មរណទុក្ខ បានកើតឡើងផ្ទួនៗលើអ្នកសិល្បៈខ្មែរ នៅពាក់កណ្ដាលឆ្នាំ២០២០ នេះ
- 2020-08-04 07:57:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មរណទុក្ខ បានកើតឡើងផ្ទួនៗលើអ្នកសិល្បៈខ្មែរ នៅពាក់កណ្ដាលឆ្នាំ២០២០ នេះ
ចន្លោះមិនឃើញ
កើត ចាស់ ឈឺ ស្លាប់ គឺជាច្បាប់ធម្មជាតិ។ ប៉ុន្តែការបាត់បង់ខ្លះបានធ្វើឲ្យគ្រួសារ សាច់ញាតិ និងមហាជនសោកសង្រេង និងគ្មានថ្ងៃបំភ្លេចបាន ដោយគ្រាន់តែឃើញស្នាដៃ ឬបានស្ដាប់បទចម្រៀងដែលបានបន្សល់ទុកក៏ធ្វើឲ្យគេនឹកឃើញដល់អ្នកស្លាប់នោះភ្លាម។
ជាក់ស្ដែងការបាត់បង់សិល្បករជើងចាស់ និងសមាជិកគ្រួសារអ្នកសិល្បៈខ្មែរល្បីៗក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យសាច់ញាតិសោកស្ដាយ ហើយអ្នកគាំទ្រសិល្បករ-សិល្បការិនីទាំងនោះក៏ចូលរួមរំលែកទុក្ខច្រើនដែរ។
តារាចម្រៀងកន្ទ្រឹមជើងចាស់លោក ឡាយ វណ្ណៈ ដែលជាដៃគូច្រៀងយ៉ាងថ្នឹករបស់អ្នកនាង ខាត់ សុឃីម នោះ បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្នសពរបស់លោក កំពុងតម្កល់ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរនៅវត្ដកៀនឃ្លាំង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ម្ចាស់បទកន្ទ្រឹម"ដល់ឆ្នាំថ្មីយើងរៀបការ" លោក ឡាយ វណ្ណៈ បានទទួលមរណភាពក្នុងអាយុ៥០ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដោយជំងឺក្រិនថ្លើម និងបញ្ហាសរសៃឈាមបំពង់ក។ ការបាត់បងនេះ បានធ្វើឲ្យអ្នកសិល្បៈខ្មែរមិនតិចទេបង្ហាញការសោកស្ដាយ ហើយបានចូលរួមបុណ្យសពលោកដោយផ្ទាល់ទៀតផង។
នៅមុន២ថ្ងៃ នៃការស្លាប់របស់តារាចម្រៀងជើងចាស់ផ្នែកចម្រៀងកន្ទ្រឹមនេះ ម្ដាយបង្កើតរបស់តារាសម្ដែង កញ្ញា ទឹម រដ្ឋា ក៏បានទទួលមរណភាពដែរកាលយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែសីហា ដោយជំងឺគាំងបេះដូង។ ដំណឹងនេះបានធ្វើឲ្យសាច់ញាតិ និងអ្នកសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល និងចូលរួមសោកស្ដាយស្ទើរមួយចំហៀងសិល្បៈ។
នៅមុនការស្លាប់របស់ម្ដាយតារាសម្ដែង ទឹម រដ្ឋា មួយថ្ងៃ គឺកាលពីថ្ងៃទី៣១ ខែកក្កដា ក៏មានមរណទុក្ខមួយទៀតបានកើតឡើងចំពោះតារាសម្ដែងជើងចាស់ គឺអ្នកនាង ប៉ែន សុផានី។ នោះគឺជាមរណភាពរបស់ម្ដាយបង្កើតរបស់នាង បានស្លាប់ដោយសារជំងឺមហារីកមាត់ស្បូនរ៉ាំរ៉ៃ។ បច្ចុប្បន្នគ្រួសារអ្នកនាង ប៉ែន សុផានី និងគ្រួសារកញ្ញា ទឹម រដ្ឋា បានធ្វើពិធីបុណ្យសពចប់សព្វគ្រប់ហើយ ប៉ុន្តែចិត្តស្រឡាញ់មិនចង់បាត់បង់ម្ដាយមិនទាន់រសាយនៅឡើយ។
កាលពីខែមិថុនា និងកក្កដា ឆ្នាំ២០២០ ថ្មីៗកន្លងទៅនេះ អ្នកម្ដាយរបស់គ្រួសារត្រកូល"ឱក" និងលោកឪពុកដែលជាគ្រូភ្លេងប្រពៃណីខ្មែរប្រចាំគ្រួសារត្រកូល"ខាត់" ក៏បានទទួលមរណភាពដែរ។ ការបាត់បង់វីរសិល្បករ អ្នកចម្រៀងជើងចាស់ និងសាច់ញាតិនេះ ត្រូវបានមហាជនចាប់អារម្មណ៍ និងចូលរួមរំលែកទុក្ខស្ទើរគ្រប់គ្នា៕