ប្រហែល​ជិត​ដល់​ពេល​សម្រាក​មែនទែន​ហើយ! ពាន់ ភួងបុប្ផា ប្រកាស​ឈប់​ផលិត​រឿងភាគ

  • 2020-09-22 03:12:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ និង​ដឹកនាំ​រឿង​ជើងចាស់​លោកស្រី ពាន់ ភួង​បុប្ផា ប្រកាស​ឈប់​ផលិត​ខ្សែភាពយន្ត​ភាគ ក្រោយ​ផលិត​រឿង​ភាគ​មួយ​ចប់ គឺ​រឿង​"ស្នាម​ស្នេហ៍​សមុទ្រ​រាម" ប៉ុន្តែ​ចំពោះ​ខ្សែភាពយន្ត​ខ្នាត​ធំ​សម្រាប់​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត​វិញ គឺ​លោកស្រី​នៅ​តែ​បន្ត​ផលិត​ដដែល។

ផលិតករ​រូប​នេះ បាន​ប្រកាស​នៅ​ចំពោះ​មុខ​ផលិតករ ម្ចាស់​រោងភាពយន្ត និង​សិល្បករ-សិល្ប​ការិនី​ជា​ច្រើន​រូប​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា "ស្នាម​ស្នេហ៍​សមុទ្រ​រាម" ដែល​ជា​រឿង​ភាគ​ដំបូង​គេបង្អស់​របស់​លោកស្រី​កាល​ពី​៣២​ឆ្នាំ​មុន នឹង​ត្រូវ​ផលិត​វគ្គ២​ក្នុង​ពេល​ឆាប់​ៗ​នេះ។ លោក​ស្រី​បន្ថែមថា ចំណុច​ចាប់​ផ្ដើម​ផលិត និង​ដឹកនាំ​រឿង​ភាគ​ដំបូង​ដោយ​រឿង"​ស្នាម​ស្នេហ៍​សមុទ្រ​រាម" ដូច្នេះ​លោកស្រី​ត្រូវ​បញ្ចប់​ទៅ​វិញ​ដោយ​រឿង"​ស្នាម​ស្នេហ៍​សមុទ្រ​រាម​វគ្គ២"។

ចូល​មក​ដល់​វ័យ​៦៦​ឆ្នាំ លោកស្រី ពាន់ ភួង​បុប្ផា ហាក់​មាន​រាងកាយ​ទ្រុឌទ្រោម​ខ្លាំង ប៉ុន្តែចំពោះ​ប្រាជ្ញា​ស្មារតី​ផលិត​រឿង​ថ្មី​ៗ​បន្ថែម​ទៀត គឺ​នៅ​តែ​មាន។ ទោះ​ជា​យ៉ាង​ណា​លោកស្រី​ចាប់​ផ្ដើម​ទម្លាក់​ដៃ​បន្តិច​ហើយ ជាក់​ស្ដែង​ការ​ប្រកាស​ឈប់​ផលិត​រឿង​ភាគ ដោយ​រក្សា​ជំហរ​នៅ​ផលិត​រឿង​ខ្នាត​ធំ​មួយ​ចំនួន​របស់​លោកស្រី​នា​ពេល​នេះ។

រឿង"ស្នាម​ស្នេហ៍​សមុទ្រ​រាម​វគ្គ​២" នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍ ភី អិន អិន។ លោកស្រី​ជឿ​ថា រឿង​មួយ​នេះ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ត្បិតថា​វា​រាង​ចាស់​បន្តិច តែ​ប្រិយមិត្ត​ដែល​ធ្លាប់​ទស្សនា​ជក់ចិត្ត​នោះ ក៏​មាន​វ័យ​ចំណាស់​បន្ដិច​ទៅ​ហើយ​ដែរ ដូច្នេះ​សង្ឃឹម​ថា​រឿង​"ស្នាម​ស្នេហ៍​សមុទ្រ​វគ្គ២" នឹង​ត្រូវ​ចិត្ត​ទស្សនិកជន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី