អ្នកឧកញ៉ា គិត ម៉េង ប្រគល់ប្លង់ដីទៅឱ្យពេទ្យគន្ធបុប្ផាផ្ដាច់មុខ ជួយជីវិតកុមារកម្ពុជារាប់ម៉ឺននាក់

  • 2021-01-24 03:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីនៅកម្ពុជា ពោរពេញដោយចិត្តសប្បុរសធម៌ បានបរិច្ចាគដី ១កន្លែង មានទំហំ ១,៣៧២ម៉ែត្រការ៉េ មានតម្លៃជាង ៨ លានដុល្លារ នៅជិតវត្តភ្នំរាជធានីភ្នំពេញ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈសម្តេចតេជោ ហ៊ុន សែន ត្រូវបានកាត់ប្លង់រឹងធ្វើជាកម្មសិទ្ធិរបស់មូលនិធិគន្ធបុប្ផា រួចរាល់ហើយ ។ នេះជាមហាទឹកចិត្តដ៏ធំធេងបំផុតមិនអាចកាត់ថ្លៃបានរបស់អ្នកឧកញ៉ា គិត ម៉េង ប្រៀបបានទៅនឹងការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា រាប់ម៉ឺននាក់ ឱ្យទទួលបានព្យាបាលឥតគិតថ្លៃពីមន្ទីរពេទ្យដ៏ធំ និងជាពេទ្យដ៏ជំនាញ ដែលពលរដ្ឋខ្មែរបានហៅថា «ពេទ្យទេវតា» ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការអ្នកឧកញ៉ា គិត ម៉េង បានរៀបរាប់ថា៖ «ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានប្រគល់ដីទំហំ ១,៣៧២ ម៉ែត្រការ៉េ ជូនមូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិរបស់មន្ទីរពេទ្យគន្ធបុប្ផាដូចដែលបានថ្លែងក្នុងពិធីពិសាបាយសាមគ្គីកាលពីល្ងាចថ្ងៃទី ១០ ខែមេសាឆ្នាំ ២០១៨ ។ ហើយថ្ងៃនេះផងដែរ ខ្ញុំមានសេចក្តីសោមនស្សខ្លាំងណាស់ ដែលទទួលដំណឹងជាផ្លូវការអំពីការផ្ទេរកម្មសិទ្ធិដោយស្របច្បាប់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាប្រកបដោយជោគជ័យ» ។

អ្នកឧកញ៉ា បន្តថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថាសកម្មភាពនេះ នឹងចូលរួមយ៉ាងសំខាន់ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាការផ្តួចផ្តើមឡើងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់ការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការទ្រទ្រង់សុខភាពសាធារណៈនៅកម្ពុជា និង ពង្រឹងតួនាទីដ៏យូរអង្វែងរបស់ខ្លួនក្នុងនាមជាអ្នកជួយសង្គ្រោះជីវិតកុមាររាប់លាននាក់ ។ ខ្ញុំជឿជាក់ថាការចូលរួមយ៉ាងសកម្មរបស់អ្នកទាំងអស់គ្នានៅក្នុងសកម្មភាពមនុស្សធម៌នេះនឹងជួយគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដើម្បីបន្តបង្កើតក្តីសង្ឃឹម និងអនាគតដ៏ត្រចះត្រចង់សម្រាប់កុមារកម្ពុជាជាដរាបទៅមុខ» ៕

អត្ថបទថ្មី