សរុបរឿងរ៉ាវចម្រូងចម្រាសផ្អើលពេញ K-Pop ចេញពីវិវាទរវាងសមាជិកក្រុម AOA

  • 2020-07-06 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mina អតីត​សមាជិក​ក្រុម AOA បាន​ធ្វើ​ឲ្យ​ពិភព​ K-Pop មាន​ការ​ភ្ញាក់​ផ្អើល​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ ពេល​បង្ហើប​ជាសាធារណៈ​ថា​នាង​ត្រូវសមាជិក​រួម​ក្រុម​​មើល​ងាយ ធ្វើបាប​ ហើយ​ក្រោយ​មក​ទើបគ្រប់គ្នា​​ដឹង​ថា​ម្នាក់​នោះ​គឺ Jimin។ ចំណែក​ Jimin ក្រោយ​មក​ក៏​បាន​ទទួល​កំហុស​ និងសម្រេច​ចាកចេញពី​ក្រុម និង​ពិភពសិល្បៈ​ទាំង​មូល​តែម្ដង។

រឿង​នេះ​បាន​​កើត​ឡើង​ដំបូង​កាល​ពី​ថ្ងៃ​ទី​ ០៣ ខែកក្កដា ពេល​អតីត​សមាជិក​ក្រុម AOA គឺ​ Mina បើកកាយ​រឿង​ឈឺចាប់​រយៈពេល​ជាង​ ១០​ឆ្នាំ​មក​នេះ​ ដែល​នាង​ត្រូវ​ទទួល រហូត​ដល់​នាង​សម្រេច​ចេញពី​ក្រុមទាំង​បង្ខំ​ចិត្ត។

Mina

ពេល​ Mina ទម្លាយ​រឿង​ទាំង​អស់​នោះ​ Jimin ហាក់​ដូចជា​មិន​អើពើ​ និង​មិន​ចង់​ទទួល​ស្គាល់​ថា​វា​ជា​ការពិត​ ដោយ​ថែម​ទាំងសរសេរ​​បង្ហោះ​លើ​ Instagram Story ថា «Fiction (រឿង​ប្រឌិត)» ថែម​ទៀតផង។ ឃើញ​ភ្លាម Mina ឯណេះ​ស្រាប់​តែ​បន្ត​ទម្លាយ​រឿង​ផ្សេងៗ​ ជាមួយ​នឹង​ភស្តុតាង​ ថា​នាង​ត្រូវ​គេ​គំរាម​ និងអ្វី​ដែល​ Jimin ធ្លាប់​ធ្វើ​ដាក់​នាង​ទៀត។ ប៉ុន្តែ​ក្រោយ​មក​ Mina ក៏​បាន​បញ្ជាក់ដែរ​ថា​ Jimin ក៏​បាន​សុំទោសដោយផ្ទាល់​នូវ​រាល់​ទង្វើ​ដែល​ធ្វើ​ដាក់​កន្លងមក។

Mina និង​ Jimin
Jimin

មិន​ទាន់​ចប់​ទេ Mina ក៏​បាន​សរសេរ​បង្ហោះ​លើ​ Instagram របស់​ខ្លួន​ថា៖ «ខ្ញុំ​ទទួល​យក​ការ​សុំទោស ខ្ញូំ​ពិត​ជា​បាន​ឮពាក្យ​នេះ​ចេញពីមាត់គាត់...ប៉ុន្តែ...ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​ទេ។ និយាយ​តាមត្រង់ខ្ញុំ​មិនគិត​ថាគាត់​ត្រៀម​ចិត្ត​រួចរាល់មក​សុំទោសខ្ញុំ​ទេ។ វា​ជា​រឿង​ពិបាក​យល់​ ឬ​ប្រហែល​ជា​ខ្ញុំខឹង​បង​ Jimin ពេក។ គាត់​អាច​នឹង​សុំទោស​ចេញពី​ចិត្ត​ ដូច្នេះ​ខ្ញុំ​ពិត​ជា​មិន​អាច​ស្មាន​ពី​អារម្មណ៍​គាត់​ទេ។ មួយទៀត​ដោយសារ​ពេល​នេះ​ ខ្ញុំ​បាន​បង្ហាញ​រឿង​ដែលជួបប្រទះ​កន្លង​មក​... ខ្ញុំនឹង​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ និង​ដាក់ចិត្ត​ដាក់​កាយ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ប្រសើរ អំឡុង​ពេល​ព្យាបាល​ផ្លូវចិត្តពេល​នេះ។ ខ្ញុំ​នឹង​មិន​ឲ្យ​មាន​រឿង​រញ៉េរញ៉ៃ​បែប​នេះ​កើត​ឡើង​តទៀតទេ ខ្ញុំ​ក៏សូមអភ័យទោស...ខ្ញុំ​នឹង​ប្រឹង​ប្រែង​រើ​បម្រះ​ចេញពី​ស្ថានភាព​បែប​នេះឲ្យបាន»។

ស្របពេល​ជាមួយ​គ្នា​នោះខាង​​ផលិតកម្មថ្មី​របស់​ Mina​ គឺ Woori Actors ក៏​បាន​ផ្ដល់​ព័ត៌មាន​ដែរ​ថា​ ពេល​នេះ​នាង​មិនមាន​បញ្ហា​អ្វី​នោះទេ ហើយ​នាង​ក៏កំពុង​សម្រាក​ព្យាបាល​ផ្លូវអារម្មណ៍​ ដើម្បី​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ។ មនុស្ស​ជា​ច្រើន​បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​នាង​ ដូច្នេះ​វា​នឹង​ក្លាយ​ជា​ថ្នាំ​ជួយឲ្យ​នាង​ជំនះ​ពេលវេលាលំបាក​មួយ​នេះ​បាន។ ផលិតកម្ម​​ក៏​ធានា​ទៅ​កាន់​អ្នក​គាំទ្រ​ពី​សុវត្ថិភាព​របស់​ Mina ហើយ​បញ្ជាក់​ថា​​នឹង​ខំ​អស់ពីសមត្ថភាព​ ជួយ​តារា​ពួកគេ​ឲ្យ​មាន​ភាព​ធូរស្បើយ ត្រឡប់​មក​សភាព​ដើមវិញឲ្យបាន។

Mina
Jimin

ងាក​ទៅ​ខាង​ ផលិតកម្ម​របស់​ AOA គឺ​ FNC Entertainment ឯណោះ​វិញ​ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ដែរ​ថា​ Jimin បាន​សម្រេច​ចាកចេញពីក្រុម និង​វិស័យសិល្បៈ​ទាំង​មូល​ហើយ។ ជាមួយ​គ្នា​នោះ​ផលិតកម្ម​ក៏​បាន​សុំទោស​ដែល​មាន​រឿងបែប​នេះ​កើត​ឡើង​ ហើយ​ក៏​នឹង​ប្រឹងប្រែង​គ្រប់គ្រង​មើលថែ​តារាៗ​ឲ្យ​បាន​ល្អ​ជាង​នេះ​នៅពេល​ខាងមុខ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម