មើលយានអវកាសអាមេរិកខួងយកសំណាកដ៏កម្រពីអាចម៍ផ្កាយ (វីដេអូ)

  • 2020-10-22 08:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យានអវកាសមួយរបស់អង្គការណាសាបានចុះចតលើផ្ទៃអាចម៍ផ្កាយមួយកាលពីថ្ងៃអង្គារទី២០តុលា ដោយសំចតលើដុំថ្មអវកាសទំហំប៉ុនអគារនេះមួយភ្លែតដើម្បីប្រមូលបំណែកលោហធាតុមួយក្តាប់តូចត្រឡប់មកផែនដីវិញ។

វាជាលើកដំបូងហើយសម្រាប់សហរដ្ឋអាម៉េរិកដែលចតយានលើអាចម៍ផ្កាយ។ ពីមុនមកមានតែជប៉ុនទេ ដែលធ្លាប់ប្រមូលយកសំណាកអាចម៍ផ្កាយ។

អ្នកគ្រប់គ្រងការបញ្ជាយានបានប្រកាសទៅហ្វូងមនុស្សដែលទះដៃអបអរ យ៉ាងដូច្នេះថា “យានចុះចតហើយ។ ដំណើរការយកសំណាកគំរូកំពុងដំណើរការ”។

ការបញ្ជាក់នេះធ្វើឡើងចេញពីយានអវកាស Osiris-Rex នៅពេលដែលវាចុះលើផ្ទៃអាចម៍ផ្កាយ Bennu ដែលមានចម្ងាយជាង ៣២២ លានគីឡូម៉ែត្រពីផែនដី។ ប៉ុន្តែវាអាចមានរយៈពេលមួយសប្តាហ៍ មុនពេលអ្នកវិទ្យាសាស្ត្រដឹងថាតើយានប្រមូលបានសំណាកចំនួនប៉ុន្មាន និងតើត្រូវព្យាយាមប្រមូលវាម្តងទៀតជាចាំបាច់ឬអត់។ ប្រសិនបើទទួលជោគជ័យ យាន Osiris-Rex នឹងប្រមូលសំណាកទាំងនោះត្រឡប់មកផែនដីវិញក្នុងឆ្នាំ ២០២៣។

ប្រធានអ្នកវិទ្យាសាស្ត្រ លោក ដេន ឡូរ៉េតតា មកពីសាកលវិទ្យាល័យអារីហ្សូណា និយាយថា “ខ្ញុំសឹងតែមិនជឿថាយើងអាចសម្រេចរឿងដូច្នេះបាន។ យានអវកាសនេះបានធ្វើអ្វីគ្រប់យ៉ាងតាមការគ្រោងទុក”។

យានអវកាស Osiris-Rex បានចំណាយពេល ៤ ម៉ោងកន្លះដើម្បីចុះចតពីគន្លងដ៏តឹងរបស់វានៅជុំវិញអាចម៍ផ្កាយ Bennu បន្ទាប់ពីការបញ្ជាពីចម្ងាយដោយអ្នកត្រួតពិនិត្យនៅលើផែនដីនៅជិតទីក្រុងដេនវើ។

ខាងក្រោមជាវីដេអូបង្ហាញអំពី​ការ​ខួង​យក​សំណាក​អាចម៍ផ្កាយ ដែល​ផ្ដុំចេញពីរូបភាពចំនួន ៨២សន្លឹក ៖

ប្រភព ៖ rasmeinews.com

អត្ថបទថ្មី