តើគួរត្រៀមអ្វីខ្លះ? សម្រាប់អ្នកដែលចង់មានដំណើរកំសាន្តក្នុងរដូវធ្លាក់ភ្លៀង
- 2020-06-24 04:02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើគួរត្រៀមអ្វីខ្លះ? សម្រាប់អ្នកដែលចង់មានដំណើរកំសាន្តក្នុងរដូវធ្លាក់ភ្លៀង
ចន្លោះមិនឃើញ
ស្ទើរគ្រប់កន្លែងក្នុងប្រទេសកម្ពុជា ត្រូវបានគ្របដណ្តប់ដោយខ្យល់ម៉ូសុងនិរតី ជាមួយនិងជ្រលងសម្ពាធទាប ដែលអូសបន្លាយមកលើប្រទេសកម្ពុជា ដែលជាហេតុធ្វើអោយមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់ ពីថ្ងៃទី ២៤ រហូត ដល់ថ្ងៃទី៣០ ខែមិថុនានេះ។ យោងទៅតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម។
គួរបញ្ជាក់ដែរថា តំបន់ដែលមានភ្លៀងធ្លាក់ច្រើន មានដូចជា បណ្តាខេត្តដែលនៅភាគពាយ័ព្យជាប់ប្រទេសថៃ ភាគខាងក្រោម និងភាគខាងកើត ជាប់ប្រទេសវៀតណាម ជាពិសេសផងដែរនោះ គឺតំបន់ភ្នំ និងតំបន់មាត់សមុទ្រតែម្តង។ យ៉ាងណាមិញ សម្រាប់អ្នកដែលមានបំណងចង់ដើរលែងកំសាន្ត នៅតាមតំបន់មាត់សមុទ្រ ឬ តំបន់ភ្នំ គួរតែបង្កើនការប្រុងប្រយ័ត្នអោយបានច្រើន និងត្រៀមសំភារៈការពារភ្លៀងផងដែរ។ សម្រាប់ការត្រៀម មានដូចជា ៖
អាវភ្លៀង ៖ កុំប្រើអាវភ្លៀងដែលក្រាស់ៗ ព្រោះបើអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ ដូចជាការឡើងភ្នំ ឬជិះម៉ូតូកំសាន្តតាមតំបន់ជើងភ្នំ វានឹងធ្វើអោយអ្នកមានអារម្មណ៌ថាហត់ និងហប់ខ្លាំង ព្រោះតែកម្រាស់និងទម្ងន់អាវភ្លៀងរបស់អ្នកតែម្តង។ សូមណែនាំប្រើអាវភ្លៀងដែលមានទម្ងន់ស្រាល កម្រាស់ស្តើងល្មម ព្រោះវាជួយកាត់បន្ថយសម្ពាធ និងធ្វើអោយអ្នកមានអារម្មណ៌ Comfort.
កាបូបស្ពាយ ដែលមិនជ្រាបទឹក ៖ អ្នកគួរប្រើកាបូបដែលមិនជ្រាបទឹក ទាំងកាបូបស្ពាយ និងកាបូបដាក់ខោអាវ ព្រោះមិនចឹងទេ អ្នកប្រាកដជាវេទនាខ្លួនជាមិនខានឡើយ ណាត្រូវស្ពាយខោអាវច្រើនកំភ្លេ ហើយបើទទឹកទៀត ចាំប្រុងទៅ ដូចស្ពាយមនុស្សម្នាក់នៅនិងខ្នងចឹង។
ត្រូវចេះស្មានអាកាសធាតុ ៖ ត្រូវឧស្សាហ៌ចូលមើលផេកផ្លូវការរបស់ក្រសួងឧតុនិយម ដើម្បីបានដឹងពីស្ថានភាពអាកាសធាតុ មុនេពេលចេញដំណើរកំសាន្ត មួយវិញទៀតគឺពេលឡើងភ្នំ អ្នកត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះតំបន់ភ្នំជាតំបន់ដែលមានព្រៃឈើក្រាស់ៗ ងាយនិងភ្លៀងជាទីបំផុត មើលតែមិនស្រួលពាក់អាវភ្លៀងអោយហើយតែម្តងទៅ មួយវិញទៀត កុំពាក់ដោះៗ អោយសោះ នាំតែរហែកអាវភ្លៀង និងទទឹកសើមនោះទេ។
គួរយករបស់ដែលចាំបាច់ ៖ នៅពេលដែលអ្នកឡើងភ្នំ មិនចាំបាច់ទេ សម្រាប់ការស្ពាយកាត ATM ទៅជាមួយ ព្រោះមិនដឹងជាទៅចាយជាមួយអ្នកណានោះទេ បញ្ជាក់នៅក្នុងព្រៃគ្មានទូ ATMទេ។ មួយវិញទៀត កាមេរ៉ា ដែលមានតម្លៃថ្លៃ (ប្រសិនបើមិនចាំបាច់) សម័យនេះទៅហើយ កាមេរាទូរសព្ទទៅ ព្រោះទូរសព្ទខ្លះ តម្លៃថ្លៃជាងកាមេរាផង ថតហើយយកមកផ្ទះ Edit ទៅ។ កុំព្យាយាមស្ពាយរបស់ច្រើន កាត់បន្ថយបានជារឿងល្អ ព្រោះរបស់ខ្លះ តែត្រូវទឹកភ្លៀង គឺចប់ហើយ ហៅលែងមកវិញតែម្តង។
គួរចំនាំ ៖ ដំណើរកំសាន្តក្នុងរដូវភ្លៀង ត្រូវតែមានការប្រុងប្រយ័ត្ន និងមាន Plan B ជាប់ជានិច្ច ព្រោះភ្លៀងមិនសូវយល់អារម្មណ៌អ្នកដើរលែងប៉ុន្មានទេ៕