សារ​ឆ្លើយតប​យ៉ាងខ្លី​មួយ​ពី​លោក អៀង ស៊ីធុល ក្រោយ​លោក​ចូល​ពេទ្យ​វះកាត់​ថង់ប្រមាត់

  • 2020-09-29 03:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ-សិល្ប​ការិនី​ខ្មែរ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​តារា​ចម្រៀង​ជើង​ចាស់លោក អៀង ស៊ីធុល ដែល​ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​វះកាត់​ថង់​ប្រមាត់ ហើយ​កំពុង​ស្ថិតនៅ​ក្នុង​ការ​សង្គ្រោះ​របស់​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​មួយ នារដ្ឋ​ម៉ាសាជូសិត សហរដ្ឋ​អាមេរិក។

ដំណឹង​ធ្លាក់​ខ្លួន​ឈឺ​ដែល​បញ្ចេញ​ដោយ​លោក អៀង ស៊ីធុល ផ្ទាល់​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ម្សិលម្ង៉ៃ​ថា ថង់​ប្រមាត់​របស់​លោក​នឹង​ត្រូវ​វះកាត់​ដោយ​ក្រុម​គ្រូ​ពេទ្យជំនាញ នៃ​មន្ទីរពេទ្យ Lowell General Hospital ព្រោះ​លោក​មាន​អាការៈ​ឈឺ​ចុក​ឈួល ហើយ​ថង់​ប្រមាត់​របស់លោកឡើងហើម​ធំ។

ក្រោយ​ពី​មាន​ការ​បង្ហោះ​រូប​ថត​លោក​១​សន្លឹក​ដែល​កំពុង​ស្ថិតនៅ​លើ​គ្រែ​ពេទ្យ ភ្ជាប់​ដោយសារ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​នេះ មាន​អ្នក​សិល្បៈ និង​សាច់​ញាតិ​នៅ​ប្រទេស​កម្ពុជា​ជិត​២០០​នាក់ បាន​សរសេរ​សារ​សួ​សុខទុក្ខ ហើយ​ចង់​ដឹង​ពីការ​វិវត្ដ​ នៃការសង្គ្រោះនោះ។

ប៉ុន្តែ​ក្រោយចូលពេទ្យលោក អៀង ស៊ីធុល បានឆ្លើយតបខមិនមួយនៅ​យប់​មិញ​នេះ ថា"អគុណ​ច្រើន​កូន​ស្រី" ដែល​ប្រធាន​សមាគម​អ្នក​សិល្បៈ​ខ្មែរ អ្នក​នាង ចន ច័ន្ទ​លក្ខិណា បានសរសេរសារជូនពរ​លោក​ថា"កូន​សូម​ជូនពរ​លោក​ឪ​ឆាប់​ជា​សះស្បើយ"។

ក្រៅ​ពី​សារ​ឆ្លើយតប​យ៉ាង​ខ្លី​ចំពោះ​អ្នក​នាង ចន ច័ន្ទ​លក្ខិណា គឺ​លោក​មិន​បាន​បង្ហាញ​ពី​ស្ថានភាព​ជំងឺរបស់​លោក​នោះឡើយ​។ ចំណែក​ Sabay បាន​ព្យាយាម​រក​សាច់ញាតិ និង​ប្រភព​ច្បាស់​ការណ៍ ដើម្បី​ទាក់ទង​សុំ​ព័ត៌មាន​បន្ថែម​ពី​ស្ថានភាព​ជំងឺរបស់​លោក អៀង ស៊ីធុល បាន​នៅ​ឡើយ​ទេ គិត​មកដល់​ម៉ោង​១១ ព្រឹក​ថ្ងៃទី២៩ នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ