ពៅ ភារិទ្ធិ ​សប្បាយ​ចិត្ត​​ពេល​ពាក់​ផ្លាក​​ប្រធាន​ក្រុមបញ្ជាលើទីលាន

  • 2020-07-01 07:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​ក្លឹប​បាល់​ទាត់​អង្គរ​ថាយហ្គឺរ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត ក្រោយ​រូបគេ​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ក្នុង​ឆ្នាំ​នេះ ខណៈ​ពី​មុន​តំណែង​នេះ ហែម ស៊ីម៉ៃ (បច្ចុប្បន្នគ្រូយុវជនវិសាខា) និង Okereke Timothy (បច្ចុប្បន្នកីឡាករភ្នំពេញក្រោន) ជា​អ្នក​រ៉ាប់រង។

រូបភាព CNCC

ពៅ ភារិទ្ធិ​ ពន្យល់​ថា ៖«មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​គ្រូនិង​មិត្តរួមក្រុម បោះឆ្នោត​ឱ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ប្រធាន​ក្រុម​បែប​នេះ ហើយជាប្រធានក្រុមយើងត្រូវដើរជួួរមុខ ស្រែកបញ្ជារក្រុម ហើយជាពិសេសគោរពតួនាទីរបស់​យើង»។

ថ្វី​បើ​ជាប់​តំណែង​ប្រធាន​ក្រុម​​មែន ប៉ុន្តែ​ភារិទ្ធិ​ទម្លាយ​ថា​វា​មិន​សំខាន់​​ឡើយ និង​ជា​រឿង​ធម្មតា​សម្រាប់​ខ្លួន ហើយ​អ្វី​ដែល​គេ​ចង់​បាន​នោះ​គឺ​​ក្រុម​ទទួល​បាន​ជ័យ​ជម្នះ ចេះស្រឡាញ់ និងគោរពគ្នាទៅវិញទៅមក។ ​

បើ​តាម​សម្ដី​របស់ ភារិទ្ធិ មូលហេតុ​ដែល​គ្រូ និង​មិត្ត​រួម​ក្រុម​​ជ្រើសរើស​ឱ្យ​ធ្វើ​ប្រធាន​ក្រុម ប្រហែលជាគេ​មាន​បទពិសោធន៍​ច្រើន គោរពតួនាទី ចេះ​ជួយ​ក្រុម លើក​ទឹក​ចិត្ត​ក្រុម ពន្យល់​ប្រាប់ពេលកូន​ក្រុម​មានអារម្មណ៍មិនល្អ និង​មិន​ឆេវឆាវ។ ​ក្រុម​អង្គរ​ថាយហ្គឺរ​បច្ចុប្បន្ន តំណែង​ប្រធាន​ក្រុម​មាន​ពីរ​នាក់គឺ​ ពៅ ភារិទ្ធិ និង​ខ្សែការពារ ឈុំ ភីហ្សា។

គួរ​បញ្ជាក់​ថា ពៅ ភារិទ្ធិ ដំបូង​ឡើយ​លេង​នៅ​​ក្លឹប ឆ្មាខ្មៅខេត្តស្វាយរៀង។ ឆ្នាំ ២០១១ គេ​ចេញ​ទៅ​​ក្លឹប​គីរីវង់សុខសែនជ័យ ប៉ុន្តែ​លេង​បាន​តែ​ពាក់កណ្ដាល​ជុំ​ទី​មួយ​ប៉ុណ្ណោះ។ ចុង​ឆ្នាំ ២០១១ គេ​ផ្លាស់​ក្រសួងការពារជាតិ​នៅ​ជុំ​ទី​ពីរ។

នោះ​ក៏​ជា​ពេល​ដែល​គេ​ជាប់​ជម្រើស​ជាតិ U21និង U23 ក្នុង​ឆ្នាំ២០១១ និង ២០១២ ហើយ​ឆ្នាំ២០១៣ គេ​ជាប់ U22។ ទម្រង់​លេង​កើន​ឡើង គេ​ក៏​ជាប់ជម្រើស​ជាតិ​ឈុត​ធំ ក្នុង​​ឆ្នាំ២០១៦។ ឆ្នាំ​២០១៧ ក្លឹប​​អង្គរ​ថាយហ្គឺរ បាន​ខ្ចី​ជើង​គេ​ពី​ក្រសួង​ការពារ​ជាតិ​ក្នុងរយៈ​ពេល​មួយ​ឆ្នាំ ហើយ​​ឆ្នាំ​២០១៨ ភារិទ្ធិ ​ចេញ​ទៅ​​​​វិសាខា។ លេង​បាន​មួយ​ជុំ ភារិទ្ធិ ក៏ផ្លាស់​មក​ក្លឹប​ អង្គរថាយហ្គឺរ​រហូត​ដល់​សព្វថ្ងៃ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម