សុខ សុវណ្ណ៖ ខ្ញុំសប្បាយចិត្តបើសហព័ន្ធ និងក្លឹបបង្កើតឱ្យមានយុវជន​ច្រើនជាងនេះ

  • 2020-06-15 03:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខ សុវណ្ណ ខ្សែការពាររបស់​ភ្នំពេញក្រោន បានលើកឡើងថា រូបគេពិតជាសប្បាយចិត្ត បើសិនជាសហព័ន្ធបាល់ទាត់កម្ពុជា និងបណ្ដាក្លឹបនៅលីគកំពូល MCL ​បណ្ដុះបណ្ដាលថ្នាលយុវជនឱ្យបានច្រើនជាងនេះ ដើម្បីប្រកួតប្រជែងពានក្នុងស្រុក និងបណ្ដាប្រទេសក្នុងតំបន់។

រូបភាពរបស់ក្លឹបភ្នំពេញក្រោន

សុខ សុវណ្ណ បញ្ជាក់ថា ៖«គោលបំណងទី៣របស់ខ្ញុំមិនទាន់បានសម្រេច ដោយសារតែខ្ញុំចង់ឃើញកីឡាបាល់ទាត់យើង ​មានការបណ្ដុះបណ្ដាលក្មេងឱ្យបានច្រើនជាងហ្នឹងទៅទៀត ឱ្យដូចប្រទេសដទៃដូចជាថៃជាដើម។ ប្រទេសកម្ពុជាយើង នៅខ្វះធនធានកីទ្បាករច្រីនណាស់។ បើអត់ពីពួកខ្ញុំទៅ ប្រហែលមិនសូវមានធន់ធានកីឡាករល្អៗទេ ដូច្នេះខ្ញុំសូមសំណូមពរ ចង់ឱ្យបណ្ដាក្លឹប និងសហព័ន្ធបង្កើតយុវជនឱ្យបានច្រើន»។

ការចង់ឃើញប្រទេសកម្ពុជាមានយុវជនច្រើនបែបនេះ គឺក៏ជាគោលបំណងធំចុងក្រោយ របស់អតីតកីឡាករបឹងកេត និងវិសាខា ប៉ុន្តែបំណងនេះមិនទាន់ចេញជាលទ្ធផលធំដុំនៅឡើយ ខណៈសហព័ន្ធបាល់ទាត់ និងបណ្ដាក្លឹប​នៅកម្ពុជា មកទល់នឹងពេលនេះ ក៏បាននឹងកំពុងដុតដៃជើងលើចំណុចនេះ។

គោលបំណងធំៗពីរផ្សេងទៀតដែលសុវណ្ណធ្វើបានសម្រេចនោះគឺ គេបានជាប់ជម្រើស និងបានឃើញវិស័យបាល់ទាត់កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ក្នុងនាមជាកីឡាករអាជីពម្នាក់ សុខ សុវណ្ណ ក៏បានរួមចំណែកជួយច្រើនដែរដល់ក្លឹប ដូចជាជួយភ្នំពេញក្រោនលើកពាន Metfone Cambodian League ឆ្នាំ២០១០ ឆ្នាំ២០១១ ពានសម្ដេចហ៊ុន សែន ឆ្នាំ២០០៨ ឆ្នាំ២០០៩ ជើងឯករងពានរង្វាន់ AFC President's Cup ឆ្នាំ២០១១ និងជួយបឹងកេតលើកពាន Metfone Cambodian League ឆ្នាំ២០១៦ ឆ្នាំ២០១៧ និងជើងឯករងពាន​ Mekong Club Championship ឆ្នាំ២០១៥។ បើ​ជម្រើសជាតិវិញ គេបានបង្ហាញខ្លួនឱ្យជម្រើសជាតិឈុតធំដំបូងនៅឆ្នាំ ២០១៣៕

អត្ថបទ៖ អ៊ុំ សុភក្តិ