ក្រោយឲ្យតម្រុយត្រឡប់ចូលហង្សមាសវិញ លោក ណូយ វណ្ណេត លេចមុខច្រៀងបទអុំទូក ជាមួយតារាស្រីខុសជំនាន់!
- 2020-10-29 08:13:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយឲ្យតម្រុយត្រឡប់ចូលហង្សមាសវិញ លោក ណូយ វណ្ណេត លេចមុខច្រៀងបទអុំទូក ជាមួយតារាស្រីខុសជំនាន់!
ចន្លោះមិនឃើញ
ក្រោយពីបានចាកចេញអស់ពេលប្រមាណ ១០ឆ្នាំ ឥឡូវនេះ លោក ណូយ វ៉ាន់ណេត បានធ្វើឲ្យមានការចាប់អារម្មណ៍ថ្មីទៀត ក្រោយពីប៉ុន្មានថ្ងៃមុននេះមានតម្រុយថា លោកបានវិលត្រឡប់មកច្រៀងឲ្យផលិតកម្មរស្មីហង្សមាសវិញ។
លោក ណូយ វ៉ាន់ណេត បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺកាលពីប្រមាណ ១០ឆ្នាំជាងមុន គ្រាដែលលោកបានចាប់ដៃច្រៀងរួមគ្នាជាមួយអ្នកស្រី ហ៊ឹម ស៊ីវន អ្នកនាង ម៉េង កែវពេជ្ជតា ដែលបទរបស់លោកភាគច្រើនបំផុតទាំងបទច្រៀងទោល និងឆ្លងឆ្លើយទទួលបានការគាំទ្រជាខ្លាំង ក្នុងនោះមានដូចជាបទ “ស្រឡាញ់ដោយឥតតវ៉ា” និងបទ “កំពង់សោមដួងចិត្ត” ជាដើម ។
ប៉ុន្តែក្រោយមក លោកក៏បានបន្សាត់ខ្លួនចេញពីផលិតកម្មរហូតមកដល់សព្វថ្ងៃដែលមានរយៈពេលប្រមាណ ១០ឆ្នាំហើយ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ លោក ត្រូវបានគេឃើញចេញបទចម្រៀងជាថ្មីជាមួយផលិតកម្មខាងលើ ធ្វើឲ្យមានការចាប់អារម្មណ៍។ បទចម្រៀងនោះមានចំណងជើងថា “អត្ថន័យព្រះរាជពិធីបុណ្យអុំទូក” ដែលលោកច្រៀងឆ្លងឆ្លើយជាមួយកញ្ញា ផន ស្រីខូច ដែលមានវ័យខុសគ្នាឆ្ងាយ។
បញ្ហានេះ ប្រិយមិត្តជាច្រើនងឿងឆ្ងល់ថា តារាជើងចាស់រូបនេះ វិលមកច្រៀងឲ្យផលិតកម្មរស្មីហង្សមាសសារជាថ្មីជាផ្លូវការហើយ ឬមិនមែន? ជុំវិញបញ្ហានេះ សាមីខ្លួនលោក ណូយ វ៉ាន់ណេត មិនទាន់អាចភ្ជាប់ទំនាក់ទំនងសុំការអធិប្បាយបាននៅឡើយ។ ងាកមកខាងហង្សមាស ក៏មិនទាន់អាចសុំការស្រាយបំភ្លឺបានដូចគ្នា ជុំវិញវត្តមានរបស់តារាចម្រៀងជើងចាស់ សំឡេងក្រអួនរូបនេះក្នុងអាណាចក្ររបស់ខ្លួន។
ទោះយ៉ាង ប្រភពមួយបង្ហើបថា លោក ណូយ វ៉ាន់ណេត មិនដែលច្រៀងកុងត្រាឲ្យហង្សមាសនោះទេ តាំងពីដើមមក ពោលគឺក្នុងកាលៈទេសៈណាដែលភាគីទាំងពីរត្រូវការគ្នា គឺពួកគេរត់រកគ្នា ដោយដោះដូរផ្នែកសេដ្ឋកិច្ចលើតម្លៃការងារជាមួយគ្នាជាក់ស្ដែង ដោយមិនមានប្រាក់ខែនោះទេ។ករណីវិវត្តចុងក្រោយ ដែលប្រិយមិត្តបានឃើញនាពេលនេះ ក៏ទំនងស្ថិតក្នុងស្ថានភាពនេះដូចគ្នាដែរ។
ប្រភពអះអាងដូច្នេះ ដោយសំអាងថា ដោយសារថា ហង្សមាស មួយរយៈចុងក្រោយនេះ បានវិនិយោគខ្លាំងផលិតវីដេអូចម្រៀងបែបប្រពៃណីតាំងបុណ្យភ្ជុំបិណ្ឌមកហូរហែ។ ប៉ុន្តែហង្សមាសដែលជន់ជោរដោយតារាចម្រៀងត្រូវចិត្តយុវវ័យនោះ នៅខ្វះអ្នកចម្រៀងបែបប្រជាប្រិយដូចជាលោក ណូយ វ៉ាន់ណេត។ ដូច្នេះហើយ ត្រូវនឹងផែនការ ផ្សំនឹងតារាចម្រៀងជើងចាស់ធ្លាប់មានកេរ្តិ៍ឈ្មោះជាមួយខ្លួនស្រាប់ផង ហើយទឹកដមសំឡេងរបស់លោកតែល្អដដែលទៀត ទើបហង្សមាសហៅលោកមកច្រៀងក្នុងរយៈពេលខ្លីក្នុងយុទ្ធនាការពិសេសរបស់ខ្លួនតែម្ដង។
បទដំបូងរបស់លោក ណូយ វ៉ាន់ណេត ជាមួយហង្សមាសនៅឆ្នាំ ២០២០នេះ បាន និងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ ដោយត្រូវតាមរដូវកាលនៃ បុណ្យអុំទូក ដែលនឹងមកដល់ នៅថ្ងៃស្អែកនេះ។
ក្រៅពីទឹកដមសំឡេង ប្រិយមិត្តបានសរសើរលើអ្វីដែលពួកគេបានឃើញ គឺថា ទិដ្ឋភាពក្នុង MV ទាក់ភ្នែកខ្លាំង។ ពួកគេថា ទស្សនាហើយរំភើបចិត្តតែម្តងចំពោះការរៀបចំយ៉ាងល្អឥតខ្ចោះ សមគ្រប់ យ៉ាងតាមទម្រង់ប្រពៃណីខ្មែរ។ តោះ...ទស្សនាលោក ណូយ វ៉ាន់ណេត ជាមួយ ស្រីខួចទាំងអស់គ្នា៖