jimmy Nou ថា នាង​ពេញ​ចិត្ត​លោក។ ហាក់​ដូច​ប្លែក​បន្តិច​ដែល​នារី​ទៅ​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ទៅ​មនុស្ស​ប្រុស​មុន ប៉ុន្តែ​ស្រី​ស្រស់​បញ្ជាក់​ថា គ្រប់​គ្នា​គួរ​តែ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​បង្ហាញ​អារម្មណ៍​របស់​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ ភ្លាម​ៗ​នាង​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​វិជ្ជមាន​ពី​បុរស​ដែល​នាង​ពេញ​ចិត្ត​ឡើយ ពោល​គឺ​ភាគី​ខាង​បុរស​មិន​ចាប់​អារម្មណ៍ មិន​អើពើ​នាង​ឡើយ រហូត ៥​ឆ្នាំ​ក្រោយ​មក។ បញ្ហា​ដែល​រាំង​ស្ទះ​ចំពោះ​ការ​ទទួល​បាន​អារម្មណ៍​ដូច​គ្នា​ពី​ខាង​ប្រុស កញ្ញា Jimmy សង្កត់​ធ្ងន់​ថា គឺ​មាន​ពាក់​ព័ន្ធ​នឹង​រូបរាង ដែល​កាល​នោះ​នាង ធាត់ មុខ​មូលពេញ និង​មាន​ទម្ងន់​ខ្លួន ៦៨ គីឡូ។

ដូច្នេះ​ហើយ Jimmy ក៏​បាន​ព្យាយាម​កែ​ប្រែ​រូបរាង​រហូត​ដល់​បច្ចុប្បន្ន​នាង ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​សិល្បការិនី​ដែល​មាន​ដង​ខ្លួន​សម​សួន​បំផុត ឬ​ហៅ​ថា រាង Gold។ បែប​នេះ នាង​ថា អំណោយ​ផល​នៃ​ការ​ប្រែប្រួល​រូបរាង​របស់​នាង ​បាន​ទាក់​យក​ការ​ចាប់​អារម្មណ៍​ពី​ភាគី​ខាង​ប្រុស​វិញ ហើយ​បន្ត​បន្ទាប់​គឺ​លោក Jimmy Nou គឺ​ជា​អ្នក​តាម​ទាក់ទង​នាង រហូត​ដល់​សារភាព​ថា​ស្រឡាញ់​នាង​ដោយ​​ផ្ទាល់​មាត់​នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប ធ្វើ​ឲ្យ​នាង​ស្រឡាំង​កាំង។

គិត​មក​ដល់​បច្ចុប្បន្ន​ស្រី​ស្អាត Jimmy Meng និង​លោក Jimmy Nou បាន​ស្គាល់ និង​ធ្វើ​ការ​ជាមួយ​គ្នា​ប្រមាណ​៦​ឆ្នាំ។ ប៉ុន្តែ​ទើប​តែ​បើក​ចិត្ត​ចំពោះ​គ្នា និង​ទទួល​យក​សេចក្ដី​ត្រូវ​ការ​របស់​បេះដូង​រៀង​ខ្លួន​នៅ​១​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​គេ​មើល​ឃើញ​ថា ពួក​គេ បច្ចុប្បន្ន​គឺ​ជា​គូស្នេហ៍​ដ៏​ល្អូកល្អិន​មួយ​គូ និង​តែង​តែ​បើក​ចំហ​ទំនាក់ទំនង​នេះ​រហូត​មក។

មក​ដល់​ពេល​នេះ តារា​ស្រី បញ្ជាក់​ថា នាង​ទទួល​បាន​អ្វី​គ្រប់​យ៉ាង​ដែល​ខ្លួន​ធ្លាប់​ចង់​បាន ពិសេស​គឺ​បុរស​ដែល​ធ្លាប់​មិន​អើពើ​នឹង​ការ​ចាប់​អារម្មណ៍​លើ​ខ្លួន បែរ​ជា​ត្រឡប់​មក​រក​នាង​វិញ​ដោយ​ខ្លួន​ឯង។ លទ្ធផល​ទាំង​នេះ គឺ​ផ្អែក​តាម​ទង្វើ​របស់​យើង​ផ្ទាល់។ Jimmy បាន​ចែក​រំលែក​ថា មនុស្ស​ស្រី​គ្រប់​រូប​សុទ្ធ​តែ​មាន​ចំណុច​ល្អ​រៀង​ខ្លួន​ ដូច្នេះ​ត្រូវ​ស្វែង​រក​ចំណុច​ល្អ​ខ្លួន​ឯង​នោះ​ឲ្យ​ឃើញ។

"យើង​ជា​មនុស្ស​ស្រី កុំ​គិត​ថា​ខ្លួន​ឯង​អត់​តម្លៃ គ្រប់​គ្នា​សុទ្ធ​តែ​មាន​តម្លៃ ត្រូវ​រក​តម្លៃ​ក្នុង​ខ្លួន​នោះ​ឲ្យ​ឃើញ...ក្រៅ​ពី​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្អាត​បំផុត​តាម​តែ​អាច​ធ្វើ​បាន...ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ល្អ​បំផុត អំពើ​ល្អ​របស់​អ្នក​ទាំង​អស់​គ្នា នឹង​នាំ​មក​នូវ​ផល​ល្អ និង​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​អភិវឌ្ឍ​ខ្លួន​ឯង​អត់​ឈប់​ឈរ...យើង​មិន​ចាំ​បាច់​ដេញ​ចាប់​មេអំបៅ​ទេ តែ​សាង​សួន​១​ឲ្យ​ស្អាត មេ​អំបៅ នឹង​ហោះ​ចូល​មក​ដោយ​ខ្លួន​ឯង!”។

Jimmy បញ្ជាក់​ថា ត្បិត​ថា​ពួក​គេ​ទាំង​ពីរ​កំពុង​យល់​ចិត្ត​គ្នា ល្អូកល្អិន ប៉ុន្តែ​នាង​មិន​ទាន់​មាន​គម្រោង​រៀបការ​​ទេ ហើយ​នាង​សុំ​មិន​និយាយ​មុន ព្រោះ​ថា​នៅ​ពេល​វែង​ឆ្ងាយ​ទៀត និង​ម្យ៉ាង​ទៀត អ្វី​គ្រប់​យ៉ាង​នៅ​ពេល​ខាង​មុខ គឺ​មិន​អាច​ប៉ាន់ស្មាន​បាន៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី