លើកទី១ អ្នកឧកញ៉ា គិត ម៉េង សរសើរខ្លួនឯង ថាមានសំណាងណាស់ បានជួបជំទាវ ស្រីតូច ចំណាន
- 2020-12-10 07:33:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកទី១ អ្នកឧកញ៉ា គិត ម៉េង សរសើរខ្លួនឯង ថាមានសំណាងណាស់ បានជួបជំទាវ ស្រីតូច ចំណាន
ចន្លោះមិនឃើញ
អស់រយៈពេលជាង ៥ឆ្នាំដែលរស់នៅជាស្វាមី ភរិយា នឹងគ្នា ទើបតែពេលនេះប៉ុណ្ណោះ ដែលអ្នកឧកញ៉ា គិត ម៉េង បានបញ្ចេញឲ្យដឹងថាជាសាធារណៈថា ខ្លួនពិតមានសំណាងណាស់ដែលបានអតីតតារាចម្រៀង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ធ្វើជាភរិយា។
សារនេះ អ្នកឧកញ៉ា គិត ម៉េង ទើបបានបញ្ចេញជាសាធារណៈនៅថ្ងៃនេះ ចប់ថ្ងៃទី ១០ ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ។ ដើម្បីអបអរនឹងថ្ងៃពិសេសរបស់មនុស្សជាតិនេះ អ្នកឧកញ៉ា បានសរសេរនៅទំព័របណ្ដាយសង្គមរបស់ខ្លួនថា ថ្ងៃនេះ គឺជា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស គឺជាឯកសារដែលត្រូវបានការពារ និងទទួលស្គាល់ទូទាំងពិភពលោក ហើយថាសិទ្ធិនីមួយៗក្នុងចំណោមសិទ្ធិមនុស្សជាមូលដ្ឋានទាំង៣០ គឺមានសារៈសំខាន់ដូចៗគ្នា។
ដូច្នេះហើយ ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិនេះ អ្នកឧកញ៉ា សូមចូលរួមអបអរសាទរសិទ្ធិរៀបការ និងមានគ្រួសារ។ នៅក្នុងសំណេរនេះ មានចំណុចមួយដែលទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ក្រោយអ្នកឧកញ៉ា លើកសរសើរពីសំណាងខ្លួនឯង ក្នុងការជ្រើសរើសគូស្រករ។
អគ្គនាយករ៉ូយ៉ាល់គ្រុប បានរំលេចសារថា "ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត ពួកយើងកាន់តែរីករាយដែលបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា។ ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា រីករាយក្នុងទិវាសិទិ្ធមនុស្សអន្តរជាតិ និងមានសុវត្ថិភាព!”។
អ្នកឧកញ៉ា គិត ម៉េង និងជំទាវ ស្រីតូច ចំណាន បានរៀបមង្គលការជាមួយគ្នាកាលពីថ្ងៃ ១៩ មីនា ២០១៥ យ៉ាងមហាឡារិក និងបានក្លាយជាមង្គលការដ៏ធំជាងគេនៅកម្ពុជាក្នុងឆ្នាំនោះ។ មកដល់បច្ចុប្បន្ន អ្នកឧកញ៉ា និងលោកជំទាវ បង្កើតបានបុត្រចំនួន ៤នាក់(ស្រី២ ប្រុស២)ជាចំណងដៃ។ ការជួបប្រសព្វគ្នារវាងអ្នកទាំងពីរ ខ្លះបានលើកសរសើរខាងស្រី ថាពិតជាមហាសំណាង ត្បិតថាខាងប្រុស គឺជាអ្នកជំនួញដ៏ធំ និងមានទ្រព្យសិបលាននៅកម្ពុជា។
ប៉ុន្តែនៅថ្ងៃនេះ ខាងអ្នកឧកញ៉ា បានសារភាពដោយខ្លួនឯងវិញថា គឺខ្លួនពិតជាមានសំណាងណាស់ ដែលបានរួមគ្នាបង្កើតគ្រួសារដ៏កក់ក្ដៅជាមួយ ជំទាវ ម៉ៅ ចំណាន។ យ៉ាងណា ប្រធានសភាពាណិជ្ជកម្មកម្ពុជា មិនបានលម្អិតឡើយថា លោកជំទាវ មានគុណសម្បត្តិអ្វីខ្លះ រហូតដល់ខ្លួនទប់មាត់មិនបាននោះឡើយ។
ទោះយ៉ាងនេះក្ដី កន្លងមកគេដឹងថា ជំទាវ ស្រីតូច ចំណាន គឺជាកុលស្ត្រីមួយរូបដែលស្អាតទាំងចរិយា ទាំងរូបរាង និងទន់ភ្លន់ទាំងអត្តចរិក។ បែបនេះហើយ លោកជំទាវមានអ្នកគោរពស្រឡាញ់ច្រើនណាស់។ កាលពីប៉ុន្មានឆ្នាំ មហាជនធ្លាប់ភ្ញាក់ផ្អើលម្ដង ក្រោយលេចរូបភាពលោកជំទាវ ឱន ចងខ្សែស្បែកជើងជូនស្វាមីនៅទីសាធារណៈ ក្នុងវេលាដែលអ្នកទាំងពីរចូលរួមពិធីសម្ពោធបើកការដ្ឋានសំណង់ធំនៅលើកោះមួយនៅកម្ពុជា។
រូបភាពនោះ មហាជនបានសរសើរថា ជំទាវ ស្រីតូច ចំណាន ឬម៉ៅ ចំណាន គោរពឲ្យតម្លៃ និងប្រណិបត្តិស្វាមីបានល្អណាស់ សូម្បីតែនៅទីសាធារណៈ ដោយមិនប្រកាន់ខ្លួនឡើយ។ ក្រៅពីគុណសម្បត្តិទាំងប៉ុន្មានខាងលើនេះ អតីតតារាស្រីរូបនេះ ក៏ត្រូវបានគេដឹងថា បានជួយស្វាមីឲ្យរីកចម្រើនខាងផ្នែកជំនួញជាច្រើនថែមទៀត ក្នុងនោះជំទាវខ្លួនឯង ក៏អាចកាន់ការជួសមុខស្វាមីលើជំនួញមួយចំនួន ឲ្យដំណើរការទៅយ៉ាងល្អថែមទៀតផង។
ហេតុផលទាំង កន្លងមកសារព័ត៌មានក្នុងស្រុកមួយចំនួនក៏បានលើកឡើងថា ជំទាវ ស្រីតូច ចំណាន មិនត្រឹមតែមានសមត្ថភាព ប៉ុន្តែជំទាវនៅមានលេខសំណាង ដែលជួយយឹតយោងស្វាមីនៅក្នុងសមរភូមិជំនួញថែមទៀត ដូចសុភាសិតខ្មែរមួយនិយាយថា "សំណាបយោងដី ស្រីយោងបុរស"៕