មិនមែនលំៗទេ​ កែវ សុខផេង ពីមុនជាស្មាត់ល្អប្រចាំភូមិនិងខេត្ត

  • 2020-12-11 07:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Sabay បានបង្ហាញវីដេអូ កែវ សុខផេង ប្រកួតបាល់ទះមិត្តភាពក្រៅផ្លូវការមួយ ដែលធ្វើឱ្យប្រិយមិត្តមួយចំនួនចាប់អារម្មណ៍ នឹងសមត្ថភាពលេងរបស់គេ។ មិនតែប៉ុណ្ណោះពួកគេក៏បានចោទសួរថា តើអ្នកក្រចេះរូបនេះ ចេះលេងបាល់ទះតាំងពីពេលណា ឬចេះលេងបាល់ទះមុនបាល់ទាត់? ដើម្បីឱ្យអស់សង្ស័យ សូមប្រិយមិត្តអានអត្ថបទខាងក្រោមដូចតទៅ៖

កែវ សុខផេង

កែវ សុខផេង កើត​ថ្ងៃទី ៣ ខែមិនា ឆ្នាំ១៩៩២ នៅភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ និងជាកូនប្រុសពៅក្នុងគ្រួសារមួយមានបងប្អូន៥នាក់។

តាមការឱ្យដឹងពី សុខផេង ដំបូងឡើយគេលេងបាល់ទះ គ្រាន់ទុកជាការកម្សាន្ត​ជាមួយមិត្តភ័ក្តិ តាមភូមិប៉ុណ្ណោះ។ លុះក្រោយមកទឹកដៃរបស់គេ ហាក់ឡើង​គួរឱ្យកត់សម្គាល់ រហូតក្លាយជាស្មាត់ធំល្អមួយរូបប្រចាំភូមិ។ មិនចាំឆ្នាំ ប៉ុន្តែសុខផេងបានបង្ហើបថា រវាង​ឆ្នាំ ២០០៨, ២០០៩ ,២០១០ រូបគេបានលេង​បាល់ទះ ឱ្យ​ជម្រើស​វិទ្យាល័យ​ព្រះមហាក្សត្រីយានីកុសុមៈ ខេត្តក្រចេះ ហើយក្រុមគេនេះហើយ ក៏លើគេដែរក្នុងខេត្តសំបូរសត្វផ្សោតមួយនេះ។

អំឡុងពេលនោះជំនាញរបស់ខ្សែប្រយុទ្ធ ជម្រើសជាតិកម្ពុជារូបនេះ គឺស្មាត់ស្ដាំ ដឺមី និងការលោតវាយសេវ៉ា ឬគេច្រើនហៅថាគប់សឺវីស ចំណែកបាល់ទាត់វិញ គេជាកីឡាករដ៏ឆ្នើមមួយរូបដែររបស់ក្រុមបាល់ទាត់មហាគ្រុឌ។ គ្រាន់តែថាគេលេងបាល់ទាត់ទះ ច្រើនជាងបាល់ទាត់​។ ប៉ុន្តែចាំបានថា នៅឆ្នាំ២០០៧ គេត្រូវបានជ្រើស​ឲ្យចូលលេងក្នុងក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ ឆ្នាំ និងបានទាត់បញ្ចូលទីបាន១គ្រាប់ លើក្រុមជម្រើសជាតិវៀតណាម ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់សហព័ន្ធទ្វីបអាស៊ីដណ្តើមពានរង្វាន់យុវជនអាយុក្រោម ១៧ឆ្នាំ ហើយបន្ទាប់មកក្រុមកម្ពុជា បានទទួលបរាជ័យក្នុងលទ្ធផល ៧-០ ទល់នឹងក្រុមជប៉ុន។

ងាកមកបាល់ទះវិញ ការប្រកួត​មិត្តភាពក្រៅផ្លូវការមួយ ដែលសុខផេងចាំមិនភ្លេច គឺការប្រកួតដ៏ស្វិតស្វាញ ជាមួយ​អ្នកខេត្តកំពង់ចាម ដែលកាលនោះក្រុមរបស់គេ បានយកឈ្នះ២សិតទល់នឹងសូន្យ។

ហេតុអ្វី សុខផេង ឈប់លេងបាល់ទះទៅលេងបាល់ទាត់?

ត្រង់ចំណុចនេះក៏ដោយសារកីឡាករវ័យ២៨ឆ្នាំ ឃើញបងប្រុសបង្កើត កែវ សុខងន អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ទទួលបានភាពល្បីល្បាញ និងក្រសោបបានអ្នកគាំទ្រច្រើន ហើយក៏ដើរតាមគន្លងរបស់បងប្រុស។ គេបានចូលលេងឱ្យក្លឹបបឹងកេតនៅឆ្នាំ ២០១២ ខណៈបច្ចុប្បន្នជាកីឡាករដ៏សំខាន់របស់វិសាខា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី