ចង់ឆាប់មានបានវិញ តោះ! រៀនតមចាយលុយវិញម្តង ក្រោយចាយក្ឌាំងៗប៉ុន្មានថ្ងៃនេះ(មានវីដេអូ)

  • 2020-08-22 09:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សបច្ចុប្បន្នតែងតែប្រឈមមុខនឹងការដាច់លុយចាយមុនដាច់ខែ ទោះបីជាមានប្រាក់ខែច្រើនយ៉ាងណាក៏ដោយ។ ថ្ងៃដែលអ្នកបើកប្រាក់ខែជាថ្ងៃដែលអ្នកក្លាយជាមហាសេដ្ឋី ហើយក៏អាច​​ក្លាយជាអ្នកក្រវិញមួយរំពេចដែរ ប្រសិនបើអ្នកចាយលុយភ្លេចខ្លួនទៅលើរបស់មិនគួរចំណាយក្ឌាំងៗ។

ថ្មីៗនេះ Sabay បានចេញវីដេអូមួយ ទាក់ទងនឹងវិធីតមចាយលុយ ដែលក្នុងនោះបាននិយាយអំពី កំហុសសាមញ្ញៗ ដែលអ្នកធ្វើប្រចាំថ្ងៃទៅលើការចំណាយ ហើយអង្គុយឆ្ងល់ថា លុយចេញតាមផ្លូវណាអត់ដឹងខ្លួនអីតិចសោះ។

នៅក្នុងវីដេអូនោះ ស្រីស្អាតម្នាក់បាននិយាយអំពីតិចនិកនៃការតមចាយលុយ បើមិនចង់ឲ្យដាច់លុយ និងសល់លុយមួយចំនួនបន្ទាប់ពីចប់កូវីដ តាម ៧ ចំណុចដែលមានដូចជា ៖

១.ចាយតិចជាងចំណូលក្នុងមួយថ្ងៃ ៖ អ្នកអាចយកចំណូលប្រចាំខែរបស់អ្នកមកចែកឲ្យចេញជាចំណូលប្រចាំថ្ងៃ ហើយអ្នកត្រូវចាយតែ ៥០% ទៅ ៧០% នៃចំណូលប្រចាំថ្ងៃរបស់អ្នកបានហើយ ពេលចុងខែប្រាកដជាសល់លុយមិនខាន។

២. បាយវេច និងបាយផ្ទះ ៖ មានដែរឆ្ងល់អត់ថាប្រសិនបើអ្នកឈប់ញ៉ាំបាយក្រៅ មួយខែអ្នកសល់ប៉ុន្មាន រៀនធ្វើម្ហូប និងខ្ចប់បាយពីផ្ទះទៅម្តងមើល៍ អាហារធ្វើខ្លួនឯង ចំណាយអស់តិច ញ៉ាំធានាសុវត្ថិភាពចំពោះសុខភាពទៀត។

៣. បញ្ចូលលុយទូរស័ព្ទ ៖ បើគិតទៅមួយខែៗ អ្នកត្រូវចំណាយលុយបញ្ចូលកាតទូរស័ព្ទមិនចេះតិច អ្នកអាចសាកល្បងបញ្ចូលតែពេលត្រូវការប្រើ និងភ្ជាប់ប្រព័ន្ធដែលចំណេញសម្រាប់អ្នក នោះអ្នកនឹងអាចបន្ថយការចំណាយមួយភាគតូចទៅលើកាតទូរស័ព្ទដែរ។

៤. សំចៃអគ្គិសនី ៖ មុនពេលចេញទៅក្រៅ កុំភ្លេចបិទម៉ាស៊ីនត្រជាក់ បិទភ្លើង ទូរទស្សន៍ ជាពិសេស កុំព្យូទ័រ ទោះបីជាយើងមិនប្រើវា តែយើងដោតឌុយចោល ក៏វាស៊ីភ្លើងដែរ។

៥. កុំទិញរបស់មិនចាំបាច់ ៖ រឿង shopping ទុកចិត្តលើស្រីៗចុះ ឃើញអីទិញនឹង មិនគិតយូរទេ តែបែរជាស្តាយក្រោយបន្ទាប់ពីទិញរួចទៅវិញ។ អីចឹងអ្នកអាចដាក់លុយតាមខ្លួនសមល្មមនឹងទិញរបស់ដែលយើងត្រូវការបានហើយ។

៦. រៀនដកចិត្តពីបណ្ដាញសង្គម ៖ បើក Facebook ពេលណាក៏ឃើញគេ live លក់ខោអាវដែរ ម៉ូដអីក៏មានហើយស្អាតៗទៀត។ អីចឹងអ្នកកុំសូវចូលមើលពេក អូសរំលងខ្លះទៅ អ្នកអត់ទិញខោអាវគេម្នាក់ ក៏អ្នកលក់អត់ក្រដែរ។

៧. កុំបង់រំលស់សម្ភារលើសលទ្ធភាព ៖ មុននឹងសម្រេចចិត្តទិញរបស់អ្វីមួយមកបង់រំលស់ ត្រូវគិតអំពីលុយដែលត្រូវបង់ឲ្យគេជារៀងរាល់ខែទាំងដើម ទាំងការ ហើយសួរខ្លួនឯងថាទៅរួចអត់ ? អាចដកមួយភាគនៃប្រាក់ចំណូលរបស់អ្នកមកបង់បានអត់ ? បើគិតថាគ្មានលទ្ធភាពទេ អាចរករបស់ណាដែលមានតម្លៃទាបជាងនេះ៕

អីចឹង បើចង់ដឹងកាន់តែច្បាស់ និងលម្អិតអំពីតិចនិក «តមចាយលុយ» នេះ តោះ! មកទស្សនាវីដេអូទាំងអស់គ្នា ៖

សុភារម្យ