ធ្លាប់តែឮ! ដឹងអត់មុខងារ Blind-Spot Monitoring គឺជាអ្វី ហើយមានប្រយោជន៍បែបណា?

  • 2021-01-13 08:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើអ្នករកទិញរថយន្តថ្មី អ្នកប្រហែលជាប្រទះឃើញមុខងារ Blind-Spot Monitoring មានបំពាក់មកស្តង់ដារ ឬជា Option នៅលើរថយន្តនោះ។ ប្រសិនបើអ្នកមិនទាន់ច្បាស់ថា មុខងារសុវត្ថិភាពមួយនេះគឺជាអ្វី Sabay នឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យបានដឹងច្បាស់។

តើមុខងារ Blind-Spot Monitoring គឺជាអ្វី?

វាគឺជាការប្រើសំណុំឧបករណ៍ចាប់សញ្ញា (Sensor) ដែលបានដាក់នៅលើកញ្ចក់ចំហៀង ឬកាងខាងក្រោយ ដើម្បីរកមើលយានយន្តដែលនៅផ្លូវជាប់ខាងចំហៀង។ ប្រសិនបើឧបករណ៍ចាប់សញ្ញារកឃើញអ្វីមួយ ពួកវានឹងជូនដំណឹងអ្នកបើកបរ តាមរយៈការព្រមានជាសំឡេង ឬលោតសញ្ញាឲ្យមើលឃើញនៅលើកញ្ចក់ចំហៀងជាដើម។ រថយន្តខ្លះថែមទាំងប្រើកាមេរ៉ាជាផ្នែកសំខាន់នៃប្រព័ន្ធ ឬដើម្បីបំពេញបន្ថែមលើឧបករណ៍ចាប់សញ្ញា។

ដោយសារតែថ្លៃដើមនៃបច្ចេកវិទ្យានេះបានធ្លាក់ចុះ មុខងារសុវត្ថិភាព និងភាពងាយស្រួលមួយនេះ ឥឡូវបានផ្តល់ជូនសឹងតែលើគ្រប់រថយន្តតែម្តង។ មិនតែប៉ុណ្ណោះ ជួនកាលអ្នកនឹងទទួលបានមុខងារ Blind-Spot Monitoring ជាមួយ មុខងារ Rear Cross-Traffic Alert ជាកញ្ចប់ចូលគ្នា ដែលពួកវានឹងចាប់យកយានយន្ត វត្ថុ ឬអ្នកថ្មើរជើង នៅពេលរថយន្តបើកថយចេញពីចំណត។

តើមុខងារ Blind-Spot Monitoring ខុសគ្នាបែបណាខ្លះ?

ក្រុមហ៊ុនផលិតរថយន្តមួយចំនយន បានពង្រីកមុខងារនេះហួសពីការចាប់យកយានយន្ត ឬវត្ថុអ្វីមួយទៅទៀត។ ជាក់ស្តែង Ford និង RAM ផ្តល់មុខងារ Blind-Spot Monitoring ដើម្បីពិនិត្យមើលកន្ទុយសណ្តោងដែលអ្នកបានភ្ជាប់នៅខាងក្រោយរថយន្ត។ ក្នុងករណីនេះ វាក្លាយទៅជាមុខងារដ៏មានប្រយោជន៍មួយ សម្រាប់ការអូសសណ្តោង ព្រោះវានឹងចាប់យកយានយន្តដែលមកជិតកន្ទុយសណ្តោងរបស់អ្នក។

មិនតែប៉ុណ្ណោះ មុខងារ Blind-Spot Monitoring ខ្លះត្រូវបានធ្វើឲ្យប្រសើរឡើង ដោយផ្លាស់ប្តូរពីការព្រមានដោយអសកម្ម ទៅជាការជួយអ្នកបើកបរឲ្យជៀសផុតពីការប៉ះទង្គិចដែលអាចកើតមានវិញ។ ឧទាហរណ៍ ប្រសិនបើរថយន្តដែលអ្នកកំពុងបើកបរ រកឃើញរថយន្តនៅក្បែរអ្នក នៅពេលអ្នករៀបនឹងផ្លាស់ប្តូរគន្លងផ្លូវ នោះវាអាចទាញចង្កូតត្រលប់មកវិញ និងជាន់ហ្វ្រាំង ដើម្បីព្យាយាមជៀសវាងការប៉ះទង្គិចគ្នា។

តើមុខងារ Blind-Spot Monitoring ត្រូវបានហៅបែបណាខ្លះ សម្រាប់ក្រុមហ៊ុនរថយន្តនីមួយៗ?

  • Toyota និង Lexus៖ Blind Spot Monitor
  • Honda និង Acura៖ Blind Spot Information System
  • Nissan និង Infiniti៖ Blind Spot Warning
  • Volkswagen៖ Blind Spot Monitor
  • Audi៖ Audi Side Assist
  • Mercedes-Benz៖ Blind Spot Assist និង Active Blind Spot Assist
  • BMW៖ Active Blind Spot Detection
  • Volvo៖ Blind Spot Information System

អត្ថបទ៖ សេង ឡុង